ភូមិ Khun - គោល​ដៅ​ទេសចរណ៍សហគមន៍ដ៏​គួរ​ឲ្យ​ទាក់ទាញនៅខេត្ត Ha Giang

(VOVWORLD) - ភូមិ Khun ឃុំ Bang Lang ស្រុក Quang Binh ខេត្ត Ha Giang លេចធ្លោ ដោយមានទេសភាពធម្មជាតិដ៏វិសេសវិសាល មានភ្នំតូវ ភ្នំធំ និងមានរូងភ្នំវេទមន្ត ឬវាលស្រែពណ៌លឿងដ៏ធំល្វឹងល្វើយ...។ ជាពិសេស សម្រស់វប្បធម៌ និងម្ហូបអាហារដ៏វិសេសវិសាលរបស់សហគមន៍បណ្តាជនជាតិនៅទីនេះបានធ្វើឱ្យភូមិ Khun ក្លាយជាគោលដៅដែលមិនរំលងបាន នៅពេលមកដល់ខេត្ត Ha Giang ម្តងៗ។

ភូមិ Khun ស្ថិតនៅឃុំ Bằng Lang មានចម្ងាយប្រហែល ៨ គីឡូម៉ែត្រពីកណ្តាលស្រុក Quang Binh ខេត្ត Ha Giang ។ ភូមិ Khun ស្ថិតនៅកណ្តាលជ្រលងភ្នំ ដែលមានប្រជាជនចំនួន ១៧៨ គ្រួសារ រស់នៅក្នុងផ្ទះឈើប្រពៃណីរបស់ជនជាតិចំនួន ៤ រួមមាន៖ Tay, Nung, Dao និង La Chi ។ មកដល់ភូមិ Khun ភ្ញៀវទេសចរណ៍អាចលង់ខ្លួនទៅក្នុងបរិយាកាសសុខសាន្តនៃតំបន់ជនបទ ជាមួយផ្ទះឈើប្រពៃណី របរតម្បាញចរបាប់ ត្បាញបន្ទោះ  ច្រៀងចម្រៀងប្រជាប្រិយរបស់ជនជាតិ Tay របរជាងដែក របាំសេះក្រដាស ចម្រៀងស្នេហា ពិធីសែនព្រែនអារក្សអ្នកតាព្រៃភ្នំរបស់ជនជាតិ Nung , ពិធីផ្ដល់ស័ក្តិពេញវ័យរបស់ជនជាតិ Dao និងពិធីអំណររដូវកាលថ្មីរបស់ជនជាតិ La Chi។

ភូមិ Khun  - គោល​ដៅ​ទេសចរណ៍សហគមន៍ដ៏​គួរ​ឲ្យ​ទាក់ទាញនៅខេត្ត Ha Giang - ảnh 1ភូមិឃុនមានទេសភាពសុខសាន្ត។ រូបថត៖ Vinh Phong/VOV5

អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះ គឺផ្ទះឈើប្រពៃណីរបស់ជនជាតិ Tay។ ផ្ទះឈើរបស់ជនជាតិ Tay ត្រូវបានសាងសង់ឡើងពីប្រភេទឈើដ៏មានតម្លៃ ជាមួយនឹងការរចនាប្លែកៗ សមស្របទៅនឹងអាកាសធាតុនិងសណ្ថានភាពនៅតំបន់ព្រៃភ្នំ។ ផ្ទះមួយខ្នង ជាធម្មតាមានពីរផ្នែក៖ ផ្នែកខាងលើជាកន្លែងរស់នៅរបស់ក្រុមគ្រួសារ ហើយផ្នែកខាងក្រោមជាកន្លែងទុកដាក់ឧបករណ៍កសិកម្ម ចិញ្ចឹមសត្វ ឬធ្វើជាឃ្លាំង។ នៅពេលមកដល់ភូមិ Khun  ភ្ញៀវទេសចរអាចស្នាក់នៅលើផ្ទះឈើទាំងនេះ ហើយរីករាយជាមួយបរិយាកាសដ៏ស្ងប់ស្ងាត់ ស្និទ្ធស្នាលជាមួយធម្មជាតិ និងអាចទទួលបានបទពិសោធន៍ក្នុងជីវភាពប្រចាំថ្ងៃរបស់ជនជាតិភាគតិចនៅទីនេះ។ លោក Vang Van Tan ម្ចាស់ផ្ទះសំណាក់ Homestay នៅភូមិ Khun បានឲ្យដឹងថា៖

“នៅពេលភ្ញៀវទេសចរណ៍មកដល់ភូមិ Khun  គេអាចទទួលបានបទពិសោធន៍ការងារប្រចាំថ្ងៃរបស់អ្នកភូមិ។ អាស្រ័យទៅតាមរដូវ ភ្ញៀវទេសចរអាចទៅស្ទូងស្រូវ ច្រូតកាត់ ប្រមូលផលពោត... ឬទៅទស្សនាប្រភពដើមនៃទន្លេ និងព្រៃឈើធម្មជាតិ។ នៅក្នុងព្រៃ មានដើមគគីរធំដ៏ស្រស់ស្អាតណាស់។ លើសពីនេះ ភ្ញៀវទស្សនាក៏អាចចូលរួមក្នុងសកម្មភាពវប្បធម៌ និងសិល្បៈជាមួយសិប្បករក្នុងស្រុកផងដែរ”។

នៅជុំវិញភូមិ Khun  មានភ្នំថ្មនិងល្អាងទឹក ល្អាងថ្មដ៏ស្រស់ស្អាតជាច្រើនដូចជា៖ ល្អាង Bó Mỳ ល្អាង Sum Khuất ... ជាមួយនឹងថ្មស្តាឡាក់ទីតចម្រុះពណ៌ ។ ក្នុងនោះ ល្អាង Bo My ដែលជាប្រភពស្តុកទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃរបស់ភូមិចំនួន៥/៨នៅឃុំ Bang Lang គឺជាគោលដៅដែលភ្ញៀវទេសចរចង់ស្វែងយល់នៅពេលមកដល់ Quang Binh ម្តងៗ។ នៅក្នុងល្អាងក៏មានថ្មស្តាឡាក់ទីតដ៏ពណ៌ចម្រុះជាច្រើន មានពីលឿង ប្រផេះ និងស្លែបៃតង។ ល្អាងនេះមានជម្រៅជិត ២ គីឡូម៉ែត្រ ទទឹងរហូតដល់ ២០ ម៉ែត្រ អាចផ្ទុកមនុស្សបានរាប់រយនាក់ លំហដ៏ធំទូលាយហាក់ដូចជានាំយើងចូលទៅក្នុងពិភពមួយផ្សេងទៀតនៅខាងក្រៅចក្រវាឡ ដែលមានថ្មស្តាឡាក់ទីតកំពុងចែងចាំងពន្លឺ។ លោក Nguyen Tuan Vu ភ្ញៀវទេសចរម្នាក់បានចែករំលែកថា៖ 

“នេះគឺជាបទពិសោធន៍ដ៏គួរឱ្យចាប់អារម្មណ៍ណាស់។ ដើម្បីទទួលបានបទពិសោធន៍នូវភាពស្រស់ស្អាតនៃល្អាង Bo Mi ទាំងមូល យើងត្រូវហាត់ប្រាណបន្ថែមទៀតដើម្បីអាចឆ្លងកាត់ល្អាងទាំងអស់"។

ភូមិ Khun  - គោល​ដៅ​ទេសចរណ៍សហគមន៍ដ៏​គួរ​ឲ្យ​ទាក់ទាញនៅខេត្ត Ha Giang - ảnh 2ល្អាង Bo My មានថ្មស្តាឡាក់ទីតដ៏ពណ៌ចម្រុះជាច្រើន។ រូបថត៖ Vinh Phong/VOV5

ម្ហូបអាហាររបស់ជនជាតិ Tay គឺជាផ្នែកមួយដែលមិនគួររំលងបាននៅពេលមកដល់ភូមិ Khun ម្តងៗ។ មុខម្ហូបរបស់ជនជាតិ Tay សុទ្ធតែផលិតឡើងពីគ្រឿងផ្សំធម្មជាតិ និងត្រូវបានរៀបចំតាមរបៀបសាមញ្ញ ប៉ុន្តែនៅតែរក្សាបាននូវរសជាតិដើម ដូចជា៖ ត្រីអាំង Pa-pinh-top ត្រីអាំង Pa-pho (ត្រីអាំងរុំនៅក្នុងស្លឹកសាគូ) មាន់អាំង សាច់ជ្រូកអាំង សម្លម្ជូរព្រឹក្សត្រី...។ មុខម្ហូបពិសេសបំផុតនៅទីនេះគឺ “ស្លែថ្ម” ជាមុខម្ហូបដែលទទួលបានរង្វាន់លេខ១ ក្នុងមហោស្រពវប្បធម៌ទេសចរណ៍ និងម្ហូបអន្តរជាតិ Ha Giang លើកទី១ នៅឆ្នាំ ២០២៤។ ស្លែដុះលើថ្មតាមដងទឹកអូរ បង្កើតបានជាពណ៌ខៀវស្រងាត់ ហើយយោងទៅតាមទស្សនទានរបស់ជនជាតិ Tay នៅពេលដែលទឹកថ្លានិងព្រះច័ន្ទ ភ្លឺ ស្លែដុះច្រើនជាង។ នៅពេលនោះ ស្លែខ្ចីនិងទន់ល្មើយ ដូច្នេះមនុស្សម្នាតែងតែឆ្លៀតឱកាសនេះ ដើម្បីរើសស្លែ។ ស្លែស្រស់ជាធម្មតាត្រូវបានកែច្នៃភ្លាមៗបន្ទាប់ពីការរៀបចំរួចរាល ព្រោះប្រសិនបើទុកយូរ ស្លែនឹងស្ងួតនិងបាត់បង់រសជាតិរបស់វា។ លោក Nong Van Hoang អ្នកភូមិ Khun បានឲ្យដឹងថា៖

“ស្លែថ្មអាចត្រូវបានកែច្នៃទៅជាមុខម្ហូបដ៏ទាក់ទាញជាច្រើន ប៉ុន្តែមុខម្ហូបដែលលេចធ្លោបំផុតគឺស្លែអាំង។ ស្លែត្រូវបានបន្ថែមគ្រឿងទេសដូចជា អំបិល ម្សៅស៊ុប ស្លឹកគ្រៃ គ្រាប់ត្របែក គូឆាយ និងជីគ្រប់មុខ បន្ទាប់មករុំដោយស្លឹកចេក ឬស្លឹកសាគូ រួចយកទៅអាំងនៅលើចង្ក្រានធ្យូង។ ស្លែអាំងជាធម្មតាត្រូវបានបរិភោគភ្លាមៗនៅពេលដែលនៅក្តៅ ហើយអាចគួបផ្សំជាមួយត្រីអាំង ដើម្បីបង្កើតជាមុខម្ហូបដ៏គួរឱ្យទាក់ទាញ។ រសជាតិស្លែអាំងគឺជាការរួមបញ្ចូលគ្នានៃរសជាតិឈ្ងុយឈ្ងប់ ក្លិនក្រអូបរបស់ស្លែ និងទឹកអូរត្រជាក់ថ្លា ដែលបន្សល់ទុកនូវចំណាប់អារម្មណ៍ដែលមិនអាចបំភ្លេចបាន”។

ភូមិ Khun  - គោល​ដៅ​ទេសចរណ៍សហគមន៍ដ៏​គួរ​ឲ្យ​ទាក់ទាញនៅខេត្ត Ha Giang - ảnh 3មុខម្ហូបរបស់ជនជាតិ Tay គឺជាផ្នែកមួយដែលមិនគួររំលងបានទេ នៅពេលមកដល់ភូមិ Khun។ រូបថត៖ Vinh Phong/VOV5

បច្ចុប្បន្ននេះ ភូមិ Khun មានគ្រួសារជាង ១០គ្រូ ដែលធ្វើអាជីវកម្មទេសចរណ៍ ដោយផ្តល់សេវាកម្មដូចជា ផ្ទះសំណាក់ ម្ហូបអាហារប្រពៃណី និងបទពិសោធន៍វប្បធម៌ជនជាតិ។ នាពេលខាងមុខ ភូមិ Khun គ្រោងនឹងពង្រីកវិសាលភាពនៃសេវាកម្ម កែលម្អគុណភាព និងជំរុញការផ្សព្វផ្សាយទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិឱ្យកាន់តែច្រើន។ ជាមួយនឹងទេសភាពធម្មជាតិខុសប្លែក និងវប្បធម៌ជនជាតិភាគតិចចម្រុះពណ៌ ភូមិ Khun សន្យាថា នឹងក្លាយជាគោលដៅទេសចរណ៍ដែលមិនគួររំលងបានសម្រាប់ភ្ញៀវទេសចរណ៍ នៅពេលមកកាន់ខេត្ត Ha Giang ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ