នៅក្នុងបរិបទនៃយុគសម័យឌីជីថលបច្ចុប្បន្ន ការបោះពុម្ពផ្សាយមិនត្រឹមតែជាវិស័យមនោគមវិជ្ជា និងវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ត្រូវបានចាត់ទុកជាវិស័យសេដ្ឋកិច្ចបច្ចេកវិទ្យា និងជាផ្នែកសំខាន់មួយនៃឧស្សាហកម្មវប្បធម៌ទៀតផង។
ការបោះពុម្ពផ្សាយគឺជាវិស័យសកម្មភាពមនោគមវិជ្ជារបស់បក្ស រដ្ឋ និងប្រជាជន ព្រមទាំង ក៏ជាលំហសម្រាប់ការច្នៃប្រឌិត និងផ្សព្វផ្សាយតម្លៃវប្បធម៌ ស្មារតីជាមូលដ្ឋានសម្រាប់បណ្តុះចំណេះដឹងជាតិ និងជាឧបករណ៍សម្រាប់បង្កើតតម្លៃសង្គម ណែនាំ និងតំរង់ទិសសោភ័ណភាព លើកកម្ពស់ការយល់ដឹងរបស់ប្រជាជន អភិវឌ្ឍន៍វប្បធម៌និងការពារសុចរិតភាពរបស់ប្រជាជនវៀតណាមលើគ្រប់ជ្រុងជ្រោយផងដែរ។ លោកសាស្ត្រាចារ្យរង បណ្ឌិត Pham Minh Tuan ប្រធានសមាគមបោះពុម្ពផ្សាយវៀតណាម និងជាអគ្គនិពន្ធនាយករងនៃទស្សនាវដ្តីកុម្មុយនិស្ត បានឲ្យដឹងថា៖
“ឧស្សាហកម្មបោះពុម្ពផ្សាយ ក្នុងតួនាទីជាស្ថាប័នមនោគមវិជ្ជា និងវប្បធម៌ដ៏ពិសេសមួយ មិនត្រឹមតែប្រឈមមុខនឹងតម្រូវការនៃការផ្លាស់ប្ដូរថ្មីលើគ្រប់ជ្រុងជ្រោយ ទាក់ទងនឹងបច្ចេកវិទ្យា និងគំរូប្រតិបត្តិការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវអះអាងបន្ថែមទៀតនូវបេសកកម្មអភិវឌ្ឍន៍ចំណេះដឹង បំប៉នមនុស្ស និងពង្រឹងមូលដ្ឋានគ្រឹះខាងស្មារតីរបស់សង្គមទៀតផង។ ការកសាងឧស្សាហកម្មបោះពុម្ពផ្សាយទំនើប វិជ្ជាជីវៈ និងពោរពេញទៅដោយលក្ខណៈមនុស្សសាស្ត្រមិនត្រឹមតែជាតម្រូវការជៀសមិនរួចប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាភារកិច្ចយុទ្ធសាស្ត្រ ដែលផ្សាភ្ជាប់ទៅនឹងការអភិវឌ្ឍប្រទេសជាតិក្នុងយុគសម័យថ្មីទៀតផង”។
ឧស្សាហកម្មបោះពុម្ពផ្សាយរបស់វៀតណាមកំពុងបង្កើនប្រសិទ្ធភាពទិន្នន័យ ពង្រីកលំហច្នៃប្រឌិត និងបង្កើតផលិតផលដែលមានតម្លៃបន្ថែមខ្ពស់សម្រាប់សេដ្ឋកិច្ចចំណេះដឹង។ ដើម្បីធានាថាឧស្សាហកម្មបោះពុម្ពផ្សាយដើរតួនាទីជាស្នូលនៅក្នុងប្រព័ន្ធអេកូឡូស៊ីបង្កើតចំណេះដឹងជាតិ ដែលផ្សាភ្ជាប់ទៅនឹងការអភិវឌ្ឍឧស្សាហកម្មវប្បធម៌ និងសេដ្ឋកិច្ចឌីជីថល លោកសាស្ត្រាចារ្យរង បណ្ឌិត Luu Van Quang នាយករងវិទ្យាស្ថានសារព័ត៌មាន និងឃោសនាបានចាត់ទុកថា៖
"ចាំបាច់ត្រូវជំរុញខ្លាំងការធ្វើឌីជីថលូបនីយកម្ម និងអភិវឌ្ឍស្នាដៃបោះពុម្ពផ្សាយតាមទិសដៅចម្រុះ និងទំនើប។ អនុវត្តន៍បញ្ញាសិប្បនិម្មិត ទិន្នន័យធំ និងបច្ចេកវិទ្យាថ្មីៗបន្តិចម្តងៗទៅក្នុងគ្រប់ដំណាក់កាលនៃសកម្មភាពបោះពុម្ពផ្សាយ។ កសាងប្រព័ន្ធបោះពុម្ពផ្សាយចម្រុះ ពហុមេឌា បង្កើតខ្សែសង្វាក់តម្លៃ ខ្លឹមសារឌីជីថល បង្កើនប្រសិទ្ធភាពសេដ្ឋកិច្ច។ ក្នុងពេលជាមួយគ្នានោះ ត្រូវតែផ្សព្វផ្សាយតម្លៃ និងចំណេះដឹងវប្បធម៌វៀតណាមនៅក្នុងលំហឌីជីថល។ គោលដៅគឺដើម្បីកសាងឧស្សាហកម្មបោះពុម្ពផ្សាយប្រកបដោយវិជ្ជាជីវៈ ទំនើប និងមនុស្សសាស្ត្រ ដែលបម្រើតម្រូវការរបស់មិត្តអ្នកអានកាន់តែប្រសើរឡើង និងពង្រីកអំណាចទន់នៃវប្បធម៌វៀតណាម"។
ឧស្សាហកម្មបោះពុម្ពផ្សាយរបស់វៀតណាម បានដាក់ចេញគោលដៅមានរោងបោះពុម្ពផ្សាយអេឡិចត្រូនិក ១០០% នៅឆ្នាំ ២០៣០។ នេះមានន័យថា រោងបោះពុម្ពផ្សាយទាំងអស់នឹងអនុវត្តន៍ការផ្លាស់ប្តូរឌីជីថលគ្រប់ជ្រុងជ្រោយ ដោយផ្លាស់ប្តូរទៅវេទិកាបោះពុម្ពផ្សាយពហុមេឌា រួមបញ្ចូលគ្នាបញ្ញាសិប្បនិម្មិត (AI) និងទិន្នន័យធំ។ ជាមួយគ្នានេះ ៨០% នៃគ្រឹះស្ថានបោះពុម្ពនឹងសម្រេចបាននូវស្តង់ដារទំនើប។ លោកស្រី Nguyen Thi My Linh អនុប្រធានមន្ទីរសារព័ត៌មាន និងបោះពុម្ពផ្សាយ គណៈកម្មាធិការឃោសនាអប់រំ និងចលនាមហាជនមជ្ឈិម បានមានប្រសាសន៍ថា៖
"នៅពេលខាងមុខនេះ ពិចារណាបង្កើតសាជីវកម្មបោះពុម្ពផ្សាយ និងសារព័ត៌មានសំខាន់ៗមួយចំនួន។ សាជីវកម្មទាំងនេះត្រូវបានរៀបចំតាមទិសដៅ រួមបញ្ចូលអង្គភាពសមាជិកដែលចូលរួមក្នុងការផលិតពហុប្រភេទ និងពហុផលិតផល។ ពីនោះ នាំយកមាតិកាទៅកាន់វេទិកាផ្សេងៗគ្នា បង្កើតប្រព័ន្ធអេកូឡូស៊ីមាតិកាដែលមានការតភ្ជាប់ និងរីករាលដាលយ៉ាងខ្លាំង។ នៅឆ្នាំ ២០៣០ ជំរុញការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យបោះពុម្ភផ្សាយ ជាមួយបណ្តាប្រទេស និងស្ថាប័នវប្បធម៌ដ៏មានកិត្យានុភាពលើពិភពលោក។ ទន្ទឹមនឹងនោះ ម្ចាស់ការផ្សព្វផ្សាយរូបភាពប្រទេស មនុស្ស និងវប្បធម៌វៀតណាមលើឆាកអន្តរជាតិ។ បង្កើនការផ្លាស់ប្តូរការរក្សាសិទ្ធិ ជំរុញការបោះពុម្ពផ្សាយទ្វេភាសា ដើម្បីនាំយកសៀវភៅវៀតណាមទៅកាន់ពិភពលោក និងទទួលយកដោយមានការជ្រើសរើសចំពោះចំណេះដឹងរបស់មនុស្សជាតិផងដែរ”។
ការបោះពុម្ពផ្សាយមិនត្រឹមតែជាកន្លែងផ្តល់ចំណេះដឹងប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់សេដ្ឋកិច្ចរបស់ប្រទេសជាតិ រួមទាំងសិទ្ធិកម្មសិទ្ធិបញ្ញា ក៏ដូចជាកិច្ចសហប្រតិបត្តិការលើផលិតផលបញ្ញាផងដែរ។ ការបោះពុម្ពផ្សាយមិនត្រឹមតែជាសកម្មភាពវប្បធម៌សុទ្ធសាធប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្នែកមួយនៃឧស្សាហកម្មវប្បធម៌ និងសេដ្ឋកិច្ចឌីជីថលទៀតផង។ លោកស្រី Nguyen Thi My Linh អនុប្រធានមន្ទីរសារព័ត៌មាន និងបោះពុម្ភផ្សាយ គណៈកម្មាធិការឃោសនាអប់រំនិងចលនាមហាជនមជ្ឈឹម បានសង្កត់ធ្ងន់ថា៖
"ចាត់ទុកការបោះពុម្ពផ្សាយជាឧស្សាហកម្មមាតិកាមួយ ដែលមានសមត្ថភាពបង្កើតតម្លៃ
បន្ថែមខ្ពស់។ ស្នាដៃបោះពុម្ពផ្សាយនីមួយៗមិនត្រឹមតែមានតម្លៃវប្បធម៌ប៉ុណ្ណោះទេ ថែមទាំងអាចក្លាយជាទ្រព្យសម្បត្តិសេដ្ឋកិច្ច ឬកម្មសិទ្ធិបញ្ញា ចូលរួមក្នុងខ្សែសង្វាក់តម្លៃចាប់ពីការបង្កើតខ្លឹមសាររហូតដល់ភារកិច្ចវប្បធម៌ និងរួមចំណែកដោយផ្ទាល់ដល់កំណើន GDP របស់ប្រទេសជាតិ។ ការបោះពុម្ពផ្សាយក្លាយជាប្រភពទិន្នន័យបញ្ចូលសម្រាប់ប្រភេទផ្សេងទៀតនៃផលិតផលវប្បធម៌ ដូចជា កាសែត ទស្សនាវដ្ដី ទូរទស្សន៍ ភាពយន្ត ហ្គេម កម្មវិធីកំសាន្ត ឬផលិតផលមាតិកាដទៃទៀត ដែលកំពុង ពេញនិយមទូទាំងពិភពលោក រួមទាំងវីដេអូ និងភាពយន្តខ្លីដែលត្រូវបានមើលយ៉ាងទូលំទូលាយនៅលើ Tik Tok និងវេទិកាសង្គម។ តាមនោះ បង្កើតបាននូវលំហសម្រាប់ការប្រើប្រាស់ចំណេះដឹងនិងវប្បធម៌ប្រកបដោយភាពបត់បែន និងលក្ខណៈអន្តរកម្ម”។
វៀតណាមកំពុងឆ្ពោះទៅការ កសាងឧស្សាហកម្មបោះពុម្ពផ្សាយទំនើប មនុស្សសាស្ត្រ និងវិជ្ជាជីវៈ។ ការបោះពុម្ពផ្សាយត្រូវបានគេកំណត់ថាជាប៉ុស្តិ៍ដ៏សំខាន់មួយដើម្បីនាំវៀតណាម
ធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅទៅក្នុងលំហូរចំណេះដឹង ព្រមទាំងបង្កើតរូបភាពប្រទេសជាតិក្នុងលំហវប្បធម៌សកលផងដែរ៕
