​ដោយបានឡើងលើឆាកក្នុងស​ម្លៀកបំពាក់ប្រពៃណី និងសំឡេងដ៏រំជួលចិត្ត អ្នកកាសែត Keosone Keola និង Vilakone Chittakone មកពីសមាគមអ្នកកាសែតឡាវ បានទាក់ទាញ​ទស្សនិកជនជាមួយ​នឹង​បទចម្រៀង “Khau nieu sieng khen” ដែលនិពន្ធដោយ Buangan Xaophuvong។ អ្នកកាសែត Keosone Keola បានចែករំលែកថា បទចម្រៀងនេះពោរពេញ​ទៅដោយ​អត្តសញ្ញាណជាតិឡាវ។

«បទចម្រៀងនេះនិយាយអំពីវប្បធម៌ និងទំនៀមទម្លាប់របស់ប្រជាជនឡាវ​។ Khau nieu (បាយដំណើប) គឺជាមុខ​ម្ហូបដែលមិនអាចខ្វះបាននៅក្នុងអាហារប្រចាំ​ថ្ងៃ​របស់​ប្រជាជន​ឡាវ ខណៈដែល “sieng khen ” គឺជាសំឡេងខែន ជាលក្ខណៈវប្បធម៌ដែលឆ្លុះបញ្ចាំងពីជីវភាពខាងស្មារតីដ៏​សប្បាយ​រីករាយ និងសម្បូរបែបរបស់ប្រជាជនឡាវ។ យើងចង់​ឧទ្ទេសនាមអំពី​សម្រស់វប្បធម៌ និងអត្តសញ្ញាណរបស់ប្រជាជនឡាវដល់ប្រជាជនវៀតណាម»​។

តាមរយៈបទចម្រៀងនេះ អ្នកកាសែតឡាវបានបញ្ជូនសារមួយស្តីពីការពង្រឹងការអភិរក្សនិង​ផ្សព្វផ្សាយបេតិកភណ្ឌវប្បធម៌ជាតិ ជាតម្លៃដែលកំពុងទទួលបានការយក​ចិត្តទុក​ដាក់ពីតំបន់ និងពិភពលោក។

ដូចសហការីឡាវផង​ដែរ អ្នកសារព័ត៌មានកម្ពុជាបាននាំមកដល់​កម្មវិធី​នូវស្នាដៃដ៏អស្ចារ្យ​មួយ។ បទចម្រៀង “ពន្លឺនៃអាស៊ីអាគ្នេយ៍” ដែលនិពន្ធ និងសម្តែងដោយអ្នកកាសែត ពុយ គា ប្រធានក្លឹបអ្នកសារព័ត៌មានកម្ពុជា រួមផ្សំជាមួយនឹងរបាំប្រពៃណីដ៏ប្រណិតដោយ​សិល្បករមិន​អាជីព មកពីកាសែតកម្ពុជា​មួយ​ចំនួន​។ បទចម្រៀងនេះ ប្រើប្រាស់ធាតុផ្សំតន្ត្រីប្រពៃណីកម្ពុជាដូចជា ខ្លុយ ស្គរឆាយាំ និងរនាត ដែលបង្ហាញពីមោទនភាពជាតិ និងសេចក្តីប្រាថ្នាសម្រាប់តំបន់អាស៊ីអាគ្នេយ៍ដ៏ភ្លឺស្វាង។ អ្នកកាសែត ពុយ គា បានសម្តែងថា៖ «​បទចម្រៀងនេះមានចំណងជើងថា “ពន្លឺនៃអាស៊ីអាគ្នេយ៍” ដែលមានខ្លឹមសារសំខាន់ៗចំនួនបី។ ទីមួយ ពន្លឺមកពីតំបន់បេតិកភណ្ឌពិភពលោកអង្គរវត្តដ៏ល្បីល្បាញ ជាមួយនឹងបទភ្លេងប្រពៃណី សំដៅឧទ្ទេសនាមវប្បធម៌កម្ពុជាដល់ទស្សនិកជន។ បន្ទាប់មក ពន្លឺបេតិកភណ្ឌនោះ បន្តទៅកាន់ទីក្រុងឆ្នេរសមុទ្រហៃផុង ក្នុងប្រទេសវៀតណាម ជាមួយនឹងពិធីបុណ្យចម្រុះពណ៌ជាច្រើន​។ ជាទីបំផុត ពន្លឺនោះរីកសាយភាយដល់តំបន់អាស៊ានទាំងមូល។ នោះគឺជាពន្លឺនៃក្តីសង្ឃឹម សាមគ្គីភាព និងការអភិវឌ្ឍដ៏រុងរឿងនៃតំបន់ទាំងមូល»​។​

ប្រសិន​បើ​ការសម្តែងរបស់​អ្នក​កាសែតឡាវ និងកម្ពុជាបាន​ធ្វើ​​ឱ្យ​ទស្សនិកជនមាន​អារម្មណ៍រំជួល​ចិត្ត​ ជាមួយ​នឹងបទភ្លេង​លើក​តម្កើង​ស្រុកកំណើត នោះ​ អ្នកកាសែតថៃ Ja-oh Natarpa Phongtipapon បានប៉ះដល់​ចិត្ត​របស់​ទស្សនិកជនជាមួយនឹងសារដ៏ជ្រាលជ្រៅ​​គឺ៖ សេចក្តីស្រឡាញ់ចំពោះអាជីព​សារព័ត៌មាន និងឧត្តមគតិដ៏ថ្លៃថ្នូរ​បស់អ្នកសារព័ត៌មាន។

ជាមួយនឹងបទចម្រៀង "អ្នកធ្វើព័ត៌មាន" ដែលនិពន្ធដោយ Phayong Mukda ​និងសំឡេងច្រៀង​ដ៏ពីរោះរណ្តំ​ អ្នក​កាសែត Ja-oh Natarpa Phongtipapon មិនត្រឹមតែបញ្ជូន​​សារដ៏ស្មោះត្រង់អំពី​អាជីពសារព័ត៌មាន​​ប៉ុណ្ណោះទេ ប៉ុន្តែ​ថែមទាំងបានបង្កើត​ឱ្យ​មានការយល់ចិត្តយ៉ាងជ្រាលជ្រៅ​​ក្នុងចំណោមសហការី​អាស៊ាន​ទៀត​ផង។ មិនថានៅទីណាក៏ដោយ អ្នកកាសែត​សុទ្ធតែ​ចែករំលែក​​អណ្តាតភ្លើងរួមមួយ នោះគឺ៖ ភាពក្លាហានដើម្បីការពិត និងដើម្បីផលប្រយោជន៍របស់ប្រជាជន។ អ្នកកាសែតថៃ Ja-oh Natarpa Phongtipapon បាន​ចែករំលែកថា៖ «យើងខិតខំធ្វើការ​ ហើយមិនខ្លាចការលំបាកទេ ទោះបីជាមានប្រាក់ខែតិចតួចក៏ដោយ។ អ្វីដែលយើងចង់បានគឺដើម្បីបញ្ជាក់ពីការពិត និយាយ​អំពីការពិ​ត​ដល់មនុស្សគ្រប់គ្នានៅក្នុងសង្គម ទោះបីជាហត់នឿយក៏ដោយ ទោះបី​ជាត្រូវយកឈ្នះលើឧបសគ្គ​ជាច្រើនក៏​ដោយ​។ យើងមិនខ្លាចទេ ព្រោះសម្រាប់យើង ឧត្តមគតិគឺសំខាន់បំផុត។ យើងមានកាតព្វកិច្ច​ក្នុងការ​និយាយការពិតដល់ប្រជាជន»​

ជាមួយនឹងការសម្តែងដែលត្រូវបានវាយតម្លៃខ្ពស់ចំពោះតម្លៃ និងសារៈសំខាន់ខាងវប្បធម៌និងសិល្បៈ ដែលរួមចំណែកដល់ចំណុចលេចធ្លោពិសេសនៃរាត្រី​ផ្តាច់ព្រ័ត្រ អ្នកកាសែតមកពីប្រទេសឡាវ កម្ពុជា និងថៃ ត្រូវបានគណៈកម្មការរៀបចំ​ប្រគល់ពាន​រង្វាន់ "ជួប​ប្រាស្រ័យ - រួម​វិភាគទាន - រីកសាយភាយ​"។ ដោយបាន​ ទស្សនាការសម្តែងរបស់អ្នកកាសែតអាស៊ាន តន្ត្រីករ Do Hong Quan ប្រធានសហភាព​អក្សរសាស្ត្រនិងវិចិត្រសិល្បៈវៀតណាម បានធ្វើ​អត្ថាធិប្បាយថា៖ «អ្វីដែលមិត្តបាននាំមក​ដល់ការប្រឡងនេះ គឺសេចក្តីស្រឡាញ់ចំពោះមាតុភូមិ និងមោទនភាពចំពោះបទភ្លេងរបស់ប្រទេស​ខ្លួន តាមរយៈចង្វាក់នៃរបាំឡាំវង់ ឬសម្ភារៈ​តន្ត្រី​ប្រពៃណីផ្សេងទៀត។ តន្ត្រីបានលុបបំបាត់ព្រំដែនភូមិសាស្ត្រ ដែលជួយយើងកាន់តែ​ជិតស្និត​ ហើយតាមនោះ បង្ហាញពីសេចក្តីស្រឡាញ់ចំពោះប្រទេសជាតិ ចំពោះអាជីព​សារព័ត៌មាន និងសេចក្តី​ស្រឡាញ់ចំពោះស​ច្ចភាព​របស់អ្នក​សារព័ត៌មានពិតប្រាកដ»​។

ក្រៅពីការសម្តែងលើឆាក អ្នកកាសែតមកពីប្រទេសឡាវ កម្ពុជា និងថៃក៏បានចូលរួមក្នុងសកម្មភាពជាច្រើនទៀត​ដើម្បីអបអរសាទរខួប ១០១ឆ្នាំនៃសារព័ត៌មានបដិវត្តន៍វៀតណាម​ផងដែរ​។ តន្ត្រី និងសកម្មភាពជាក់ស្តែងនៅទីក្រុងហៃផុង គឺជាស្ពានវប្បធម៌ ដែលជួយ​ឱ្យអ្នក​សារព័ត៌មានអាស៊ានមានឱកាសដើម្បីយល់ដឹងកាន់តែស៊ីជម្រៅអំពីជីវិតសារព័ត៌មានដ៏រស់រវើករបស់វៀតណាម​៕​