ដោយមានបំណងចង់នាំ Cheo ឲ្យកាន់តែខិតជិតយុវជនជំនាន់ក្រោយ ក្រុមនិស្សិតមកពីវិទ្យាស្ថានសារព័ត៌មាននិងឃោសនាការ បានអនុវត្តន៍គម្រោង “បន្លឺបទភ្លេង Cheo”។ គម្រោងនេះមានការរួមដំណើរពីអ្នកជំនាញនៃរោងមហោស្រព Cheo ហាណូយ សំដៅរួមចំណែកដល់ការរីកសាយភាយមនសិកាអភិរក្សអត្តសញ្ញាណវប្បធម៌ជាតិនៅក្នុងសហគមន៍។
គម្រោង “បន្លឺបទភ្លេង Cheo” បានចាប់ផ្តើមនៅខែមេសា ឆ្នាំ ២០២៦ ដោយឆ្ពោះទៅរកការនាំសិល្បៈ Cheo ឲ្យកាន់តែខិតជិតមហាជនវ័យក្មេងតាមរយៈវេទិកាឌីជីថល និងសកម្មភាពទទួលយកបទពិសោធន៍ដោយផ្ទាល់។ សកម្មភាពដ៏លេចធ្លោមួយនៃគម្រោងនេះគឺស៊េរី "Teo រៀន Cheo" ដោយមានការរួមដំណើរពីសិល្បការិនីឆ្នើម Ngoc Anh។ ស៊េរីនេះ កត់ត្រាបទពិសោធន៍របស់មិត្តវ័យក្មេងម្នាក់ជាមួយសិល្បៈ Cheo តាមរយៈការរៀនច្រៀង រៀនបញ្ចេញអារម្មណ៍ និងការជួបប្រាស្រ័យជាមួយសិល្បករ។ គម្រោងនេះផ្តោតលើការឧទ្ទេសនាមខ្លឹមសារខ្លីៗ ដែលងាយទាក់ទងប្រាស្រ័យគ្នានៅលើវេទិកា Facebook និង TikTok។ កញ្ញា Vu Huyen Chi ប្រធានគណៈរៀបចំគម្រោង “បន្លឺបទភ្លេង Cheo” បានឲ្យដឹងថា៖
«ពេលអនុវត្តន៍គម្រោងនេះ យើងទទួលបានការគាំទ្រពីរោងមហោស្រព Cheo ហាណូយ។ ក្រៅពីនោះ សមាជិកក្រុមមានការសម្របសម្រួលគ្នាយ៉ាងល្អ និងបទពិសោធន៍ក្នុងសកម្មភាពទំនាក់ទំនងផងដែរ។ ទោះជាយ៉ាងណាក៏ដោយ យើងក៏បានជួបប្រទះនឹងការលំបាក នៅពេលអនុវត្តន៍ការងារថ្មីៗ។ ជាពិសេសនៅក្នុងការងារទំនាក់ទំនង នៅពេលបង្ហោះនៅលើវេទិកាបណ្ដាញសង្គមផ្សេងៗគ្នា យើងមិនយល់ពីក្បួនដោះស្រាយនៃវេទិកាទាំងនោះទេ ហើយមិនប្រាកដថាកិច្ចខិតខំប្រឹងប្រែងរបស់យើងនឹងមានប្រសិទ្ធភាពឬអត់»។
ក្រោយពីការបង្ហោះរយៈពេលពីរខែ ស៊េរី «Teo រៀន Cheo» ទទួលបានអ្នកចូលមើលរាប់សែននាក់។ ដើម្បីសម្រេចបាននូវលទ្ធផលនោះ សមាជិកនៃគម្រោង «បន្លឺបទភ្លេង Cheo» បានចំណាយពេលពេញមួយខែ ដើម្បីស្វែងរកវិធីនិទានរឿងរ៉ាវអំពីសិល្បៈ Cheo ជាភាសាដែលជិតស្និទ្ធនឹងទស្សនិកជនវ័យក្មេង។ កញ្ញា Vu Huyen Chi បានចែករំលែកថា៖
«បំណងប្រាថ្នាដ៏ធំបំផុតរបស់យើងគឺ មិត្តវ័យក្មេងអាចយល់ឃើញថា Cheo មិនមែនជាទម្រង់សិល្បៈដែលពិបាកមើលនោះទេ។ បន្ទាប់ពីពិចារណាយ៉ាងយកចិត្តទុកដាក់ យើងបានរកឃើញទិសដៅថ្មីមួយ។ ជំនួសឱ្យការចែករំលែកចំណេះដឹងជំនាញ យើងនឹងស្វែងរកវិធីអភិក្រមថ្មី”។
បច្ចុប្បន្ននេះ ស៊េរី «Teo រៀន Cheo» បានចេញផ្សាយចំនួន ៤ ភាគដោយទទួលបានមតិយោបល់វិជ្ជមានជាច្រើន ដែលបង្ហាញពីកម្លាំងរស់នៃសិល្បៈ Cheo នៅពេលមានវិធីអភិក្រហមថ្មី។ យោងតាមសិល្បការិនីឆ្នើម Ngoc Anh មកពីរោងមហោស្រព Cheo ហាណូយ ដែលកំពុងអមដំណើរគម្រោងនេះបានឲ្យដឹងថា ការច្នៃប្រឌិតវិធីអភិក្រម នឹងរួមចំណែកដល់ការរីកសាយភាយតម្លៃនៃល្ខោនប្រពៃណី ព្រមទាំងអនុវត្តន៍គោលដៅអភិរក្ស និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិនៅក្នុងជីវភាពសម័យបច្ចុប្បន្នផងដែរ។
«នេះគឺជាវិធីច្នៃប្រឌិតមួយដើម្បីនាំយកសិល្បៈ Cheo ឲ្យកាន់តែខិតជិតទស្សនិកជន។ ក្រុមអនុវត្តន៍គម្រោងបានប្រើប្រាស់ជំនាញដែលពួកគេបានរៀនក្នុងវិស័យសារព័ត៌មាន និងទំនាក់ទំនង ដើម្បីនាំយកទៅកាន់វេទិកាឌីជីថល ហើយពួកគេធ្វើបានយ៉ាងល្អណាស់និងមានប្រកបដោយប្រសិទ្ធភាពខ្ពស់។ សង្ឃឹមថាគម្រោងបែបនេះនឹងរីកសាយភាយកាន់តែទូលំទូលាយ ដើម្បីឱ្យសិល្បៈប្រពៃណីអាចខិតជិតស្សនិកជនទាំងក្នុងស្រុកនិងអន្តរជាតិ»។
មិនត្រឹមតែបង្ហាញខ្លួនលើលំហអនឡាញប៉ុណ្ណោះទេ គម្រោង "បន្លឺបទភ្លេង Cheo" ក៏បង្កើតឱកាសសម្រាប់សាធារណជនអាច ទទួលយកបទពិសោធន៍អំពីសិល្បៈ Cheo ដោយផ្ទាល់តាមរយៈសកម្មភាពអន្តរកម្មជាមួយនឹងរឿងល្ខោន "បាយដំណើបវេទមន្តមួយដុំ" ដែលបំផុសគំនិតពីបទចម្រៀងប្រជាប្រិយដ៏ល្បីល្បាញ "Thang Bom" ទៀតផង។ ដោយចែករំលែកអារម្មណ៍បន្ទាប់ពីបានទស្សនារឿងល្ខោននេះ មិត្ត Nguyen Sy Doan មកពីទីក្រុងហាណូយបាននិយាយថា៖
«ជាមនុស្សម្នាក់ដែលមិនសូវស្គាល់ Cheo ហើយបានទស្សនាការសម្តែង Cheo ដោយផ្ទាល់ជាលើកដំបូងដែរ បន្ទាប់ពីជ្រមុជខ្លួននៅក្នុងបរិយាកាសនៃរឿងល្ខោន ខ្ញុំមានអារម្មណ៍ថា តម្លៃសិល្បៈរបស់ Cheo មានអត្ថន័យខ្លាំងណាស់។ ខ្ញុំយល់ថា នេះជាទម្រង់សិល្បៈគួរឱ្យចាប់អារម្មណ៍មួយ ដែលខ្ញុំអាចចូលមើល ស្វែងយល់ ក៏ដូចជាថែរក្សាតម្លៃវប្បធម៌ប្រពៃណីរបស់ប្រជាជាតិផងដែរ»។
ចាប់ពីវីដេអូខ្លីៗនៅលើវេទិកាឌីជីថល រហូតដល់ការសម្តែងផ្ទាល់លើឆាក «បន្លឺបទភ្លេង Cheo» បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់យុវជនក្នុងការច្នៃប្រឌិតវិធីអភិក្រមចំពោះ Cheo ដែលធ្វើឱ្យទម្រង់សិល្បៈប្រពៃណីនេះកាន់តែជិតស្និទ្ធក្នុងជីវភាពសម័យទំនើប៕
