ភាពទាក់ទាញពិសេសនៃការប្រឡងមិនស្ថិតនៅក្នុងការប្រកួតប្រជែងប៉ុណ្ណោះទេ ប៉ុន្តែស្ថិតនៅក្នុងចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅ។ តាមរយៈការសម្តែងរបស់អ្នកចូលរួមការប្រឡង ភាសាវៀតណាមលែងជាភាសាបរទេសទៀតហើយ ប៉ុន្តែបានក្លាយជាមធ្យោបាយមួយដើម្បីស្រឡាញ់ ស្វែងយល់ និងចែករំលែក។ ចាប់ពីការសម្តែង Đan Bau ដ៏ពីរោះរណ្តំ និងល្ខោនអាយ៉ងស្រមោលសម្តែងរឿងព្រេងនិទាន រហូតដល់រឿងរ៉ាវអំពីទឹកត្រីភូកុក និងទំនៀមទម្លាប់រស់នៅក្នុងគ្រួសារវៀតណាម - ទាំងអស់នេះ បានលាយបញ្ចូលគ្នាក្លាយជាផ្ទាំងគំនូរវប្បធម៌ដែលធ្លាប់ស្គាល់ផង និងថ្មីថ្មោងផង។
មនុស្សវ័យក្មេងដែលចូលរួមការប្រឡង មកពីសាកលវិទ្យាល័យចំនួនប្រាំបី នៅប្រទេសថៃដែលមានកម្មវិធីបង្រៀនភាសាវៀតណាម ដូចជា៖ Chulalongkorn, Thammasat, Srinakharinwirot, Naresuan, ChiangMai… (ជូឡាឡុងកន ធម្មសាត ស្រីណាខារីនវិរោត ណារសួន និងឈៀងម៉ៃ) - គឺជាសក្ខីភាពដ៏រស់រវើកនៃចំណងមិត្តភាពវៀតណាម-ថៃ។ និស្សិតថៃអាចច្រៀងចម្រៀងវៀតណាមដោយមានអារម្មណ៍ដូចនឹងអ្នកនិយាយភាសាកំណើត ឬពាក់អាវផាយ ហើយសម្តែងការប្រឡងជាភាសាវៀតណាមដោយទំនុកចិត្ត - នេះមិនត្រឹមតែជាការសិក្សារៀនសូត្រប៉ុណ្ណោះទេ ប៉ុន្តែជាការយល់ចិត្តគ្នាខាងវប្បធម៌យ៉ាងជ្រាលជ្រៅផងដែរ។ នៅពេលដែលភាសាមួយត្រូវបាននិយាយចេញពីបេះដូង វានឹងយកឈ្នះលើរាល់ឧបសគ្គទាំងអស់។ ដូច្នេះហើយ ភាសាវៀតណាមបានក្លាយជាភាសាដ៏ជិតស្និត និងមានសារៈសំខាន់យ៉ាងខ្លាំងនៅក្នុងជីវភាពប្រចាំថ្ងៃ ហើយនឹងមានវត្តមានជានិច្ច នាពេលអនាគតសម្រាប់និស្សិតថៃជាច្រើន៖ «ខ្ញុំឃើញថា ប្រជាជនវៀតណាម និងថៃមានភាពស្រដៀងគ្នាខ្លាំងណាស់ សុទ្ធតែមានចិត្តល្អដូចគ្នា។ បន្ទាប់ពីបញ្ចប់ការសិក្សា ខ្ញុំនឹងទៅប្រទេសវៀតណាមដើម្បីបន្តការសិក្សា ហើយបន្ទាប់មកនឹងត្រឡប់មកថៃវិញ ដើម្បីបង្រៀនភាសាវៀតណាមដល់យុវជនថៃជំនាន់ក្រោយ»។
«យើងខ្ញុំសរសេរពាក្យវៀតណាមនៅលើក្រដាស ហើយបន្ទាប់មកប្ដូរវេនគ្នាអាន ដើម្បីឱ្យអ្នករាល់គ្នាស្តាប់និងទាយថា តើការបញ្ចេញសំឡេងត្រឹមត្រូវឬអត់។ ល្បែងនេះពិតជាសាមញ្ញ ប៉ុន្តែសប្បាយខ្លាំងណាស់។ ពេលខ្លះខ្ញុំបញ្ចេញសំឡេងបានត្រឹមត្រូវ ប៉ុន្តែពេលខ្លះទៀតខ្ញុំបញ្ចេញសំឡេងខុស ហើយអ្នករាល់គ្នាសើចក្អាក់ក្អាយ។ ពេលវេលាទាំងនេះ ធ្វើឱ្យការរៀនភាសាវៀតណាមកាន់តែសប្បាយរីករាយ»។
«ល្បែងនេះមិនត្រឹមតែជួយយើងអនុវត្តការបញ្ចេញសំឡេងប៉ុណ្ណោះទេ ថែមទាំងបង្កើតអនុស្សាវរីយ៍ដ៏ស្រស់ស្អាតជាមួយមិត្តភក្តិនៅក្នុងថ្នាក់រៀនភាសាវៀតណាមទៀតផង»។
សកម្មភាពដូចជា «My Viet Nam Story ២០២៦» បានបង្ហាញពីការផ្លាស់ប្តូរក្នុងរបៀបកសាងទំនាក់ទំនងអន្តរជាតិ។ ទំនាក់ទំនងដែលបង្កើតឡើងនៅក្នុងសាលារៀន តាមរយៈសកម្មភាពនានា ឬដំណើរកម្សាន្តពិសោធន៍... គឺជាខ្សែបូដ៏រឹងមាំបំផុតរវាងប្រទេសទាំងពីរ។ ដូច្នេះហើយ ការសម្របសម្រួលរវាងស្ថានទូតវៀតណាមប្រចាំនៅថៃ និងសាកលវិទ្យាល័យនានា បានបង្កើតជា «បរិយាកាសជួបជុំគ្នា» ពោរពេញទៅដោយអត្ថន័យ ជាកន្លែងដែលភាសាវៀតណាមត្រូវបាននិយាយ វប្បធម៌វៀតណាមត្រូវបានផ្សព្វផ្សាយ និងមិត្តភាពត្រូវបានបង្កើតឡើង។ អ្នកគ្រូ លីញ ជី គ្រូបង្រៀននៅសាកលវិទ្យាល័យជូឡាឡុងកន បានឱ្យដឹងថា៖ «នៅសាកលវិទ្យាល័យជូឡាឡុងកន យើងបានរៀបចំភាសាវៀតណាមជាមុខវិជ្ជាជ្រើសរើសអស់រយៈពេលដ៏យូរមកហើយ។ ការបង្រៀនរបស់យើងមិនត្រឹមតែផ្តោតលើជំនាញភាសាសម្រាប់ការងារនាពេលអនាគតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយនិស្សិតឱ្យយល់កាន់តែច្បាស់អំពីវប្បធម៌ សង្គម និងជីវភាពរស់នៅរបស់ប្រជាជនវៀតណាមទៀតផង។ ដូច្នេះហើយ បរិយាកាសនៅក្នុងថ្នាក់រៀនមានភាពរួសរាយរាក់ទាក់ និងមិនមានសម្ពាធ ហើយសាស្ត្រាចារ្យតែងតែខិតខំជួយនិស្សិតឱ្យធ្វើការប្រាស្រ័យទាក់ទងជាភាសាវៀតណាមដោយភាពជឿជាក់។ ពេលខ្លះ យើងថែមទាំងយកម្ហូបវៀតណាមដូចជា នំអន្សមជ្រុង និងបាញ់ត្រាង មកឱ្យនិស្សិតញ៉ាំជាំមួយគ្នា ឬចែករំលែកអំពីតន្ត្រី និងរឿងរ៉ាវគួរឱ្យចាប់អារម្មណ៍អំពីប្រទេសវៀតណាម។ ហេតុដូច្នេះហើយ ទើបនិស្សិតយល់ថាភាសាវៀតណាមពិតជាគួរឱ្យចាប់អារម្មណ៍ និងកាន់តែមានភាពរីករាយក្នុងការរៀនសូត្រ»។
រយៈពេល ៥០ ឆ្នាំគឺជាដំណើរដ៏វែងមួយសម្រាប់ក្រឡេកមើល ប៉ុន្តែក៏ជាការចាប់ផ្តើមនៃដំណើរថ្មីៗប្រកបដោយក្តីសង្ឃឹមផងដែរ។ ទំនាក់ទំនងវៀតណាម-ថៃសព្វថ្ងៃនេះ លែងត្រូវបានកំណត់នៅត្រឹមក្របខ័ណ្ឌប្រពៃណីទៀតហើយ ប៉ុន្តែកំពុងពង្រីកកាន់តែទូលំទូលាយតាមរយៈភាពច្នៃប្រឌិត នវានុវត្តន៍ និងភាពរីករាយរបស់យុវជនជំនាន់ក្រោយ។ រឿងរ៉ាវដែលត្រូវបានរៀបរាប់ជាភាសាវៀតណាមនៅទីក្រុងបាងកក នឹងមិនត្រឹមតែបញ្ចប់ត្រឹមការប្រកួតប្រជែងនេះប៉ុណ្ណោះទេ ប៉ុន្តែវានឹងបន្តសរសេរក្នុងអនាគត ទាំងនៅក្នុងថ្នាក់រៀន នៅកន្លែងធ្វើការ និងក្នុងទំនាក់ទំនងឆ្លងដែននៃប្រទេសទាំងពីរ៕
