នេះមិនត្រឹមតែបង្កើតរបរចិញ្ចឹមជីវិតប្រកបដោយចីរភាពនៅហ្នឹងស្រុកកំណើតរបស់ពួកគេប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការអភិរក្សអត្តសញ្ញាណជនជាតិ និងនាំរូបភាពនៃតំបន់ខ្ពង់រាបនេះឱ្យកាន់តែខិតជិតភ្ញៀវទេសចរទាំងជិតនិងឆ្ងាយទៀតផង។

ស្ថិតនៅកណ្តាលជួរភ្នំថ្ម និងព្រៃឈើបៃតង Lam Thuong មានសម្រស់ធម្មជាតិដ៏រហោស្ថាននិងសុខសាន្ត។ ភូមិនានារបស់ជនជាតិ Tay និង Dao ជាមួយនឹងផ្ទះឈើផុតពីដី និងផ្ទះដីប្រពៃណី ដែលស្ថិតរាយប៉ាយនៅក្បែរវាលស្រែ បង្កើតជាបរិយាកាសសុខដុមរមនា និងស្និទ្ធស្នាល។ នៅជុំវិញភូមិមានរូងភ្នំ អូរ និងទឹកជ្រោះ ដែលនៅតែរក្សាបាននូវសម្រស់ដ៏រហោស្ថាន រួមជាមួយនឹងផ្លូវតូចៗនាំទៅដល់ភូមិកាន់តែងាយស្រួល។ ល្បឿនជីវិតយឺតៗ ដែលភ្ជាប់នឹងផលិតកម្មនិងសកម្មភាពវប្បធម៌ប្រចាំមូលដ្ឋាន បានក្លាយជាចំណុចដ៏ទាក់ទាញពិសេសមួយសម្រាប់អ្នកទេសចរដែលមកទស្សនាតំបន់នេះ។

ដោយមើលឃើញពីគុណសម្បត្តិនេះ លោក Hoang Van Trang កើតនៅឆ្នាំ ១៩៩២ ជាជនជាតិ Tay មកពីភូមិ Kheo Leng ឃុំ Lam Thuong (ខេត្ត Lao Cai) បានសម្រេចចិត្តខ្ចីដើមទុនដើម្បីជួសជុលផ្ទះឈើផុតពីដី និងបរិវេណឡើងវិញ ដោយមានបំណងចង់អភិវឌ្ឍន៍ទេសចរណ៍សហគមន៍។ នៅឆ្នាំ ២០២៣ បន្ទាប់ពីជំនះលើការលំបាកជាច្រើន គំរូ "Tay Homes" ដែលសាងសង់លើផ្ទះឈើប្រពៃណីរបស់គ្រួសារលោក ត្រូវបានបង្កើតឡើង។ ដោយមានផ្ទៃដីជិត ១០០០ ម៉ែត្រការ៉េ វាបានចាប់ផ្តើមទាក់ទាញភ្ញៀវទេសចរក្នុងស្រុកនិងបរទេស។ ជាមួយគ្នានោះ លោកបានចូលរួមក្រុមប្រឹក្សាគ្រប់គ្រងទេសចរណ៍សហគមន៍របស់ឃុំ ឆ្ពោះទៅរកការកសាងភូមិទេសចរណ៍ដែលបំពេញតាមស្តង់ដារអាស៊ាន ព្រមទាំងបានបង្កើតក្រុមសិល្បៈយុវជនផងដែរ។ ការសម្តែងចម្រៀង Then និងឧបករណ៍ភ្លេងជនជាតិបានក្លាយជាចំណុចលេចធ្លោសម្រាប់អ្នកទេសចរ។ លោក Hoang Van Trang បានចែករំលែកថា៖

“សេចក្តីរីករាយបំផុតក្នុងការធ្វើទេសចរណ៍គឺអាចផ្សព្វផ្សាយ និងឧទ្ទេសនាមស្រុកកំណើត Lam Thuong របស់ខ្ញុំ ទៅកាន់ភ្ញៀវទេសចរមួយចំនួនធំ ដើម្បីក្លាយជាទឹកដីថ្មីមួយដែលមានឈ្មោះនៅលើផែនទីទេសចរណ៍វៀតណាម។ ខ្ញុំក៏សង្ឃឹមផងដែរថា នៅពេលខាងមុខ នឹងមានគោលនយោបាយជាច្រើនទៀតដើម្បីជួយឧបត្ថម្ភគ្រួសារដែលធ្វើទេសចរណ៍សហគមន៍ ដើម្បីឱ្យអ្នកធ្វើទេសចរណ៍មិនវិជ្ជាជីវៈដូចខ្ញុំ អាចទទួលបានវគ្គបណ្តុះបណ្តាលបន្ថែមទៀតនៅក្នុងវិស័យទេសចរណ៍សហគមន៍”។

រួមជាមួយលោក Trang យុវជនជាច្រើននៅក្នុងភូមិ Kheo Leng ក៏កំពុងអភិវឌ្ឍន៍ទេសចរណ៍សហគមន៍យ៉ាងក្លាហានផងដែរ។ នៅឆ្នាំ ២០២៤ អ្នកស្រី Hoang Thi Ngot កើតនៅឆ្នាំ ១៩៩៤ និងប្ដីរបស់អ្នកស្រី បានផ្លាស់ប្តូរទៅការអភិវឌ្ឍន៍សេវាកម្មទេសចរណ៍ហូមស្ទេ នៅហ្នឹងផ្ទះឈើផុតពីដីរបស់គ្រួសារ ដោយដំបូងឡើយមានបន្ទប់ចំនួន ៣ និងរួមផ្សំជាមួយដំណើរកម្សាន្តឆ្លងកាត់បទពិសោធន៍។ នៅឆ្នាំ ២០២៥ ផ្ទះហូមស្ទេនេះបានទទួលភ្ញៀវដំបូង។ បច្ចុប្បន្ននេះ គ្រួសាររបស់អ្នកស្រី Ngot ទទួលភ្ញៀវរាប់សិបនាក់ជារៀងរាល់ខែ ដោយរៀបចំដំណើរកម្សាន្តឆ្លងកាត់បទពិសោធន៍ជាច្រើនដូចជា៖ ដើរទស្សនាជុំវិញភូមិនានា ប្រមូលផលស្រូវ ដាំស្រូវ ត្បាញមួក ជ្រលក់ពណ៌ធ្លះ ចម្អិនអាហារ និងជួបប្រាស្រ័យសិល្បៈ... អ្នកស្រី Ngot ក៏ចំណាយពេលរៀនភាសាអង់គ្លេសដើម្បីទំនាក់ទំនងកាន់តែប្រសើរជាមួយភ្ញៀវទេសចរបរទេស។

“ខ្ញុំគិតថា ភ្ញៀវទេសចរម្នាក់ៗមានចំណងចំណូលចិត្តរៀងៗខ្លួន។ អ្នកខ្លះចូលចិត្តផ្ទះធំទូលាយ; អ្នកខ្លះសប្បាយចិត្តដែលមានផ្ទះដ៏ស្រស់ស្អាត និងប្រណីត; ហើយអ្នកខ្លះទៀតមានអារម្មណ៍រីករាយនៅពេលដែលពួកគេរកប្រាក់បានច្រើន។ ប៉ុន្តែសម្រាប់ខ្ញុំ នៅពេលធ្វើទេសចរណ៍ ខ្ញុំមិនត្រឹមតែរកប្រាក់ចំណូលប៉ុណ្ណោះទេ ថែមទាំងអាចនិយាយ និងត្រូវបានមនុស្សគ្រប់គ្នាស្តាប់ផងដែរ។ នោះធ្វើឱ្យខ្ញុំមានអារម្មណ៍ថា តម្លៃរបស់ខ្លួនត្រូវបានលើកកម្ពស់។ ការប្រាស្រ័យទាក់ទងជាមួយមនុស្សជាច្រើនបានផ្លាស់ប្តូរទស្សនៈរបស់ខ្ញុំអំពីជីវិតតាមទិសដៅវិជ្ជមានជាងមុន។ ដូច្នេះ ខ្ញុំប្តេជ្ញាបន្តអាជីពក្នុងវិស័យទេសចរណ៍នេះ”។

ឃុំ Lam Thuong ទាំងមូលបច្ចុប្បន្នមានគំរូទេសចរណ៍សហគមន៍ចំនួន ៦ ដែលក្នុងនោះគំរូចំនួន ៥ ត្រូវបានគ្រប់គ្រងដោយយុវជន ដោយផ្តោតលើកន្លែងស្នាក់នៅ បទពិសោធន៍វប្បធម៌ និងធម្មជាតិ។ ជាមធ្យម ផ្ទះហូមស្ទេនីមួយៗ ទទួលភ្ញៀវទេសចរប្រហែល ៥០ ក្រុមក្នុងមួយខែ ដែលបង្កើតប្រាក់ចំណូលប្រហែល ២០០ លានដុង (៤.០០០ ដុល្លារអាមេរិក)។ ទេសចរណ៍សហគមន៍មិនត្រឹមតែនាំមកនូវប្រាក់ចំណូលប៉ុណ្ណោះទេ ថែមទាំងបង្កើតការងារតាមរយៈសកម្មភាពសម្តែង មគ្គុទេសសម្រាប់ដំណើរកម្សាន្ត និងការផ្គត់ផ្គង់ផលិតផលប្រចាំមូលដ្ឋានដូចជា៖ ទំពាំងឫស្សី ទា និងត្រី ដែលរួមចំណែកដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។ រួមដំណើរជាមួយយុវជន សម្ព័ន្ធយុវជនឃុំ Lam Thuong បានអនុវត្តន៍សកម្មភាពគាំទ្រជាច្រើនដូចជា៖ ការរៀបចំវគ្គបណ្តុះបណ្តាលស្តីពីសហគ្រិនភាព និងជំនាញទេសចរណ៍; ការគាំទ្រក្នុងការទទួលបានប្រាក់កម្ចីអនុគ្រោះ; ចលនាសមាជិកសម្ព័ន្ធយុវជនតុបតែងទេសភាព និងសម្អាតបរិស្ថាន; កសាងក្រុមសិល្បៈដើម្បីបម្រើភ្ញៀវទេសចរ; ផ្សព្វផ្សាយរូបភាពមូលដ្ឋានលើវេទិកាឌីជីថលដូចជា fanpage និងឆានែល YouTube "យុវវ័យឃុំ Lam Thuong"... អ្នកស្រី Hoang Thi Det លេខាសម្ព័ន្ធយុវជនឃុំ Lam Thuong បានឲ្យដឹងថា៖

“នាពេលខាងមុខ សម្ព័ន្ធយុវជនឃុំនឹងបន្តកែលម្អគុណភាពធនធានមនុស្សវ័យក្មេងក្នុង
វិស័យទេសចរណ៍ ជំរុញខ្លាំងការផ្លាស់ប្តូរឌីជីថលក្នុងការផ្សព្វផ្សាយ ការតភ្ជាប់ និងការចម្លងគំរូដែលមានប្រសិទ្ធភាព ជាពិសេសជាមួយនឹងគំរូឆ្នើមៗនៅក្នុងភូមិ Kheo Leng។ ក្នុងពេលជាមួយគ្នានោះ លើកកម្ពស់តួនាទីជាស្ពានតភ្ជាប់ធនធាន ដោយបង្កើតលក្ខខណ្ឌសម្រាប់យុវជនចាប់ផ្តើមអាជីវកម្ម និងបង្កើតអាជីពនៅហ្នឹងស្រុកកំណើតរបស់ខ្លួន”។

ពីផ្ទះឈើប្រពៃណីរហូតដល់ផ្ទះដី យុវជនជនជាតិភាគតិចនៅឃុំ Lam Thuong ខេត្តឡាវកាយ កំពុងប្រែក្លាយសក្តានុពលទៅជាឱកាសសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាបណ្ដើៗ។ គំរូទេសចរណ៍សហគមន៍ ទោះបីជាទើបតែបង្កើតថ្មីក៏ដោយ ប៉ុន្តែបានរួមចំណែកដល់ការអភិរក្សអត្តសញ្ញាណវប្បធម៌ បើកចេញទិសដៅប្រកបដោយចីរភាពសម្រាប់យុវជននៅតំបន់ខ្ពង់រាប និងកសាងស្រុកកំណើត Lam Thuong ឲ្យកាន់តែរីកចម្រើន៕