សិលាចារឹកនីមួយៗត្រូវបានប្រៀបប្រដូចជាទំព័រកំណាព្យ ឬស្នាដៃអក្សរសាស្ត្រមួយ ដែលបង្ហាញពីការអភិវឌ្ឍនៃអក្សរនិងភាសាវៀតណាមបុរាណ ព្រមទាំងក៏ជាលំហូរប្រវត្តិសាស្ត្រដែលឆ្លុះបញ្ចាំងពីទិដ្ឋភាពមួយចំនួននៃជីវភាពក្នុងសម័យសក្តិភូមិនៅប្រទេសវៀតណាមផងដែរ។
ភ្នំ Non Nuoc (មានឈ្មោះផ្សេងមួយទៀតគឺ Dục Thuý Sơn) នៅសង្កាត់ Hoa Lu ខេត្តនិញប៊ិញ ត្រូវបានប្រៀប្រដូចជាសារមន្ទីរអក្សរសាស្ត្របែបធម្មជាតិមួយដែលមិនអាចកាត់ថ្លៃបាន ដោយមានប្រព័ន្ធសិលាចារឹក Ma nhai លាតសន្ធឹងពីជើងភ្នំរហូតដល់កំពូលភ្នំ។ Ma nhai គឺជាអក្សរដែលដាប់ឆ្លាក់លើផ្ទាំងថ្ម។ នៅលើភ្នំ Non Nuoc បច្ចុប្បន្ននៅតែរក្សាទុកសិលាចារឹក Ma nhai ចំនួន ៤៣ ផ្ទាំង។ សិលាចារឹកទាំងនេះមានលក្ខណៈតែមួយគត់ ដែលត្រូវបានឆ្លាក់ដោយផ្ទាល់នៅលើច្រាំងថ្ម និងមានអាយុកាលលាតសន្ធឹងរហូតដល់ ៧ សតវត្ស ជាមួយនឹងរាជកាលចំនួន ៥ ដោយចាប់ផ្តើមពីរាជកាល Tran (សតវត្សទី១៤) រហូតដល់ឆ្នាំទី៩ នៃរាជកាល Bao Dai (ឆ្នាំ ១៩៣៤ សតវត្សទី២០)។ លោក Nasir Uddin ទីប្រឹក្សានៅស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែសប្រចាំនៅវៀតណាម បានឲ្យដឹងថា៖
“សិលាចារឹក Mai nhai ទាំងនេះកំពុងរក្សាសំឡេងរបស់ប្រទេសវៀតណាមអស់រយៈពេល ៧ សតវត្សកន្លងមក។ សិលាចារឹកទាំងនេះមិនមែនគ្រាន់តែជាអត្ថបទឬសំណេរលើថ្មប៉ុណ្ណោះទេ ថែមទាំងឆ្លុះបញ្ចាំងអំពីប្រវត្តិសាស្ត្រ វប្បធម៌ និងប្រពៃណីអក្សរសាស្ត្ររបស់វៀតណាមតាមរយៈរាជវង្សផ្សេងៗគ្នាទៀតផង។ យើងអាចដឹងថា ប្រជាជនវៀតណាមបានត្រិះរិះ រស់នៅ និងបង្ហាញខ្លួនឯងយ៉ាងល្អប្រសើរយ៉ាងដូចម្ដ៉េច ក្នុងអំឡុងពេលសតវត្សទាំងនោះ។ នេះអាចជាប្រភពនៃចំណេះដឹង ការស្រាវជ្រាវ និងការអភិវឌ្ឍទេសចរណ៍ មិនត្រឹមតែសម្រាប់ប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់សហគមន៍អន្តរជាតិទៀតផង។”
ជាមួយនឹងសិល្បៈដុសខាត់ផ្ទៃថ្មដើម្បីឆ្លាក់តួអក្សរ សិលាចារឹក Ma nhai គឺជាការរួមបញ្ចូលគ្នាដ៏សុខដុមរមនានៃអក្សរផ្ចង់និងធម្មជាតិ ជាមួយនឹងលំនាំតុបតែងដ៏ពោរពេញទៅដោយសញ្ញាសម្គាល់ផ្នែកវប្បធម៌របស់ជនជាតិវៀតណាម។ នេះគឺជាប្រភពឯកសារប្រវត្តិសាស្ត្រដែលបង្ហាញពីដំណើរការការផ្លាស់ប្តូរវប្បធម៌រវាងអាស៊ីបូព៌ានិងអាស៊ីអាគ្នេយ៍ ជាមួយនឹងវត្តមាន និងការរួមបញ្ចូលគ្នានៃលទ្ធិខុងជឺ-ព្រះពុទ្ធសាសនា-សាសនាតាវ រួមជាមួយនឹងជំនឿគោរពបូជាព្រះមាតា ៣ អង្គរបស់អ្នកស្រុក។ Ma nhai ក៏ឆ្លុះបញ្ចាំងពីរបបស្រែចំការ ការថែទាំសុខភាពប្រជាប្រិយ និងការជួយសង្គ្រោះសង្គម ជាពិសេសលើកតម្កើងលោកជំទាវមួយចំនួន ដែលមានគុណជួយគាំពារប្រជាជន ជាករណីដែលកម្រប្រទះឃើញនៅក្នុងសង្គមសក្តិភូមិវៀតណាម។ លោក Truong Dinh Tuong ប្រធានសមាគមវិទ្យាសាស្ត្រប្រវត្តិសាស្ត្រខេត្តនិញប៊ិញ បានឲ្យដឹងថា៖
“កន្លែងនេះរក្សាទុកប្រពៃណី ជាពិសេសគឺប្រពៃណីសន្ទនារវាងមជ្ឈដ្ឋានវរជនជាមួយនឹងធម្មជាតិ តាមរយៈកំណាព្យ ហើយបានបន្សល់ទុកការចងចាំនោះសម្រាប់មនុស្សជំនាន់ក្រោយៗ។ តម្លៃរបស់ Dục Thuý Sơn មិនត្រឹមតែស្ថិតនៅក្នុងអត្ថបទដែលត្រូវបានឆ្លាក់នៅលើថ្មប៉ុណ្ណោះទេ ថែមទាំងស្ថិតនៅក្នុងដំណើរការដែលមនុស្សជំនាន់ជាច្រើនបានរួមគ្នាសរសេរ វីរកថាវប្បធម៌ជាបន្តបន្ទាប់នៅលើភ្នំតែមួយ”។
ប្រព័ន្ធសិលាចារឹក Ma nhai នៅលើភ្នំ Non Nuoc គឺជាភស្តុតាងនៃភាសាសរសេរ ភាសានិយាយរបស់ជនជាតិវៀតណាមបុរាណ។ នៅឆ្នាំ ១៩១២ សាស្ត្រាចារ្យជនជាតិបារាំង Henri Maspero បានប្រើប្រាស់សិលាចារឹក Ma nhai នៅលើភ្នំ Non Nuoc ដើម្បីស្រាវជ្រាវអំពីប្រវត្តិសាស្ត្រនៃភាសាវៀតណាម ហើយបានចុះផ្សាយនៅលើទស្សនាវដ្ដីនៃវិទ្យាស្ថានសិក្សាចុងបូព៌ាបារាំង។ រយៈ ៩៥ ឆ្នាំក្រោយមក អ្នកប្រាជ្ញជនជាតិជប៉ុនម្នាក់ ក៏បានមកស្ទង់មើលភ្នំ Non Nuoc ហើយបានធ្វើការស្រាវជ្រាវដ៏ស៊ីជម្រៅអំពី អក្សរ Nom និងបានបំពេញបន្ថែមអក្សរ Huý នៃរាជវង្ស Tran។ សាស្ត្រាចារ្យរង បណ្ឌិត Nguyen Tuan Cuong អតីតនាយកវិទ្យាស្ថានសិក្សា Han Nom បានឲ្យដឹងថា៖
“នោះគឺជាគម្រោងស្រាវជ្រាវដ៏មានតម្លៃខ្ពស់។ បេតិកភណ្ឌរបស់វៀតណាមត្រូវបានស្រាវជ្រាវដំបូងដោយជនជាតិបារាំងម្នាក់ ហើយត្រូវបានបំពេញបន្ថែម ធ្វើបច្ចុប្បន្នភាព និងកែតម្រូវដោយសាស្ត្រាចារ្យជនជាតិជប៉ុនម្នាក់ទៀត។ នេះគឺជាសក្ខីភាពដ៏គួរឱ្យជឿជាក់បំផុត នៃលក្ខណៈអន្តរជាតិរបស់បេតិកភណ្ឌសិលាចារឹក Ma nhai នៅលើភ្នំ Non Nuoc ពីទស្សនៈរបស់អ្នកស្រាវជ្រាវ”។
ដោយមានតម្លៃដ៏ថ្លៃថ្លាហួសពីពេលវេលា សិលាចារឹក Ma nhai នៅភ្នំ Non Nuoc ត្រូវបានគេបង្កើតសំណុំឯកសារដាក់ជូនគណៈកម្មាធិការនៃកម្មវិធីការចងចាំពិភពលោក របស់អង្គការយូណេស្កូប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីពិចារណា និងចុះបញ្ជីជាបេតិកភណ្ឌឯកសារ។ ខេត្តនិញប៊ិញក៏បានដាក់ចេញការប្ដេជ្ញាចិត្តនិងវិធានការសម្រាប់ការអភិរក្ស និងពង្រីកបេតិកភណ្ឌប្រកបដោយចីរភាពសម្រាប់អនាគតផងដែរ។ លោកស្រី Vu Thanh Lich នាយិការងមន្ទីរវប្បធម៌និងកីឡាខេត្តនិញប៊ិញ បានឲ្យដឹងថា៖
"អស់រយៈពេលជិត ៧០០ ឆ្នាំមកហើយ សិលាចារឹកនៅភ្នំ Non Nuoc បានរក្សាការចងចាំប្រវត្តិសាស្ត្រ ប្រាជ្ញាមនុស្ស សម្រស់អក្សរសាស្ត្រ និងស្មារតីវប្បធម៌របស់ប្រទេសវៀតណាមដោយស្ងៀមស្ងាត់។ ហើយដំណើរដើម្បីនាំយកសិលាចារឹក Ma nhai នៅភ្នំ Non Nuoc ឆ្ពោះទៅរកកិត្តិនាមរបស់យូណេស្កូ គឺជាដំណើរដើម្បីនាំឱ្យតម្លៃវប្បធម៌ក្នុងស្រុក ក្លាយជាទ្រព្យសម្បត្តិរួមរបស់សហគមន៍អន្តរជាតិ។ យើងប្តេជ្ញាថែរក្សាភាពដើមនៃបេតិកភណ្ឌ បង្កើនការធ្វើឌីជីថលូបនីយកម្ម និងកសាងមូលដ្ឋានទិន្នន័យបើកចំហ ដើម្បីបង្កើតលក្ខខណ្ឌជំរុញកិច្ចសហប្រតិបត្តិការស្រាវជ្រាវក្នុងស្រុក និងអន្តរជាតិ"។
សិលាចារឹក Ma nhai នៅកណ្តាលធម្មជាតិ និញប៊ិញ កំពុងឈរនៅចំពោះមុខឱកាសបោះជំហានចេញទៅពិភពលោក ដើម្បីបញ្ជាក់ពីតម្លៃរបស់វៀតណាមនៅលើផែនទីបេតិកភណ្ឌពិភពលោក។ តួអក្សរនីមួយៗដែលត្រូវបានដាប់ឆ្លាក់នៅលើច្រាំងថ្មចោទ សុទ្ធតែបង្កប់នូវសារអំពីការបណ្តុះមោទនភាពសម្រាប់មនុស្សជាច្រើនជំនាន់៕
