គំនូរបួនផ្ទាំងមានច្រើនប្រភេទ ប៉ុន្តែជាទូទៅ វាតំណាងឱ្យរដូវទាំងបួនក្នុងមួយឆ្នាំ៖ រដូវផ្ការីក រដូវក្តៅ រដូវស្លឹកឈើជ្រុះ និងរដូវរងា។ រដូវផ្ការីក មានផ្កាជាច្រើនប្រភេទដូចជាផ្កាអាព្រីខូត ផ្កាម៉ាក់ខៃ និងផ្កាអ័រគីដេ ជាមួយនឹងសត្វស្លាបដែលត្រូវគ្នាគឺសត្វហង្ស។ រដូវក្តៅមានដើមឫស្សី ផ្កាឈូក ផ្កាកុលាប ជាមួយនឹងសត្វស្លាបដែលស្រដៀងគ្នានឹងសត្វគឺ ក្ងោកឈ្មោល។ រដូវស្លឹកឈើជ្រុះ មានផ្កាគ្រីសាន និងផ្កាហ៊ីប៊ីស្កុស ដែលត្រូវគ្នានឹងសត្វមាន់។ រដូវរងា មានដើមស្រល់ ដែលត្រូវគ្នានឹងសត្វក្រៀល។ សិប្បករឆ្នើម លោក លេ ឌីញងៀន បានឲ្យដឹងថា៖
“គំនូរ៤ផ្ទាំង ពិរពណ៌នារដូវទាំង ៤ គឺ រដូវផ្ការីក រដូវក្តៅ រដូវស្លឹកឈើជ្រុះ និងរដូវរងា។ សរុបមក គំនូរ ៤ ផ្ទាំងបង្កប់នូវអត្តសញ្ញាណប្រជាប្រិយ។ គំនូរនេះមានអត្ថន័យជូនពរមនុស្សឲ្យមានអាយុយឺនយូរ គូប្ដីប្រពន្ធរស់នៅជាមួយគ្នាដោយស្មោះត្រង់ សុភមង្គល កូនចៅមិនផុតពូជ បួងសួងសុំឲ្យក្រុមគ្រួសារមានសុខភាពល្អ និងជោគជ័យគ្រប់ប្រការ”។
គំនូរបួនផ្ទាំង ជាធម្មតាត្រូវបានគេប្រើប្រាស់ដើម្បីតុបតែងលម្អផ្ទះនៅពេលបុណ្យតេត និងរដូវផ្ការីកមកដល់។ ផ្ទាំងគំនូរមានពណ៌ភ្លឺឆើតឆាយដែលព្យួរនៅលើជញ្ជាំងឬសសរផ្ទះ ធ្វើឱ្យផ្ទះកាន់តែភ្លឺចែងចាំង និងស្រស់ស្អាត។ ដើម្បីទាក់ទាញភាពរុងរឿងជាអតិបរមា ម្ចាស់ផ្ទះត្រូវព្យួរ គំនូរបួនផ្ទាំង តាមគន្លងច្បាប់៖ រដូវផ្ការីក - រដូវក្តៅ - រដូវស្លឹកឈើជ្រុះ - រដូវរងា ដែលត្រូវនឹង ផ្កាអង្គាសីល - ដើមឫស្សី/ផ្កាឈូក - ផ្កាគ្រីសាន - ផ្កាម៉ូតាន់/ដើមស្រល់។ ទីតាំងដ៏ល្អបំផុតសម្រាប់ដាក់គំនូរបួនផ្ទាំង គឺនៅក្នុងបន្ទប់ទទួលភ្ញៀវ ឬបន្ទប់ធ្វើការ។ នៅលើផ្ទាំងគំនូរនីមួយៗអាចត្រូវបានអមដោយកំណាព្យ ដើម្បីបង្ហាញពីចិត្តសុខសាន្តនិងសេរីភាពរបស់មនុស្ស ឆ្លុះបញ្ចាំងពីគន្លងច្បាប់នៃធម្មជាតិ លើកតម្កើងភាពស្រស់ស្អាត រិះគន់ទម្លាប់អាក្រក់ ឬបង្ហាញពីបំណងប្រាថ្នារបស់មនុស្ស។ វិចិត្រករ និងអ្នកបកប្រែ Trinh Lu បាននិយាយថា៖
“គំនូរបួនផ្ទាំងបង្កប់នូវចំណេះដឹង និងមនោសញ្ចេតនារបស់មនុស្ស។ ដូច្នេះ គំនូរប្រភេទនេះ
មានតម្លៃណាស់ ហើយអាចធ្វើជាអំណោយបាន”។
គំនូរបួនផ្ទាំង បង្ហាញពីចំណេះដឹងពិសេសនៃវប្បធម៌អាស៊ីបូព៌ា៖ តួអក្សរ Bình (瓶 – ថូ) គឺមានការបញ្ចេញសំឡេងដូចគ្នានឹងតួអក្សរ Bình (平 – សុខសាន្ត)។ រូបភាពនៃប្រភេទផ្កា តំណាង
ឲ្យរដូវកាលនីមួយៗ ដែលត្រូវបានដោតយ៉ាងឱឡារិកនៅក្នុងថូដ៏មានតម្លៃចំនួន៤ គឺជាសេចក្ដីជូនពរថា “ពេញរដូវទាំងបួនក្នុងឆ្នាំជួបតែក្ដីសុខសាន្តត្រាណ”។
បច្ចុប្បន្ននេះ សារមន្ទីរវិចិត្រសិល្បៈវៀតណាមកំពុងថែរក្សាស្នាដៃគំនូរប្រជាប្រិយវៀតណាមជិត ២៥០០ ផ្ទាំង។ ក្នុងចំណោមនោះមានប្រភេទគំនូរពេញនិយមជាច្រើនដូចជា៖ គំនូរ Hang Trong គំនូរ Dong Ho គំនូរ Lang Sinh គំនូរ Kim Hoang និងគំនូរបួនផ្ទាំង... លោកបណ្ឌិត Nguyen Anh Minh នាយកសារមន្ទីរវិចិត្រសិល្បៈវៀតណាម បានមានប្រសាសន៍ថា៖
“បច្ចុប្បន្ននេះ សារមន្ទីរវិចិត្រសិល្បៈវៀតណាម កំពុងថែរក្សាគំនូរបួនផ្ទាំងប្រហែល ១០០ ឈុត។ គំនូរបួនផ្ទាំងគឺជាប្រភេទសិល្បៈប្រជាប្រិយដ៏កម្រ និងមានតម្លៃពិសេសរបស់វៀតណាម។ ក្រៅពីតម្លៃសោភ័ណភាព គំនូរប្រភេទនេះ បង្ហាញពីទស្សនវិជ្ជាដ៏ជ្រាលជ្រៅអំពីជីវិតមនុស្ស ដែលពោរពេញទៅដោយសារអប់រំ មនុស្សសាស្ត្រ និងសេចក្តីស្រឡាញ់”។
គំនូរបួនផ្ទាំងត្រូវបានគេពេញនិយមប្រើប្រាស់ដើម្បីតុបតែងលម្អ។ គំនូរបុរាណនីមួយៗត្រូវបាន
ចាត់ទុកថា ជាស្នាដៃសិល្បៈដ៏ពេញលេញ សុខដុមរមនា និងសម្បូរទៅដោយមនោសញ្ចេតនា។
សព្វថ្ងៃនេះ ចំណង់ចំណូលចិត្តនៃការប្រមូលគំនូរបួនផ្ទាំងនៅតែត្រូវបានរក្សា ហើយថែមទាំង
អភិវឌ្ឍន៍លើសម្ភារៈផ្សេងទៀត ដូចជា សេរ៉ាមិច ឈើ និងសំរិទ្ធ។ មិនថាលើសម្ភារៈណាទេ ខ្លឹមសារ និងអត្ថន័យមនុស្សសាស្ត្រដែលបង្ហាញដោយគំនូរបួនផ្ទាំងនៅតែត្រូវបានរក្សាដដែល តាមនោះរួមចំណែកដល់ការបង្កើនតម្លៃវប្បធម៌ប្រពៃណីរបស់ប្រជាជាតិវៀតណាម៕
