នៅខេត្តខាញ់ហ័រ ប្រាសាទចាមបុរាណឈរជង្រ្គឹង ដ៏ស្ងៀមស្ងាត់តាមពេលវេលា ឥឡូវនេះអាចត្រូវបានសាធារណជនស្គាល់ដល់ តាមរបៀបទំនើបមួយ។

វប្បធម៌ចាមគឺជាផ្នែកមួយដ៏ពិសេសនៃលំហូរវប្បធម៌វៀតណាម។ ប្រការនេះត្រូវបានឆ្លុះបញ្ចាំង
នៅក្នុងប្រព័ន្ធប្រាសាទ និងប៉មបុរាណ សិល្បៈស្ថាបត្យកម្ម និងចម្លាក់ ពិធីបុណ្យ ជំនឿ ភាសាសរសេរ តន្ត្រី សិល្បៈសម្តែង និងរបរសិប្បកម្មប្រពៃណីជាច្រើន។

បេតិកភណ្ឌវប្បធម៌ចាមជាច្រើនបានក្លាយជាគោលដៅទាក់ទាញសម្រាប់ភ្ញៀវទេសចរក្នុងស្រុក និងអន្តរជាតិ ដូចជាប្រាសាទចាមនៅខាញ់ហ័រ ឡឹមដុង យ៉ាឡាយ និងដាក់ឡាក់; តំបន់កេរ្តិ៍ដំណែលមីសឺន; សារមន្ទីរចម្លាក់ចាមទីក្រុងដាណាំង; ភូមិសិប្បកម្មគ្រឿងភាជន៍ បៅជុក និងតម្បាញ មីងៀប។

នៅប្រាសាទ​ ប៉ូក្លងហ្គារ៉ៃ (Po Klong Garai) ដែលជាសំណង់ស្ថាបត្យកម្មចាមដ៏លេចធ្លោមួយនៅ
ក្នុងសង្កាត់ ដូវិញ ខេត្តខាញ់ហ័រ ភ្ញៀវទេសចរពីក្រុមមួយទៅក្រុមមួយទៀត កំពុងយកស្មាតហ្វូន ស្កេនលេខកូដ QR នៅពីមុខប្រាសាទចាមបុរាណនានា។ ប៉ុន្មានវិនាទីក្រោយមកប៉ុណ្ណោះ ព័ត៌មានអំពីប្រវត្តិសាស្ត្រ ស្ថាបត្យកម្ម វត្ថុតាង និងតម្លៃវប្បធម៌នៃកេរ្តិ៍ដំណែលនេះ បានលេចឡើងនៅលើអេក្រង់ទូរស័ព្ទ។ អ្នកស្រី Tai Cong Thuy Diem មគ្គុទ្ទេសក៍ទេសចរណ៍នៅកេរ្តិ៍ដំណែល Po Klong Garai បាននិយាយថា ប្រព័ន្ធលេខកូដ QR កំពុងគាំទ្រដល់សកម្មភាពទេសចរណ៍ និងការស្វែងយល់អំពីបេតិកភណ្ឌប្រកបដោយប្រសិទ្ធភាព។

«លេខកូដ QR គឺសម្រាប់អ្នកទេសចរមកពីគ្រប់ទិសទី នៅពេលមកទីនេះតែម្នាក់ឯង ពួកគេអាចស្កេនលេខកូដ QR ស្តាប់អត្ថាធិប្បាយជាសំឡេង តាមជ្រុងនីមួយៗនៃប្រាសាទ។ នៅពេលស្ដាប់អត្ថាធិប្បាយ ពួកគេអាចមើលឃើញព័ត៌មានដោយផ្ទាល់នៅហ្នឹងកន្លែង ជាមួយនឹងរូបថតបង្ហាញផងដែរ។ យើងអង្គុយនៅទីនេះ ហើយប្រសិនបើភ្ញៀវទេសចរមានសំណួរអ្វីខ្លះ យើងនឹងពន្យល់ឲ្យគេ”។

ការស្កេនលេខកូដ QR ដើម្បីចូលមើលព័ត៌មានអំពីវប្បធម៌ចាម គឺជាវិធីថ្មីមួយក្នុងការរុករតំបន់បេតិកភណ្ឌជាច្រើននៅខេត្ត Khanh Hoa ក្នុងអំឡុងពេលពិធីបុណ្យវប្បធម៌ជនជាតិចាមលើកទី ៦។ លោក Tran Huu Ly ជាអ្នកទេសចរមកពីខេត្ត Gia Lai បានចែករំលែកថា បទពិសោធន៍ថ្មីនេះពិតជាគួរឱ្យចាប់អារម្មណ៍ណាស់៖

“វាងាយស្រួលណាស់នៅពេលដែលខ្ញុំចង់ដឹងព័ត៌មានលម្អិតអំពីប្រាសាទ ប្រវត្តិសាស្ត្រ ឬទេស
ភាព។ ប្រាសាទមួយចំនួននៅក្បែរនេះ ថែមទាំងមានព័ត៌មានច្រើនជាងនេះទៀតដែរ។ ជាមួយនឹងលេខកូដ QR នេះ ទោះបីជាខ្ញុំមិនមានមគ្គុទ្ទេសក៍ទេសចរណ៍ក៏ដោយ ខ្ញុំនៅតែអាចស្វែងយល់បន្ថែមអំពីព័ត៌មានវប្បធម៌ និងប្រវត្តិសាស្ត្របាន”។

លោក Nguyen Chi Thanh អ្នកជំនាញបច្ចេកទេសដែលចូលរួមក្នុងកម្មវិធីនេះ បានចែករំលែក
ថា ក្រៅពីការធ្វើឌីជីថលូបនីយកម្មរូបភាព និងព័ត៌មាន ខេត្ត ខាញ់ហ័រ ក៏បានរួមបញ្ចូលបច្ចេកវិទ្យាការពិតនិម្មិត និងភាសាច្រើនផងដែរ ដែលជួយពង្រីកការស្វែងយល់អំពីបេតិកភណ្ឌសម្រាប់ភ្ញៀវទេសចរក្នុងស្រុក និងអន្តរជាតិ។

“បច្ចុប្បន្ននេះ យើងកំពុងអនុវត្តន៍ភាសាស្នូលចំនួនបួនគឺ ភាសាវៀតណាម អង់គ្លេស រុស្ស៊ី និងចិន ហើយយើងនឹងបំពេញបន្ថែមភាសាចំនួន ៧ ទៅ ១២ ទៀត។ លើសពីនេះ ខ្លឹមសារឌីជីថលនឹងរួមបញ្ចូលព័ត៌មានទាក់ទងនឹងរូបភាព ខណៈដែលលំហការពិតនិម្មិតគឺជាលំហ 3D”។

យោងតាមថ្នាក់ដឹកនាំនៃមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្តខាញ់ហ័រ វេទិកាឌីជីថលសម្រាប់
បេតិកភណ្ឌវប្បធម៌ចាមនឹងរួមចំណែកដល់ការធ្វើឌីជីថលូបនីយកម្មនូវឯកសារ ហើយកសាងឃ្លាំងទិន្នន័យសម្រាប់ការស្រាវជ្រាវ និងផ្សព្វផ្សាយរូបភាពវប្បធម៌ចាម ព្រមទាំងបង្កើតលំហបទពិសោធន៍អនឡាញសម្រាប់អ្នកទេសចរ។ លោកស្រី Thai Thi Le Hang នាយិកាមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្តខាញ់ហ័រ បានមានប្រសាសន៍ថា៖

“មុនពេលពិធីបុណ្យវប្បធម៌ចាមប្រព្រឹត្តទៅ យើងបានសម្រេចការងារនេះរួចរាល់ហើយ។ ការធ្វើឌីជីថលូបនីយកម្មនេះនឹងជួយបង្កើតផលិតផលទេសចរណ៍ដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់អ្នកទស្សនា ដែលអនុញ្ញាតឱ្យពួកគេទទួលបានបទពិសោធន៍តាមរយៈ លំហពិត និងលំហនិម្មិត។ ទីពីរ សម្រាប់អ្នកទេសចរដែលមិនទាន់មានឱកាសទៅទស្សនាផ្ទាល់ ពួកគេក៏អាចទស្សនាតាមរយៈរូបភាពឌីជីថល 3D នេះផងដែរ”។

បច្ចេកវិទ្យាឌីជីថលកំពុងបើកទ្វារមួយបន្ថែមទៀត ដើម្បីជួយសាធារណជនអាចខិតជិតសំណង់
ស្ថាបត្យកម្មដែលមានអាយុកាលរាប់រយឆ្នាំ និង បេតិកភណ្ឌវប្បធម៌ជាច្រើនទៀតរបស់ជនជាតិចាម។ ការផ្លាស់ប្តូរឌីជីថលកំពុងបើកវិធីសាស្រ្តថ្មីៗ ដោយជួយបេតិកភណ្ឌវប្បធម៌ចាមឱ្យលើសពីដែនកំណត់នៃលំហរូបវន្ត និងក្លាយជាធនធានវប្បធម៌ដែលរីកសាយភាយយ៉ាងទូលំទូលាយ។ នេះក៏ជារបៀបដើម្បីរួមចំណែកដល់ការអភិរក្សតម្លៃវប្បធម៌ប្រពៃណី បង្កើតកម្លាំងចលករសម្រាប់ការផ្លាស់ប្តូរឌីជីថលនៅក្នុងវិស័យវប្បធម៌ និងទេសចរណ៍ផងដែរ៕