ខ្សែរថភ្លើងឡាវ-វៀតណាម ចាប់ផ្តើមនៅទីក្រុងវៀងចន្ទន៍(ឡាវ) និងបញ្ចប់នៅកំពង់ផែ វូងអាង (វៀតណាម) ដោយ​មានប្រវែង ៥៦២ គីឡូម៉ែត្រ​។ ក្នុង​នោះ កំណាត់ពីទីរួម​ស្រុក ថាខេក ក្នុងខេត្ត​ ខាមួន ភាគកណ្តាលប្រទេសឡាវ ដល់ មូយ៉ា (ខេត្តក្វាងប៊ិញ) នៅ​ព្រំដែនវៀតណាម-ឡាវ មានប្រវែង ១៤៧ គីឡូម៉ែត្រ។ នេះគឺជាគម្រោង​ថ្នាក់ជាតិដែលជួយប្រទេសឡាវឱ្យសម្រេចបាននូវសេចក្តីសម្រេចចិត្ត​លេខ ០៤ របស់គណៈកម្មាធិការ​មជ្ឈិម​បក្ស​ប្រជាជន​បដិវត្តន៍ឡាវ ស្តីពីការកសាងខឿន​សេដ្ឋកិច្ចឯករាជ្យ ខ្លួន​ទីពឹងខ្លួន និង​ជាពិសេស​គឺគោលដៅធ្វើសមាហរណកម្ម និងត​ភ្ជាប់ប្រទេសឡាវជាមួយតំបន់ និងពិភពលោក ដោយបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ផលិតកម្ម សេវាកម្ម ពាណិជ្ជកម្ម និងការវិនិយោគ។ គម្រោងផ្លូវរថភ្លើងឡាវ-វៀតណាម​នឹងជួយប្រទេសឡាវផ្លាស់ប្តូរពីប្រទេសដែល«គ្មានសមុទ្រ» ក្លាយ​ទៅជាប្រទេសធ្វើសមាហរណកម្ម និងតភ្ជាប់ ដោយ​ឆ្ពោះ​ទៅ​សមុទ្រ​តាម​រយៈ​កំពង់ផែ វូងអាង (វៀតណាម)។ លោក សាឡឹមសៃ កុម៉ាស៊ីត ឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិ​ដឹកនាំគម្រោងសាងសង់ផ្លូវដែកឡាវ-វៀតណាម បាន​ឲ្យ​ដឹងថា​៖

«គម្រោងផ្លូវរថភ្លើងឡាវ-វៀតណាម គឺជាគម្រោងដ៏សំខាន់មួយក្នុង​ការ​​ធ្វើសមាហរណកម្មរបស់ប្រទេសជាតិ ដែលរួមបញ្ចូលនៅក្នុងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមជាតិរយៈពេល ៥ ឆ្នាំលើកទី១០។ នេះគឺជាគម្រោងដែលរដ្ឋាភិបាលឡាវ និងវៀតណាមគាំទ្រ និងផ្តល់អាទិភាពនៅក្នុងកិច្ចប្រជុំ​គណៈកម្មាធិការអន្តររដ្ឋាភិបាលឡាវ-វៀតណាម ក្នុងឆ្នាំ២០២១។ លើសពីនេះ គម្រោង​ក៏សមស្របនឹងច្រករបៀងសេដ្ឋកិច្ច​ខាងកើត-ខាងលិច តាម​គោល​ការណ៍របស់ឡាវ ក្នុងការផ្លាស់ប្តូរ​ពីប្រទេសដែលគ្មានឆ្នេរសមុទ្រ ទៅជាប្រទេស​ធ្វើ​សមាហរណកម្មជាមួយ​តំបន់ និងអន្តរជាតិ»។

ខ្សែរថភ្លើងនេះ ត្រូវបានរចនាតាមស្តង់ដារ ១,៤៣៥ ម៉ែត្រ ដែលបំពេញតាមស្តង់ដារអន្តរជាតិ និង​​ជួយ​សម្រួលដល់ការតភ្ជាប់ក្នុងតំបន់​។ រថភ្លើងដឹកអ្នកដំណើរត្រូវបានរំពឹងថា នឹងដំណើរការក្នុងល្បឿនជា​អតិបរមា ១៥០ km/h ខណៈ​ដែលរថភ្លើងដឹកទំនិញនឹងមាន​ល្បឿន ៨០ km/h។ ជាមួយនឹងការវិនិយោគសរុបប្រមាណ ៦,៦ ពាន់លានដុល្លារអាមេរិក គម្រោងនេះត្រូវបានរំពឹងថា​ នឹងចាប់ផ្តើមការ​សាងសង់​នៅឆ្នាំ ២០២៦ និង​បើក​ដំណើរការ​ចាប់ពីឆ្នាំ ២០៣០​។ ខ្សែរថភ្លើងវៀងចន្ទន៍-វុងអាង ត្រូវបានរំពឹងថានឹង​រួម​ចំណែកកាត់បន្ថយ​ថ្លៃដឹកជញ្ជូន ជំរុញ​ពាណិជ្ជកម្ម និងបង្កើនការធ្វើសមាហរណកម្មរបស់ឡាវទៅក្នុងទីផ្សារតំបន់ និងពិភពលោក។

មុននោះ សម័យប្រជុំលើក​ទីមួយនៃរដ្ឋសភា​ឡាវ នីតិកាលទី ១០ បាន​អនុម័ត​​​ជាគោលការណ៍​លើ​ការវិនិយោគ និងសាងសង់ខ្សែរថភ្លើងឡាវ-វៀតណាម​។ អញ្ជើញ​ថ្លែងនៅក្នុងសម័យប្រជុំនេះ លោក វីឡៃវង្ស ប៊ូដាខាំ អនុប្រធានរដ្ឋសភាឡាវ បានសង្កត់ធ្ងន់ថា៖

«ចំពោះការអភិវឌ្ឍខ្សែផ្លូវរថភ្លើងឡាវ-វៀតណាម ចាប់ពីទីរួមស្រុក ថាខេក ខេត្ត ខាមួន (ឡាវ) ដល់ច្រកទ្វារព្រំដែន មូយ៉ា (វៀតណាម) គឺអនុវត្តដោយបណ្ដាក្រុមហ៊ុនរបស់ឡាវ តាមទម្រង់ BOT។ ការសាងសង់គម្រោង​នេះ គឺសំដៅតភ្ជាប់ជាមួយវៀតណាម ដែលជាមិត្តយុទ្ធសាស្ត្រ ដើម្បីបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជួយ​សម្រួល ដល់ការដឹកជញ្ជូន និងជួយឱ្យឡាវមានខ្សែផ្លូវឆ្ពោះទៅកាន់សមុទ្រដ៏​ជិតបំផុត តាមរយៈកំពង់ផែ វូងអាង ដើម្បីបើកផ្លូវសម្រាប់នាំទំនិញរបស់ឡាវចេញទៅកាន់ពិភពលោក។ ខ្សែផ្លូវរថភ្លើងឡាវ-វៀតណាម មិនត្រឹមតែជាខ្សែផ្លូវសម្រាប់ធ្វើដំណើរប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសរសៃឈាម​សេដ្ឋកិច្ចដ៏សំខាន់ ដែលជួយលើកកម្ពស់​ឋានៈរបស់ឡាវនៅលើឆាកអន្តរជាតិទៀត​ផង​»។​

ខ្សែរថភ្លើងតភ្ជាប់​វៀតណាម-ឡាវ ពីវូងអាង-មូយ៉ា-ថាខេក-វៀងចន្ទន៍ ត្រូវបានកំណត់ជាគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់មួយក្នុងកិច្ចសហប្រតិបត្តិការវៀតណាម-ឡាវ ដែលរួមចំណែកដល់ការបង្កើតច្រករបៀងដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាព តភ្ជាប់ប្រទេសឡាវជាមួយសមុទ្រខាងកើតដោយផ្ទាល់ តាមរយៈប្រព័ន្ធកំពង់ផែនៅភាគកណ្តាលវៀតណាម។ នេះក៏ជាលទ្ធផលនៃទំនាក់ទំនងសហប្រតិបត្តិការយ៉ាងជ្រាលជ្រៅ ជានិមិត្តរូបនៃចំណងមិត្តភាពដ៏មហិមា សាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងការតភ្ជាប់ជាយុទ្ធសាស្ត្ររវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជន​វៀតណាម-ឡាវ និងឡាវ-វៀតណាម ដែលកាន់តែជិតស្និទ្ធ និងអភិវឌ្ឍកាន់តែស៊ីជម្រៅលើគ្រប់វិស័យ៕​