ទិកាអនាគតអាស៊ាន គឺជាគំនិតផ្តួចផ្តើមដ៏សំខាន់មួយ ដែលស្នើឡើងនិងអនុវត្តដោយរដ្ឋាភិបាលវៀតណាមចាប់តាំងពីឆ្នាំ២០២៤មក បានទាក់ទាញការចាប់អារម្មណ៍ និងការចូលរួមចំណែកជាវិជ្ជមានពីបណ្តាប្រទេសអាស៊ាន។ ប្រធានបទនៃវេទិកាអនាគតអាស៊ាន ឆ្នាំ២០២៦ គឺ "ស្ថាបនាអនាគតរួមគ្នា៖ សន្តិភាព វិបុលភាព និងយកប្រជាជនជាមជ្ឈមណ្ឌល" ដែលផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងប្រធានបទដែលបានគូសបញ្ជាក់នៅក្នុងចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០៤៥ ក៏ដូចជាបង្ហាញពីអាទិភាពនៃកិច្ចសហប្រតិបត្តិការរបស់អាស៊ានលើសសរស្តម្ភនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងវប្បធម៌សង្គម។
យោងតាមអគ្គលេខាធិការអាស៊ានលោក កៅ គឹមហួន វេទិកានេះកំពុងកសាងកិត្យានុភាព និងម៉ាកយីហោរបស់ខ្លួន ជាកាណាលពិភាក្សាដ៏មានប្រយោជន៍ និងជាក់ស្តែង រួមចំណែកដល់ដំណើរការកសាងគោលនយោបាយ លើកកម្ពស់កិច្ចសហប្រតិបត្តិការ និងពង្រឹងតួនាទីមជ្ឈភាពរបស់អាស៊ាន។ អគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន បានថ្លែងថា៖ “វេទិកាអនាគតអាស៊ាន គឺជាគំនិតផ្តួចផ្តើមដ៏សំខាន់មួយរបស់វៀតណាម ដើម្បីជំរុញការទូតអាស៊ាននៅកម្រិតតំបន់ និងពិភពលោក។ ខ្ញុំគិតថា នេះជាការចូលរួមចំណែកជាវិជ្ជមានដល់អាស៊ាន។ នៅឆ្នាំនេះ វៀតណាមនឹងធ្វើជាម្ចាស់ផ្ទះនៃវេទិកាអនាគតអាស៊ានលើកទី ៣ ដោយបនុ្តភាពជោគជ័យនៃរយៈពេលពីរឆ្នាំមុន គឺឆ្នាំ ២០២៤និង ២០២៥។ យើងត្រូវតែដាក់អាស៊ាននៅលើផែនទីពិភពលោក។ វេទិកាពិសេសនេះគឺជាវេទិកាសំខាន់មួយដែលខ្ញុំគិតថា វៀតណាមកំពុងដើរតួនាទីស្ថាបនារបស់ខ្លួនក្នុងការកែសម្រួលសារយុទ្ធសាស្ត្ររបស់អាស៊ាន”។
លោកអគ្គលេខាធិការ កៅ គឹមហួន បានបញ្ជាក់ថា រូបភាព តួនាទី និងការចូលរួមចំណែករបស់វៀតណាម ក្រោយរយៈពេល ៣០ ឆ្នាំចូលរួមអាស៊ាន ត្រូវបានទទួលស្គាល់និងវាយតម្លៃខ្ពស់។ វៀតណាមជាសមាជិកដ៏សំខាន់ និងសកម្មបំផុតមួយរបស់អាស៊ានចាប់តាំងពីឆ្នាំ១៩៩៥មក។ ការចូលរួមចំណែករបស់វៀតណាមអាចត្រូវបានមើលឃើញក្នុងទិដ្ឋភាពជាច្រើន ដោយចូលរួមចំណែកដល់សន្តិភាព ស្ថិរភាព វិបុលភាព និងដំណើរការធ្វើសមាហរណកម្មក្នុងតំបន់ ក៏ដូចជាក្នុងការកសាងសហគមន៍អាស៊ាន៖ «សេដ្ឋកិច្ចវៀតណាមកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។ នេះជាប្រការ ដែលយើងកោតសរសើរយ៉ាងខ្លាំងចំពោះអ្វីដែលវៀតណាមកំពុងធ្វើ។ ជាមួយនឹងក្បាលម៉ាស៊ីនដឹកនាំថ្មី លោក តូ ឡាំ ត្រូវបានជ្រើសតាំងជាអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម បង្ហាញពីទំនុកចិត្តចំពោះលោក មិនត្រឹមតែពីប្រជាជនវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែខ្ញុំគិតថាតំបន់ និងប្រជាជនជុំវិញពិភពលោកសុទ្ធតែមើលឃើញថា វៀតណាមមានថ្នាក់ដឹកនាំដ៏រឹងមាំ។ ដូច្នេះហើយ យើងទន្ទឹងរង់ចាំបានមើលឃើញតួនាទី និងការរួមចំណែករបស់វៀតណាម ជាពិសេសនៅក្នុងទិដ្ឋភាពផ្សេងៗនៃអាស៊ាន»។
អគ្គលេខាធិការអាស៊ានបានសម្តែងការរំពឹងទុកថា ថ្នាក់ដឹកនាំថ្មីនិងរឹងមាំរបស់វៀតណាមនឹងមានសារៈសំខាន់ចំពោះអាស៊ាន ក្នុងបរិបទដែលតំបន់ទើបបានចាប់ផ្តើមអនុវត្តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ និងផែនការយុទ្ធសាស្ត្ររបស់ខ្លួន។ វៀតណាមនឹងធ្វើការរួមចំណែកយ៉ាងសំខាន់តាមវិធីផ្សេងៗគ្នាចំពោះសហគមន៍សេដ្ឋកិច្ចអាស៊ាន សហគមន៍នយោបាយ-សន្តិសុខអាស៊ាន សហគមន៍វប្បធម៌-សង្គមអាស៊ាន និងវិស័យជាច្រើនទៀត។
ជាលើកដំបូង វេទិកាអនាគតអាស៊ានរួមមានវគ្គពិភាក្សាដាច់ដោយឡែកសម្រាប់កិច្ចសហប្រតិបត្តិការរវាងគណបក្សនយោបាយនៅអាស៊ីអាគ្នេយ៍ ហើយជាលើកដំបូង ដែលវេទិកានេះបានប្រព្រឹត្តទៅសន្និសីទថ្នាក់ដឹកនាំបណ្តាទីក្រុងអាស៊ាន រៀបចំដោយទីក្រុងហាណូយ រួមជាមួយនឹងសកម្មភាពជាបន្តបន្ទាប់ស្តីពីលើអនុតំបន់មេគង្គ យុវជនអាស៊ីអាគ្នេយ៍ និងអភិបាលកិច្ចបញ្ញាសិប្បនិម្មិត។ លោក Ben Matthews អនុប្រធានបេសកកម្មចក្រភពអង់គ្លេសប្រចាំអាស៊ាន និងជាទីប្រឹក្សានយោបាយ-សន្តិសុខ បានកោតសរសើរយ៉ាងខ្លាំងចំពោះសកម្មភាពនានាក្នុងក្របខ័ណ្ឌនៃវេទិកានេះ៖ «ចក្រភពអង់គ្លេស និងអាស៊ានកំពុងធ្វើសកម្មភាពជាច្រើនដើម្បីអបអរសាទរខួបលើកទី ៥ នៃភាពជាដៃគូសន្ទនា។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសវៀតណាមដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រយើងខ្ញុំក្នុងដំណើរការអាស៊ាន។ បេសកកម្មអង់គ្លេសប្រចាំអាស៊ាន សហការជាមួយបណ្ឌិតសភាការទូតវៀតណាម បានរៀបចំសិក្ខាសាលា “ជំនាន់បន្តនៃវេទិកាអនាគតអាស៊ាន ២០២៦”។ លទ្ធផលនៃសិក្ខាសាលានេះក៏នឹងរួមចំណែកដល់វេទិកាអនាគតអាស៊ាន ២០២៦ នៅវៀតណាម ទាក់ទងនឹងរបៀបដែលយុវជនអាស៊ាន និងដៃគូដូចជាចក្រភពអង់គ្លេស គិតអំពីបញ្ហាប្រឈមនាពេលអនាគត និងគាំទ្រអាស៊ានក្នុងការដោះស្រាយបញ្ហាទាំងនេះ»។
វេទិកាអនាគតអាស៊ានឆ្នាំ២០២៦ ក៏ត្រូវបានអ្នកជំនាញ និងអ្នកប្រាជ្ញនៅក្នុងតំបន់រំពឹងថា នឹងចូលរួមវិភាគទានបន្ថែមទៀតនូវទស្សនៈ គំនិតផ្តួចផ្តើម និងអនុសាសន៍គោលនយោបាយជាក់ស្តែងចំពោះដំណើរការកសាងសហគមន៍អាស៊ាន តាមនោះ បញ្ជាក់ពីតួនាទីរបស់វៀតណាម - ជាសមាជិកសកម្ម និងមានទំនួលខុសត្រូវ ដែលរួមវិភាគទានដោយមានការទទួលខុសត្រូវដល់ការងាររួមរបស់តំបន់៕
