ជាពិសេស ចំណង​មិត្តភាពដ៏មហិមា សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការ​លើ​គ្រប់​ជ្រុងជ្រោយរវាងវៀតណាម និងឡាវ តែងតែត្រូវបានទទួលមរតក ថែរក្សា ពូនជ្រុំ និងផ្សព្វផ្សាយដោយអ្នកកាសែតជាច្រើនជំនាន់នៃប្រទេសទាំងពីរ តាមរយៈរឿងរ៉ាវដ៏ពិតប្រាកដ និងពោរពេញ​ទៅ​ដោយ​ចំណាប់អារម្មណ៍។ ក្នុងឱកាសខួបលើកទី ១០១ ទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (២១ មិថុនា ១៩២៥- ២១ មិថុនា ២០២៦) សូមអញ្ជើញលោកអ្នក ក្រឡេក​មើលលើដំណើររបស់អ្នកកាសែតវៀតណាម និងសហការីឡាវ ដែលបានរួមគ្នារក្សាស្ពានដ៏រឹងមាំនោះ ជាស្ពាននៃព័ត៌មាន ការយល់ដឹង និងចំណង​មិត្តភាពរវាងប្រទេស​បងប្អូនទាំងពីរ វៀតណាម - ឡាវ​។​

អ្នកកាសែត Nguyen The Nghiep បច្ចុប្បន្នមានអាយុជាង ៨០ឆ្នាំហើយ… ប៉ុន្តែរាល់ពេលដែលលោក​អានកំណាព្យដោយរៀបរាប់ពីអំឡុង​ពេលធ្វើ​ការ​ជាអ្នក​ជំនាញ​នៅ​ប្រទេស​​ឡាវ លោកនៅតែមានអារម្មណ៍រំជួលចិត្ត និងមានមោទនភាពយ៉ាងខ្លាំង​។ ក្នុងនាមជាអ្នក​យកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំ​នៅ​ខេត្តង៉េអាន ចាប់ពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៣ លោកត្រូវបានបញ្ជូនទៅប្រទេសឡាវដើម្បីជួយកសាងទីភ្នាក់ងារសារព័ត៌មានរបស់​ប្រទេសមិត្ត ដោយរួមចំណែកដល់ការបញ្ជូនព័ត៌មានសំខាន់ៗ បម្រើបុព្វហេតុតស៊ូបដិវត្តន៍របស់ប្រជាជននៃប្រទេសទាំងពីរ។ រយៈពេល៣ឆ្នាំមិន​យូរប៉ុន្មាន​ទេ ប៉ុន្តែលោកបានលះបង់អស់មួយ​ជីវិតដើម្បីប្រមូល​និង​ចងក្រងរឿងរ៉ាវនិងព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់ប្រទេសទាំងពីរ រួមទាំងសៀវភៅជាច្រើន​ក្បាល​ដែល​សរសេរអំពីចំណង​​មិត្តភាពវៀតណាម-ឡាវ​ផងដែរ​។ អ្នកកាសែត Nguyen The Nghiep បានរៀបរាប់ថា៖

«​វិទ្យុ​សំឡេងវៀតណាម ទីភ្នាក់ងារសារព័ត៌មានវៀតណាម និងវិទ្យុ Pathet ឡាវ មានទំនាក់ទំនងយ៉ាង​ដ៏ជិតស្និទ្ធ និងមិនអាចកាត់ផ្តាច់បានចាប់ពីឆ្នាំ១៩៥៤ រហូតមកដល់បច្ចុប្បន្ន។ ចាប់តាំងពីឆ្នាំ១៩៥៤ មក អ្នកកាសែត Tran Lam បានជួយឡាវកសាងស្ថានីយ៍វិទ្យុនៅជំរំកុមារ Dong Da។ យើងក៏បានជួយឡាវនៅជិតព្រំដែន Xam Nua របស់​ឡាវ​ផងដែរ​។ ក្រៅពីការផ្សាយ​សំឡេង យើងបានផ្តល់ព័ត៌មានទៅ​វិញទៅមក ដូច្នេះទំនាក់ទំនងមានភាពជិតស្និទ្ធខ្លាំងណាស់។ ក្នុង​អំឡុងឆ្នាំ ១៩៦២-១៩៦៧ នៅពេលដែលអាមេរិកបាន​ទម្លាក់គ្រាប់បែកយ៉ាងខ្លាំង អ្នកជំនាញវៀតណាមបានជួយឡាវផ្លាស់ទីស្ថានីយ៍វិទ្យុទៅកាន់ Nho Quan ខេត្តនិញប៊ិញ ដើម្បីធានា រលក​វិទ្យុមិនមានការអាក់ខាន»​

ក្នុងអំឡុងពេលនោះ ដោយមានការគាំទ្រពីអ្នកជំនាញឡាវ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ១៩៥៤ កម្មវិធីវិទ្យុជាភាសាឡាវរបស់វិទ្យុ​សំឡេងវៀតណាមបានចាប់ផ្តើមផ្សាយជាផ្លូវការ។ ដោយមានស្មារតីជួយមិត្តគឺជួយខ្លួនឯង មន្ត្រីនិងអ្នកជំនាញវៀតណាមក៏បានខិតខំយកឈ្នះលើការលំបាកនិងបញ្ហាប្រឈមទាំងអស់ ដើម្បីបន្តកសាងកម្មវិធីវិទ្យុជាភាសាវៀតណាម។ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ១៩៦៦ កម្មវិធីវិទ្យុជាភាសាវៀតណាមដំបូងបានចាក់ផ្សាយជាផ្លូវការនៅលើវិទ្យុ Pathet Lao ដែលបច្ចុប្បន្ន​ជាវិទ្យុជាតិឡាវ។

ចាប់ពីលេណដ្ឋានផ្សាយសំឡេង​​ក្រោមដីនៅកណ្តាល​ព្រៃភ្នំ Nho Quan ខេត្តនិញប៊ិញ (វៀតណាម) Phukhe និង​ Sam Nua (ឡាវ) ក្នុងសម័យសង្គ្រាមរហូតដល់ស្ទូឌីយោថតសំឡេងទំនើបនាពេល​បច្ចុប្បន្ន ការផ្សាយព័ត៌មានកិច្ចការបរទេសត្រូវបានចេញ​ផ្សាយដោយឥតឈប់ឈរ រួមចំណែកដល់ការបង្កើនការយល់ដឹង ពង្រឹងទំនុកចិត្តនយោបាយ និងលើកកម្ពស់ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ។ ជាពិសេស កិច្ចសហប្រតិបត្តិការរវាងវិទ្យុសំឡេងវៀតណាម និងវិទ្យុជាតិឡាវ បាន​អភិវឌ្ឍន៍​កាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព។ លោក Vu Hai Quang អគ្គនាយករងវិទ្យុសំឡេងវៀតណាម បានថ្លែងថា៖ «បន្ទាប់ពីការរំដោះនៅឆ្នាំ ១៩៧៥ វិទ្យុសំឡេងវៀតណាមបានជួយមិត្តឡាវក្នុងការ​សាងសង់ស្ថានីយ៍វិទ្យុនៅក្នុងខេត្តសៀងហៃ ខេត្តហួរផាន និងខេត្តបូលីខាំសៃ”។ ចាប់ពីឆ្នាំ ២០០៨ ដល់បច្ចុប្បន្ន តាមរយៈកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគីវៀតណាម-ឡាវ វិទ្យុសំឡេងវៀតណាមបានជួយក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវជារៀងរាល់ឆ្នាំ ជាមួយនឹងគម្រោងនានាដើម្បី​ពង្រឹងហេដ្ឋារចនាសម្ព័ន្ធ កែលម្អសមត្ថភាពផលិតកម្ម និងពង្រីកការគ្របដណ្តប់នៃរល​ក​វិទ្យុ​នៅ​ទូទាំងប្រទេស»​។​

មិនត្រឹមតែក្នុងវិស័យផ្សព្វផ្សាយវិទ្យុប៉ុណ្ណោះទេ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ភ្នាក់ងារព័ត៌មានធំៗនៃប្រទេសទាំងពីរដូចជា ទូរទស្សន៍ ទីភ្នាក់ងារព័ត៌មាន កាសែត​ប្រជាជន; ឬសមាគមអ្នកកាសែតវៀតណាម និងសមាគមអ្នកកាសែតឡាវ… បាន​សម្របសម្រួលរៀបចំសិក្ខាសាលាវិជ្ជាជីវៈ កម្មវិធីបណ្តុះបណ្តាល និងផ្លាស់ប្តូរបទពិសោធន៍ជាប្រចាំ ស្តីពីការផ្លាស់ប្តូរឌីជីថល និងការអនុវត្តបច្ចេកវិទ្យាថ្មីៗក្នុងសកម្មភាពសារព័ត៌មាន។ បន្ទាប់ពីចូលរួមក្នុងវគ្គសិក្សា... ទាក់ទងនឹងការបណ្តុះបណ្តាល និងការអភិវឌ្ឍជំនាញរាយការណ៍អំពីបញ្ហាបរិស្ថាន ដែលរៀបចំឡើងដោយសមាគមអ្នកកាសែតវៀតណាម និងសមាគមអ្នកកាសែតឡាវ ក្នុងខែធ្នូ ឆ្នាំ២០២៥ លោក Vilayvon Siththixay អនុប្រធានការិយាល័យ​ផ្សព្វផ្សាយ នៃនាយកដ្ឋានឃោសនាអប់រំ ខេត្ត Salavan ប្រទេសឡាវ បានថ្លែងថា៖ «នាពេល​កន្លងទៅ កិច្ចសហប្រតិបត្តិការក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ និងសារព័ត៌មានរវាងឡាវ និងវៀតណាម ត្រូវបានសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយនឹងវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈរយៈពេលខ្លី និងរយៈពេលវែងជាច្រើន ការផ្លាស់ប្តូរមេរៀនបទពិសោធន៍ និងកា​រអនុវត្តប្រព័ន្ធផ្សព្វផ្សាយទំនើប បច្ចេកទេសនិងវិធីផលិតអត្ថបទ​ ព័ត៌មាន និងការផ្សព្វផ្សាយឌីជីថល...។ ខ្ញុំគិតថា មានប្រយោជន៍ខ្លាំងណាស់ក្នុងការចូលរួមក្នុងសកម្មភាព​ផ្លាស់​ប្តូរបទពិសោធន៍ ដើម្បី​អនុវត្តមេរៀនរបស់វៀតណាម»​។​

ចាប់ពីការផ្សាយព័ត៌មានក្នុងអំឡុងឆ្នាំសង្គ្រាម រហូតដល់ផលិតផលសារព័ត៌មានពហុវេទិកានៃយុគសម័យឌីជីថលសព្វថ្ងៃនេះ សារព័ត៌មានបដិវត្តន៍វៀតណាមតែងតែអមដំណើរជាមួយ​ការអភិវឌ្ឍទំនាក់ទំនងវៀតណាម-ឡាវ៕​