ស្ពាននៃទំនុកចិត្តជាយុទ្ធសាស្ត្រ

ក្នុងសប្តាហ៍ដំបូងនៃឆ្នាំថ្មី បន្ទាប់ពីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នៅស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា បាន​ប្រព្រឹត្តទៅ "កិច្ចសន្ទនាធុរកិច្ចវៀតណាម-កម្ពុជាឆ្នាំ២០២៦"។ ព្រឹត្តិការណ៍នេះត្រូវបានធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវរដ្ឋ​នៅកម្ពុជារបស់លោកអគ្គលេខា​បក្ស តូ ឡឹម ក្នុងខែកុម្ភៈ ឆ្នាំ២០២៦ ដោយបើកចេញ​ជំពូកថ្មីមួយសម្រាប់ «យន្តការសេដ្ឋកិច្ចថ្មី» ដោយផ្អែកលើផែនការមេសម្រាប់ការតភ្ជាប់សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ រហូតដល់ឆ្នាំ២០៣០។

ថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ លោក ហូ ស៊ីវយ៉ុង អគ្គនាយកនៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្មកម្ពុជា បានសង្កត់ធ្ងន់ថា៖ ក្នុងបរិបទដែលពាណិជ្ជកម្មពិភពលោកមានការប្រែប្រួលជាច្រើន ដោយសារតែភាពតានតឹងភូមិសាស្ត្រនយោបាយ អតិផរណា និងតម្លៃប្រេងឥន្ធនៈកើន​ឡើង​ខ្ពស់ ការពង្រឹងកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់រវាងប្រទេសទាំងពីរគឺមានសារៈសំខាន់ជាងពេលណាៗទាំងអស់។ លោកបានបញ្ជាក់ថា៖ នាពេល​កន្លងមក ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមបានកត់ត្រាកំណើនគួរឱ្យកត់សម្គាល់​។ នេះគឺជា​សក្ខី​ភាពច្បាស់លាស់នៃការប្តេជ្ញាចិត្តយ៉ាងមុតមាំពីថ្នាក់ដឹកនាំជាន់ខ្ពស់​នៃប្រទេសទាំងពីរ ក្នុងការពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ។

សហគ្រាស - កម្លាំងចលករសម្រាប់អន្តរកម្ម និងការ​តភ្ជាប់រវាងប្រជាជននៃប្រទេសទាំងពីរ

សញ្ញាសម្គាល់នៃសហគ្រាសវៀតណាមនៅកម្ពុជា មិនត្រឹមតែស្ថិតក្នុងដើមទុនវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្ថិតនៅក្នុងការទទួលខុសត្រូវសង្គម និងការចូលរួមក្នុង​ជីវភាពប្រចាំថ្ងៃ​របស់ប្រជាជន​ទៀត​ផង។ ឧកញ៉ា ឡេង រិទ្ធី ប្រធានសមាគមធុរកិច្ចវៀតណាម-កម្ពុជា (VCBA) បានចែករំលែកថា សហគ្រាសវៀតណាមបាននិងកំពុងផ្លាស់ប្តូរយ៉ាង​ខ្លាំង ពីសកម្មភាពពាណិជ្ជកម្មសុទ្ធសាធទៅជាកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយក្នុងវិស័យបច្ចេកវិទ្យា កសិកម្មប្រកបដោយចីរភាព និងថាមពលបៃតង។ សាជីវកម្មធំៗរបស់វៀតណាម ឬអង្គភាពវេជ្ជសាស្ត្រដូចជាមន្ទីរពេទ្យ MED១១៥ និងមន្ទីរពេទ្យជោរៃ-ភ្នំពេញ បានក្លាយជាកែរ៍ឈ្មោះធ្លាប់​ស្គាល់​សម្រាប់ប្រជាជនកម្ពុជា ដោយរួមចំណែកយ៉ាងសំខាន់ដល់សុខុមាលភាពសង្គម បង្កើតការងារធ្វើ និង​ជំរុញ​ការអភិវឌ្ឍសេដ្ឋកិច្ច​មូលដ្ឋាន​។ ឧកញ៉ា ឡេង រិទ្ធី ប្រធានសមាគមធុរកិច្ច​វៀតណាម-កម្ពុជា (VCBA) បាន​និយាយ​ថា៖ «អស់រយៈពេលជាច្រើនឆ្នាំមកហើយវៀតណាមតែងតែរក្សាតួនាទីជាដៃគូ​ពាណិជ្ជកម្ម និងវិនិយោគឈានមុខគេនៅកម្ពុជា។ វត្តមានរបស់សាជីវកម្មធំៗដូចជាសារជីវកម្មឧស្សាហកម្មកៅស៊ូវៀតណាម សារជីវកម្ម Thaco សារជីវកម្ម Viettel Group (មិត្ត​ហ្វូន) និងធនាគារធំៗរបស់វៀតណាមដូចជា BIDC ... បានបង្កើតការងារ​ធ្វើ​ដោយផ្ទាល់ និងដោយប្រយោលជាច្រើនសម្រាប់ប្រជាជនកម្ពុជា ដែលរួមចំណែកដល់ចំណងមិត្តភាពដ៏រឹងមាំរវាងប្រជាជននិងប្រជាជន រួមចំណែកដល់ថវិការដ្ឋ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចរវាងវៀតណាម និងកម្ពុជា»។

តួរលេខ «គួរឱ្យចាប់អារម្មណ៍» និងយថាទស្សន៍ចំនួន ២០ ពាន់លានដុល្លារ

ដោយក្រឡេកមើលលើ​ផ្ទាំង​គំនូរសេដ្ឋកិច្ច បច្ចុប្បន្ននេះ វៀតណាម​គឺជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់កម្ពុជាទាំងនៅក្នុងអាស៊ាន និងទូទាំងពិភពលោក ដោយពាណិជ្ជកម្មទ្វេភាគីបានឈានដល់កម្រិតខ្ពស់បំផុតគឺ ១១,៣៣ ពាន់លានដុល្លារអាមេរិក​នៅឆ្នាំ ២០២៥ ទោះបីជាមានការប្រែប្រួលយ៉ាងឆាប់រហ័ស ស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាននៃសេដ្ឋកិច្ចពិភពលោកក៏ដោយ។

សន្ទុះកំណើនត្រូវបានបញ្ជាក់បន្ថែមទៀតនៅក្នុងត្រីមាសទីមួយឆ្នាំ ២០២៦ ដោយទំហំ​ពាណិជ្ជកម្មសរុបសម្រេចបាន ៣,៤៤ ពាន់លានដុល្លារ កើនឡើង ៤,៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ វៀតណាមបាននាំចេញ ១,៤៦ ពាន់លានដុល្លារអាមេរិក​ទៅកាន់កម្ពុជា (កើនឡើង ៧,៤%) និងនាំចូល ១,៩៨ ពាន់លានដុល្លារ (កើនឡើង ២,១%)។ តួលេខទាំងនេះមិនត្រឹមតែជាលទ្ធផលនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហាញពីការបំពេញបន្ថែមឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ ដែលវត្ថុធាតុដើមរបស់កម្ពុជារួមផ្សំជាមួយសមត្ថភាពផលិតកម្មរបស់វៀតណាម ដើម្បីបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយចីរភាព​ទៀត​ផង​។

ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរបានកំណត់គោលដៅដ៏មហិច្ឆតា៖ បង្កើនទំហំ​ពាណិជ្ជកម្មទ្វេភាគីដល់ ២០ ពាន់លានដុល្លារអាមេរិកក្នុងពេលឆាប់ៗនេះ​។ ដើម្បីសម្រេច​បាន​ចក្ខុវិស័យនេះ ឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ជឿជាក់ថា គោលដៅ ២០ ពាន់លានដុល្លារអាមេរិក គឺអាច​សម្រេចបានទាំងស្រុង។ លោកបានលើកទឹកចិត្តដល់សហគ្រាសវៀតណាមឱ្យផ្តោតការ​វិនិយោគ​លើ​វិស័យសំខាន់ៗចំនួន៤ រួមមាន​៖ ការផ្លាស់ប្តូរឌីជីថល ថាមពលកកើតឡើងវិញ កសិកម្មបច្ចេកវិទ្យាខ្ពស់តាមរយៈការកែច្នៃស៊ីជម្រៅនៅថ្នាក់មូលដ្ឋាន ជំនួសឱ្យការនាំចេញវត្ថុធាតុដើម និងវិស័យសេវាកម្ម (ហិរញ្ញវត្ថុ ទូរគមនាគមន៍ ទេសចរណ៍)។ ជាពិសេស ឧកញ៉ា គិត ម៉េង បានធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំថា​៖ «ច្រកទ្វាររបស់កម្ពុជាមិនត្រឹមតែកំពុងបើក​ចំហរប៉ុណ្ណោះទេ ប៉ុន្តែយើងក៏ប្តេជ្ញាធានាភាពជោគជ័យ និងផល​ចំណេញរបស់​សហគ្រាសវៀតណាម​ទៀត​ផង​។ នៅពេលវិនិយោគនៅកម្ពុជា សហគ្រាសមិនត្រឹមតែចូលទៅកាន់ទីផ្សារដែលមានមនុស្ស ១៧ លាននាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឈរនៅ ‘ច្រកទ្វារ’ ទៅកាន់សេដ្ឋកិច្ចពិភពលោកតាមរយៈបណ្តាញដ៏ទូលំទូលាយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដែលយើងបានចុះហត្ថលេខា​ទៀតផង​»

ភាពស៊ីសង្វាក់គ្នារវាងយន្តការគាំទ្ររបស់រដ្ឋាភិបាល និងស្មារតីម្ចាស់ការ របស់សហគមន៍​ធុរកិច្ចគឺជាកម្លាំងចលករក្នុងការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរដល់កម្រិតថ្មីមួយ។ ដោយមានការរួម​ដំណើររបស់រដ្ឋាភិបាល និងការគាំទ្រពីប្រជាជននៃប្រទេសទាំងពីរ សញ្ញាសម្គាល់នៃ​សហគ្រាសវៀតណាមនៅកម្ពុជានឹងបន្តត្រូវបានបញ្ជាក់ ដោយ​ពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងភាពជាអ្នក​ជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​ជ្រុងជ្រោយ និងនិរន្តរភាព​យូរអង្វែងរវាងប្រទេសទាំងពីរ៕​