ប្រសិនបើអ្នកស្វែងរកពាក្យថា៖ "រៀនភាសាថៃ" អ្នកនឹងរកឃើញឆានែល TikTok មានឈ្មោះថា Intat Vu របស់លោក Nguyen Long Vu អតីតនិស្សិតនៃមហាវិទ្យាល័យភាសាបរទេស និងជាគ្រូបង្រៀននៅវិទ្យាល័យ Nam Tu Liem ក្នុងទីក្រុងហាណូយ។ ក្រៅពីការបង្រៀនភាសា ថ្នាក់រៀនអនឡាញរបស់លោក Vu នៅលើ TikTok បាន​ធ្វើឡើងជារៀងរាល់ថ្ងៃនៅម៉ោង ១៩៖៣០ ក៏ជាទីកន្លែង​សម្រាប់ចែករំលែករឿងរ៉ាវអំពីវប្បធម៌ ទំនៀមទម្លាប់ និងជីវភាពរស់នៅរបស់ប្រជាជនថៃ​ទៀតផង។ ដោយមានបំណងចង់នាំយក​វប្បធម៌ថៃឱ្យកាន់តែ​ខិតមក​ជិតប្រជាជនវៀតណាម បច្ចុប្បន្ននេះ ឆានែល Intat Vu មានអ្នកតាមដានជាង ៤០០០ នាក់៖ «ខ្ញុំបានជ្រើសរើស TikTok ពីព្រោះ​នេះគឺជាវេទិកាដែល​ងាយស្រួលចូល​ប្រើបំផុតសម្រាប់អ្នកចាប់ផ្តើមដំបូង។ ការសរសេរភាសាថៃគឺ​ពិបាកណាស់​ ប្រសិន​បើ​យើង​ចាប់ផ្តើមជាមួយនឹង​សៀវភៅសិក្សាដោយផ្ទាល់ អាចធ្វើឱ្យមនុស្សជាច្រើនមានអារម្មណ៍ធុញទ្រាន់​។ ដូច្នេះហើយ TikTok គឺដូចជា ‘ចំណុចចាប់ផ្តើម’ ដ៏រីករាយ និងគ្មានសម្ពាធ ដែលជួយឲ្យ​អ្នក​ចូល​មើល​អាច​ស៊ាំនឹងភាសានៅលើទូរស័ព្ទដៃដោយ​ផ្ទាល់ មិនចាំបាច់ព្រួយបារម្ភអំពីពេលវេលា ឬថ្លៃសិក្សា ដូចជាការរៀននៅក្នុងថ្នាក់រៀនបែបប្រពៃណីនោះទេ»។

មិន​ត្រឹម​តែជាថ្នាក់រៀនតាមអ៊ីនធឺណិតប៉ុណ្ណោះទេ ខ្លឹមសារដែលលោកគ្រូ Vu និងអ្នកបង្កើតមាតិកាស្រដៀងគ្នាជាច្រើនកំពុងធ្វើ បានរួមចំណែកដល់ការបង្កើត “ស្ពានឌីជីថល” រវាងប្រជាជនវៀតណាម និងប្រជាជន​ថៃ។ តាមរយៈវីដេអូខ្លីៗអំពីភាសា ការសួរសុខទុក្ខ ម្ហូប​អាហារ និងជីវភាពប្រចាំថ្ងៃ ​អ្នក​រៀនមិនត្រឹមតែរៀនបានចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានឃើញពីភាពជិតស្និទ្ធខាងវប្បធម៌រវាងប្រទេសទាំងពីរ​ទៀត​ផង។ ទាំងនេះ បាន​រួមចំណែកដល់ការ​ជំរុញការផ្លាស់ប្តូរ និងផ្សព្វផ្សាយរូបភាពនៃប្រទេសជាតិ និងប្រជាជនថៃ ឱ្យកាន់តែខិត​ជិតសាធារណជនវៀតណាម ហើយទន្ទឹមនឹងនោះ បាន​បើកចេញឱកាស​អន្តរកម្មទ្វេភាគីផងដែរ ដោយសារតែប្រជាជនថៃក៏អាចចូលប្រើ និងឆ្លើយតបដោ​យផ្ទាល់ផងដែរ។

«ខ្ញុំគិត​ថា ការលេចចេញនូវឆានែលបង្រៀន និងឧទ្ទេសនាមភាសា និងវប្បធម៌ថៃនៅលើបណ្តាញសង្គម​គឺមានប្រយោជន៍ខ្លាំងណាស់។ តាមនោះ ប្រជាជនវៀតណាមអាចរៀនភាសាថៃ និងស្វែងយល់អំពីវប្បធម៌ថៃបានយ៉ាងងាយស្រួល ជាពិសេសតាមរយៈវីដេអូក្លិប​នៅលើ TikTok។ នៅពេលដែលខ្លឹមសារត្រូវបានបង្កើតឡើងយ៉ាងរស់រវើក និងគួរឲ្យ​ទាក់ទាញ អ្នក​មើល​នឹងចងចាំបានយ៉ាងស្រួល និងមានចំណាប់អារម្មណ៍ក្នុងការរៀនភាសា​។ ឆានែល TikTok របស់លោកគ្រូ Vu ក៏ជាឧទាហរណ៍ដ៏​លេចធ្លោមួយផងដែរ មាន​លក្ខណៈកម្សាន្តផង និងនាំមក​នូវចំណេះដឹងដ៏​មានប្រយោជន៍ជាច្រើនអំពីប្រទេសថៃ ជាមួយនឹងខ្លឹមសារដ៏សម្បូរបែប និងចម្រុះផង​»។​

តាមរយៈបណ្តាញសង្គម ប្រជាជនវៀតណាមអាចស្វែងយល់វប្បធម៌ និងប្រជាជនថៃបានយ៉ាងងាយស្រួល។ នេះគឺជាកត្តាសំខាន់ក្នុងការលើក​កម្ពស់ ការយល់ដឹង និងការតភ្ជាប់រវាងប្រទេសទាំងពីរ។ ទោះជាយ៉ាងណាក៏ដោយ ការយល់ដឹងស៊ីជម្រៅអំពីវប្បធម៌គឺជាដំណើរដ៏វែងឆ្ងាយមួយ ដែលទាមទារឱ្យមានការស្រាវជ្រាវជាប្រព័ន្ធបន្ថែមទៀត​។

តាមរយៈបណ្តាញសង្គម រួមជាមួយនឹង​កម្មវិធីសិក្សាជាប្រព័ន្ធ យុវជនវៀតណាមមានឱកាសស្វែងយល់កាន់តែស៊ីជម្រៅអំពីជីវភាពរស់នៅ និងប្រជាជនថៃ តាមនោះ រួមចំណែកលើកកម្ពស់ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន​នៃប្រទេសទាំងពីរតាមរបៀបធម្មតា និងស្និទ្ធស្នាលជាងមុន។ តាមពិតទៅ យុវជនវៀតណាមជាច្រើនកំពុងប្រើប្រាស់វេទិកាឌីជីថលដើម្បីស្វែងយល់ និងចែករំលែកវប្បធម៌ថៃតាមរបៀបផ្ទាល់ខ្លួន ដូចជា Tu Anh និង Gia Huy – សិក្ខាកាមនៅក្នុងថ្នាក់រៀន​របស់លោកគ្រូ​ Vu ដែលកំពុងធ្វើការនៅប្រទេសថៃ៖ «នាង​ខ្ញុំឈ្មោះ Tu Anh មកពី Moc Chau ខេត្ត Son La។ ខ្ញុំជឿជាក់​ថា បណ្តាញសង្គមជួយយើង​ទទួលបានប្រភពចំណេះដឹងដ៏​ចម្រុះ ក្នុងតម្លៃទាប ព្រមទាំងជួយយើង​ឱ្យយល់ដឹងបន្ថែមអំពីវប្បធម៌ថៃ និងកែលម្អការបញ្ចេញសំឡេងតាមរយៈវីដេអូផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីប្រើប្រាស់ភាសាថៃបានយ៉ាង​ល្អក្នុងការសិក្សានិងការងារ អ្នករៀននៅតែត្រូវការកសាងមូលដ្ឋានចំណេះដឹងឱ្យបានរឹងមាំ និងប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយប្រសិទ្ធភាព»។

«ខ្ញុំបាទ​ឈ្មោះ Gia Huy ជាអ្នកឯកទេសបច្ចេកវិទ្យានៅក្រុម​ហ៊ុនប្រឹក្សាយោបល់បច្ចេកវិទ្យា​ Center នៅប្រទេសថៃ។ ខ្ញុំបានរួមបញ្ចូលការរៀនវេយ្យាករណ៍ ជាមួយថ្នាក់រៀនតាមអ៊ីនធឺណិត និងការសិក្សាដោយខ្លួនឯងតាមរយៈឧបករណ៍ឌីជីថលដូចជា App, YouTube និងបណ្តាញសង្គមដើម្បីបង្កើន​វាក្យ​សព្ទរបស់ខ្លួន។ តាមរយៈបណ្តាញសង្គម ខ្ញុំមិនត្រឹមតែរៀន​វាក្យសព្ទប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរបៀបដែលជនជាតិថៃបញ្ចេញមតិ ប្រើពាក្យស្លោក និងក្តាប់ជាប់នូវនិន្នាការដែលកំពុង​លេចធ្លោ។ ជាពិសេសនៅពេលបង្កើតមាតិកាសម្រាប់ TikTok របស់ខ្ញុំគឺ «ញាំបាយនៅថៃ» ខ្ញុំក៏បានរៀនពីរបៀបធ្វើអន្តរកម្មដោយផ្ទាល់ជាមួយទស្សនិកជនក្នុងស្រុក តាមនោះ ខ្ញុំអាចកែលម្អប្រតិកម្មនៃការប្រស្រ័យទាក់ទងគ្នាឱ្យបានរលូន»។​

យើងអាចមើលឃើញថា យុគសម័យឌីជីថលមិនត្រឹមតែបើកចេញ​ឱកាសសិក្សាប៉ុណ្ណោះទេ ថែមទាំងបង្កើត "ស្ពានទន់" ដែលតភ្ជាប់វប្បធម៌វៀតណាម និងវប្បធម៌ថៃ​ទៀត​ផង។ តាមរយៈភាសា និងវេទិកា​ឌីជីថល ការផ្លាស់ប្តូរ​រវាងប្រជាជននិងប្រជាជនកំពុងកើតឡើងដោយរលូន បន្តបន្ទាប់ និងកាន់តែស៊ីជម្រៅ តាមនោះ រួមចំណែកដល់ការពង្រឹងការយល់ដឹង ការតភ្ជាប់ និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការប្រកបដោយចីរភាពរវាងប្រទេសទាំងពីរនៅក្នុងបរិបទនៃការធ្វើ​សមាហរណកម្មនា​បច្ចុប្បន្ន៕​