ចាប់តាំងពីពេលនោះមក កម្មវិធីជាភាសា Jarai, Ba Na, Se Dang, K’ho, Mnong ក៏ត្រូវបានបង្កើតឡើង និងអភិវឌ្ឍន៍ផងដែរ ហើយបានក្លាយជាស្ពានដែលធ្លាប់ស្គាល់ទៅកាន់សហគមន៍បណ្ដាជនជាតិភាគតិច។ នៅពីក្រោយការផ្សាយជាប្រចាំគឺដំណើរការស្វែងយល់និងសិក្សារៀនសូត្រ ដោយស្ងៀមស្ងាត់របស់ជួរអ្នកយកព័ត៌មាន អ្នកនិពន្ធ អ្នកជំនាញ ជាដើម ដែលរួមចំណែកដល់ការអភិរក្សភាសានិយាយនិងភាសាសរសេររបស់បណ្ដាជនជាតិនៅតំបន់ Tay Nguyen។

អស់រយៈពេល ៣៣ ឆ្នាំកន្លងមក សេចក្ដីស្វាគមន៍នេះបានក្លាយជាសំឡេងដ៏ជិតស្និទ្ធសម្រាប់ប្រជាជនបណ្ដាជនជាតិនៅតំបន់ Tay Nguyen មិនថាពួកគេកំពុងទៅវាលស្រែ ដើរថ្មើជើងតាមផ្លូវ ឬធ្វើដំណើរតាមយានយន្តនោះទេ។ ដោយបានចូលរួមក្នុងការកសាងកម្មវិធីភាសាចារ៉ាយ (Jarai) របស់វិទ្យុសំឡេងវៀតណាមនៅតំបន់ Tay Nguyen តាំងពីដំបូងទីមក អ្នកនិពន្ធ ណៃ ឆែត (Nay Jet)បានចែករំលែកថា នៅពេលចាប់ផ្តើមកម្មវិធីនេះ ពាក្យសម្ដីសន្ទនាប្រចាំថ្ងៃគឺងាយស្រួល ប៉ុន្តែការបង្ហាញពីបញ្ហាទាក់ទងនឹងការអប់រំ សុខាភិបាល វិទ្យាសាស្ត្រ គោលនយោបាយ គឺខ្វះខាតនិងពិបាកខ្លាំងណាស់។ និយមន័យជាច្រើនស្ទើរតែមិនដែលលេចឡើងក្នុងជីវភាពរបស់ប្រជាជននិងភូមិនោះទេ។

“សូម្បីតែឈ្មោះរបស់ស្ថាប័នរដ្ឋាភិបាលនៅថ្នាក់មជ្ឈិម មូលដ្ឋាន ខេត្ត ស្រុក និងឃុំ នៅពេលនោះក៏ជួបការលំបាកជាច្រើន។ ប្រសិនបើយើងបកប្រែវា ភាសាវៀតណាមសកល នឹងស្រូបយករហូតដល់ ៦០%។ នៅពេលនោះ អ្នកស្ដាប់វិទ្យុបានផ្ដល់មតិថា កម្មវិធី ប្រើភាសាវៀតណាមសកលច្រើនពេក។ ដូច្នេះ យើងត្រូវទៅសួរព្រឹទ្ធាចារ្យភូមិ អ្នកប្រាជ្ញ និងសូម្បីតែជនជាតិ Kinh ដែលចេះភាសា Jarai។ ស្គាល់ពាក្យណា យើងសរសេរនៅក្នុងសៀវភៅកត់ត្រាតែម្ដង។ យើងបានកត់ត្រាឈ្មោះប្រមុខរដ្ឋរបស់ប្រទេសជាង ១៨០​ ជុំវិញពិភពលោក រួមជាមួយនឹងតំណែងក្នុងរដ្ឋាភិបាលទាំងអស់”។

លោក ញ៉ាត លីសា (Nhat Lisa) ជាអ្នកនិពន្ធភាសាសេដាំង (Se Dang) បានចែករំលែកថាដើម្បីឱ្យកម្មវិធីផ្សាយសំឡេងជាភាសាជនជាតិភាគតិច អាចរស់នៅក្នុងបេះដូងប្រជាជន វាមិនត្រឹមតែត្រូវការព័ត៌មានសុទ្ធសាធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវអភិរក្សភាសា ចង្វាក់ជីវិត ដង្ហើម និងវប្បធម៌របស់ជនជាតិខ្លួនទៀតផង។

“បទចម្រៀងប្រជាប្រិយ សូរសំឡេងគងឃ្មោះ គឺជាព្រលឹងដ៏ជ្រាលជ្រៅ តែមួយគត់ និងមិនអាចជំនួសបានទេ... តន្ត្រីរស់នៅជានិច្ចនៅក្នុងសសៃឈាមនៃសហគមន៍។ ដូច្នេះ ក្នុងកម្មវិធីផ្សាយជាភាសាជនជាតិភាគតិច តន្ត្រីមិនត្រឹមតែជាធាតុផ្សំដែលជួយឲ្យកម្មវិធីកាន់តែស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាស្ពានដើម្បីបញ្ជូនព័ត៌មានទៅកាន់ប្រជាជនទៀតផង។ នៅពេលដែលភាសាមានភាពត្រឹមត្រូវ ហើយតន្ត្រីមានឥទ្ធិពលគ្រប់គ្រាន់ កម្មវិធីផ្សាយសំឡេង នឹងពិតជាដក់ជាប់ក្នុងបេះដូងរបស់មិត្តអ្នកស្ដាប់”។

ដើម្បីទទួលបានសំឡេងទាំងនោះ នៅពេលទៅបំពេញការងារម្ដងៗ អ្នកនិពន្ធ ញ៉ាត លីសា តែងតែដើររាប់សិបគីឡូម៉ែត្រ ទៅដល់ភូមិដែលមានសិល្បករច្រៀងចម្រៀងប្រជាប្រិយ។

“មានតែនៅក្នុងដំណើរបែបនេះ ទើបខ្ញុំពិតជាយល់ឃើញថា ការអភិរក្សបទចម្រៀង សំឡេងគងឃ្មោះ និងភាសារបស់ជនជាតិ សេដាំង មិនត្រឹមតែទាមទារទេពកោសល្យសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែលើសពីនេះទៅទៀត គឺភាពស្មោះស្ម័គ្រ និងការអត់ធ្មត់។ ខ្ញុំបានរស់នៅដូចកូនឬប្អូនប្រុសម្នាក់​ ដែលត្រឡប់ទៅរកឫសគល់វិញ ទៅវាលស្រែជាមួយបងប្អូន និងផ្ទៀងស្ដាប់ពីជីវភាពរបស់បងប្អូន... មានតែពេលនោះទេ ទើបសិល្បករ បើកចិត្តច្រៀង។ ការថតសំឡេងទាំងនោះ សូម្បីតែលាយសំឡេងអ៊ូអរផ្ទៃខាងក្រោយក៏ដោយ យើងនៅតែខិតខំថែរក្សាសំឡេងដ៏មានតម្លៃនៃព្រៃឈើនោះ ពីព្រោះបើមិនដូច្នោះទេ ថ្ងៃស្អែកបទចម្រៀងទាំងនោះអាចនឹងត្រឹមតែមាននៅក្នុងការចងចាំប៉ុណ្ណោះ”។

សព្វថ្ងៃនេះ ការផ្សាយសំឡេងជាភាសាជនជាតិភាគតិចនៅតំបន់ Tay Nguyen កំពុងត្រូវបានប្រគល់ជូនអ្នកនិពន្ធជំនាន់ក្រោយ បន្តិចម្តងៗ។ ពួកគេមិនត្រឹមតែធ្វើការលើរលកវិទ្យុប៉ុណ្ណោះទេ ថែមទាំងបានចូលទៅក្នុងលំហឌីជីថលទៀតផង។ ទំព័រអ្នកគាំទ្រ គេហទំព័រ វីដេអូខ្លីៗ សៀវភៅទ្វេភាសា ថ្នាក់សហគមន៍ កំពុងក្លាយជា «ដៃពង្រីក» នៃការផ្សាយសំឡេងជាភាសាជនជាតិភាគតិច។ អ្នកនិពន្ធ H’Zawut ធ្វើការនៅកម្មវិធីជាភាសាជនជាតិអេដេ បានចែករំលែកថា ក្រៅពីការងារផ្សាយសំឡេង នាងក៏បានចងក្រងសៀវភៅទ្វេភាសា រៀបចំថ្នាក់រៀន និងសកម្មភាពវិស្សមកាលសម្រាប់កុមារផងដែរ។ អ្វីដែលអ្នកស្រី H’Zawut ខ្វល់ខ្វាយបំផុតនោះគឺ ធ្វើយ៉ងណា ដើម្បីលើកទឹកចិត្តយុវជនជនជាតិអេដេ ឲ្យនិយាយ និងថែរក្សាភាសារបស់ជនជាតិខ្លួន។

“មនុស្សម្នាក់ដែលធ្វើការនៅកម្មវិធីផ្សាយសំឡេងជាភាសាជនជាតិភាគតិច មិនត្រឹមតែមានការទទួលខុសត្រូវថែរក្សាភាសាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង ត្រូវរួមចំណែកធ្វើឱ្យភាសានោះ កាន់តែរស់រវើក និងខិតមកជិតជនរួមជាតិថែមទៀត។ ខ្ញុំផ្ទាល់មានបំណងចង់ប្រើប្រាស់វិជ្ជាជីវៈ និងចំណេះដឹងទាំងអស់របស់ខ្លួន ដើម្បីបង្កើតឱកាសសម្រាប់បងប្អូនជនរួមជាតិ កាន់តែខិតមកជិតនឹងភាសាអេដេ។ ខ្ញុំគិតថា ប្រសិនបើយុវជនជំនាន់បច្ចុប្បន្ន មិនថែរក្សាវាទេ ថ្ងៃណាមួយភាសានឹងគ្រាន់តែជាការចងចាំប៉ុណ្ណោះ។ ខ្ញុំសង្ឃឹមថាភាសាអេដេនឹងមិនត្រឹមតែត្រូវបានថែរក្សាប៉ុណ្ណោះទេ ថែមទាំងត្រូវបានពង្រីកទៀតផង”។

អស់រយៈពេលជាង ៣០ ឆ្នាំមកហើយ អ្នកដែលធ្វើការនៅកម្មវិធីជាភាសាជនជាតិភាគតិចនៃវិទ្យុសំឡេងវៀតណាម បានថែរក្សាភាសាកំណើតរបស់បណ្ដាជនជាតិនៅតំបន់ Tay Nguyen ដោយការស្វែងរកពាក្យនីមួយៗក្នុងចំណោមភូមិនានា។ សព្វថ្ងៃនេះ អ្នកនិពន្ធជំនាន់ក្រោយ បន្តខិតខំថែរក្សាភាសាកំណើតរបស់ខ្លួន នៅលើលំហអ៊ីនធឺណិត។ ដំណើរពីរផ្សេងគ្នា ប៉ុន្តែចែករំលែកសេចក្តីប្រាថ្នារួមមួយដើម្បី សំឡេងនៃតំបន់ Tay Nguyen នឹងបន្លឺឡើងជាមួយសំឡេងវៀតណាមជារៀងរហូត៕