អមដោយសូរសំឡេងគង យុវនារីបានសម្តែងរបាំប្រពៃណីរបស់ជនជាតិ E De។ (រូបថត៖ H Xíu/VOV-Tay Nguyen)

នៅទីធ្លាមុខផ្ទះសហគមន៍ក្នុងភូមិ Ky សង្កាត់ Thanh Nhat ខេត្តដាក់ឡាក់ យុវជនយុវនារីជនជាតិ E De ជាងដប់នាក់ កំពុងហាត់របាំ "បក្សី Gru"។ ក្នុងភាសា E De ពាក្យ Gru មានន័យថា សត្វឥន្ទ្រី ដែលជានិមិត្តរូបនៃកម្លាំងលើសលុបលើផ្ទៃមេឃ។ របាំនេះតែងតែត្រូវបានគេសម្ដែង នៅក្នុងពិធីបុណ្យធំៗ ពិធីគោរពបូជាព្រះអាទិទេព្យ ឬពិធីបុណ្យសព។ នេះគឺជាពិធីមួយដើម្បីបញ្ជូនព្រលឹងអ្នកស្លាប់ត្រឡប់ទៅពិភពបុព្វការីជន ហើយបង្ហាញពីការបួងសួងសុំពរជ័យពីព្រះអាទិទេព។ អ្នកស្រី H'Wanna Ktul នៅភូមិ Ky សង្កាត់ Thanh Nhat បានចែករំលែកថា៖

“នៅក្នុងរបាំ បក្សី Grứ ផ្នែកដែលពិបាកបំផុតគឺចលនាដៃ។ ប្រសិនបើធ្វើមិនត្រឹមត្រូវទេ ដៃរួយខ្លាំងណាស់។ ចលនាត្រូវតែស្មើគ្នា ទើបរបាំមើលទៅស្រស់ស្អាត។ នៅពេលហាត់សម យើងចាប់ផ្តើមជាមួយនឹងចលនាជើង រាប់ចង្វាក់មុនពេលបន្តទៅចលនាដៃ។ មនុស្សម្នាក់ៗត្រូវតែពត់ដៃ ដើម្បីបង្កើតឥរិយាបថស្រដៀងនឹងបក្សី Grứ”។

ខេត្ត ដាក់ឡាក់ មានសកម្មភាពជាច្រើនដើម្បីបង្រៀនការលេងគងឃ្មោះ និងរាំរបាំរង្វង់ ដើម្បីថែរក្សា និងលើកកម្ពស់តម្លៃវប្បធម៌ប្រពៃណី។ (រូបថត៖ H Xíu/VOV-Tay Nguyen)

រួមជាមួយជនជាតិ Ê Đê ជនជាតិដទៃទៀតនៅតំបន់ តៃង្វៀន ក៏មានរបាំប្រពៃណីផ្ទាល់ខ្លួនផងដែរ។ របាំទាំងនេះត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងពិធីបុណ្យទាន ជាមួយនឹងសំឡេងគង និងក្លិនក្រអូបនៃស្រាពាង។ លោកបណ្ឌិត Lương Thanh Sơn អតីតនាយកសារមន្ទីរខេត្ត ដាក់ឡាក់ បាននិយាយថា ក្បាច់របាំនីមួយៗ បង្កប់នូវអត្ថន័យនៃការគោរពព្រះអាទិទេព្យ ការអំណរសាទររដូវប្រមូលផលបានល្អ ឬការបង្ហាញសេចក្តីរីករាយនៅថ្ងៃសាមគ្គីភាព។ ទន្ទឹមនឹងនោះ វាក៏ឆ្លុះបញ្ចាំងពីភាពសុខដុមរមនារវាងមនុស្ស ជាមួយធម្មជាតិ ការធ្វើពលកម្ម និងជំនឿផងដែរ។

“របាំរបស់បណ្ដាជនជាតិនៅតំបន់ តៃង្វៀន ច្រើនតែធ្វើត្រាប់តាមសកម្មភាពផលិតកម្ម និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។ លើសពីនេះ ក៏មានចលនារាំ ដែលបង្ហាញពីអារម្មណ៍ និងសេចក្តីស្រឡាញ់ចំពោះមាតុភូមិ ព្រៃភ្នំ ដើមឈើ និងទន្លេផងដែរ”។

ចំណែកយោងតាមសិល្បៈករឆ្នើម Vu Lan ប្រធានសាខាសមាគមសិល្បៈប្រជាប្រិយវៀតណាមនៅខេត្តដាក់ឡាក់ របាំប្រជាប្រិយមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងជំនឿខាងវិញ្ញាណរបស់ជនជាតិនីមួយៗ។

“របាំប្រជាប្រិយត្រូវបានចាត់ទុកថា ជាពិធីនៃសកម្មភាពវប្បធម៌សហគមន៍ ឬពិធីពិសិដ្ឋមួយ។ តាមពិតទៅ វាជារបាំដែលមានលក្ខណៈពិសេស។ ចលនានីមួយៗនៃរបាំប្រជាប្រិយគឺមានលក្ខណៈប្រណិត និងមានប្រសិទ្ធភាពខ្ពស់ ដែលផ្សារភ្ជាប់នឹងជំនឿខាងវិញ្ញាណរបស់ប្រជាជនបណ្ដាជនជាតិ”។

របាំប្រពៃណីត្រូវបានគេរំពឹងថា នឹងបន្តត្រូវបានថែរក្សានៅក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជន។ (រូបថត៖ H Xíu/VOV-Tay Nguyen)

ដើម្បីថែរក្សាសិល្បៈប្រពៃណី ផ្នែកវប្បធម៌ខេត្តដាក់ឡាក់បានរៀបចំការប្រឡង ការសម្តែងសិល្បៈប្រជាប្រិយជាច្រើន ដើម្បីលើកទឹកចិត្តក្រុមសិល្បៈមហាជនឲ្យហាត់សមនិងសម្តែងរបាំប្រពៃណី។ថ្មីៗនេះ សមាគមអក្សរសាស្ត្រនិងសិល្បៈខេត្តដាក់ឡាក់ បានរៀបចំវគ្គបង្ហាត់បង្រៀនរបាំប្រជាប្រិយ តៃង្វៀន នៅភូមិ Tong Ju សង្កាត់ Ea Kao ដោយមានគោលបំណងបំផុសសេចក្ដីស្រឡាញ់ចំពោះវប្បធម៌ជនជាតិ និងលើកទឹកចិត្តយុវជនឱ្យវិលត្រឡប់ទៅរកឫសគល់ឡើងវិញ។ចូលរួមក្នុងវគ្គបង្ហាត់បង្រៀននេះ អ្នកស្រី H’Huyen Mlo នៅភូមិ M’Oa ឃុំ Ea Kar(ខេត្តដាក់ឡាក់) បានចែករំលែកថា៖

“សម្រាប់នាងខ្ញុំ ប្រការដ៏សំខាន់បំផុតចំនួនពីរនៃអត្តសញ្ញាណវប្បធម៌ជនជាតិគឺបទចម្រៀងប្រជាប្រិយ និងក្បាច់របាំប្រជាប្រិយ។ នាងខ្ញុំនឹងជាអ្នកទទួលខុសត្រូវក្នុងការថែរក្សាប្រពៃណីវប្បធម៌នេះ។ នាងខ្ញុំក៏ចង់ឱ្យមនុស្សគ្រប់គ្នា និងយុវជនជំនាន់ក្រោយទទួលខុសត្រូវក្នុងការថែរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិ ដើម្បីកុំឱ្យវារសាត់បាត់ទៅ”។

នៅក្នុងជីវភាពសម័យទំនើប នៅពេលដែលតម្លៃប្រពៃណីជាច្រើនកំពុងត្រូវបំភ្លេចចោលបន្តិចម្តងៗ ការស្តារឡើងវិញ និងផ្សព្វផ្សាយរបាំប្រជាប្រិយមិនត្រឹមតែជាការអភិរក្សទម្រង់សិល្បៈមួយប៉ុណ្ណោះទេ ថែមទាំងជាការអភិរក្សសូរសំឡេងគង និងរបាំរង្វង់ ពី ជំនាន់មួយទៅជំនាន់មួយទៀតផងដែរ៕