ដំណើរការបណ្តុះពន្លកដើមកាហ្វេ ត្រូវបានធ្វើឡើងដោយដៃ។ រូបថត៖ Tran Long/VOV-ភូមិភាគពាយ័ព្យ |
Son La មិនត្រឹមតែដាំកាហ្វេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំគ្រាប់កាហ្វេរបស់ខ្លួនឈានទៅឆ្ងាយជាបណ្តើរៗ។ ជាមួយនឹងលក្ខខណ្ឌធម្មជាតិអំណោយផល ក៏ដូចជាការឧស្សាហ៍ព្យាយាមរបស់កសិករ ដើមកាហ្វេអារ៉ាប៊ីកាបានរីកលូតលាស់ អភិវឌ្ឍ និងផលិតបានគ្រាប់កាហ្វេ Son La ដែលមានរសជាតិឈ្ងុយឆ្ងាញ់ ទទួលបានវិញ្ញាបនបត្រក្នុងស្រុក និងអន្តរជាតិជាច្រើន។ សាស្ត្រាចារ្យរង លោកបណ្ឌិត Nguyen Van Bo អតីតនាយកបណ្ឌិតសភាវិទ្យាសាស្ត្រកសិកម្មវៀតណាមបានមានប្រសាសន៍ថា៖ “Son La សម្រេចបានវិញ្ញាបនប័ត្រដ៏សំខាន់មួយ ដែលជាវិញ្ញាបនបត្រសម្គាល់ភូមិសាស្ត្រ។ តាមរយៈវិញ្ញាបនបត្រនេះ ខេត្តអាចលក់កាហ្វេបានតម្លៃខ្ពស់ និងនាំចេញទៅកាន់ប្រទេសកាន់តែច្រើន”។
វិញ្ញាបនប័ត្រដែលខេត្ត Son La សម្រេចបានមិនត្រឹមតែជាវិធានការស្តង់ដារប៉ុណ្ណោះទេ ថែមទាំងជាការប្តេជ្ញាចិត្តចំពោះប្រភពដើម និងដំណើរការផលិតកាហ្វេទៀតផង។ លោក Vu Ngoc Huy ក្រុមហ៊ុនភាគហ៊ុនរួម Phuc Sinh Son La បានឲ្យដឹងថា៖ “បច្ចុប្បន្ននេះ តំបន់វត្ថុធាតុដើមរបស់យើងសម្រេចបានវិញ្ញាបនប័ត្រមួយចំនួនស្តីពីនិរន្តរភាពកាហ្វេ ដូចជា៖ វិញ្ញាបនប័ត្រ Rainforest Alliance (RA) និងវិញ្ញាបនប័ត្រ Four C ។ ទាំងនេះគឺជាវិញ្ញាបនប័ត្រដ៏ពេញនិយមបំផុតចំនួនពីរនៅក្នុងពិភពលោកសម្រាប់ការអភិវឌ្ឍកាហ្វេប្រកបដោយនិរន្តរភាព។ ជោគជ័យស្ថិតនៅលើការដែល កសិករប្រតិបត្តិតាមសកម្មភាពកសិកម្មឬអត់។ ដូច្នេះហើយ កសិករគឺជាកត្តាសម្រេចចិត្តមួយ ហើយសហគ្រាសក៏ផ្តោតលើការបណ្តុះបណ្តាល លើកកម្ពស់ចំណេះដឹងរបស់កសិករ ក៏ដូចជាការណែនាំបច្ចេកទេសធ្វើកសិកម្មលើចម្ការបស់ពួកគេផងដែរ”។
ដើមកាហ្វេបានបង្កើតរបរចិញ្ចឹមជីវិតប្រកបដោយនិរន្តរភាព និងក្លាយជាផលិតផលសំខាន់មួយរបស់ខេត្ត Son La ។ រូបថត៖ Nguyen Thuy/VOV-ភូមិភាគពាយ័ព្យ |
ពីបេសកកម្មកាត់បន្ថយភាពក្រីក្រ គ្រាប់កាហ្វេបានក្លាយទៅជាដំណាំឧស្សាហកម្មសំខាន់របស់ខេត្ត Son La។ ផលិតផលកាហ្វេពិសេស កាហ្វេមានគុណភាពខ្ពស់ ដណ្តើមបានទីផ្សារដែលមានតម្រូវការតឹងរឹងជាបណ្ដើរ រួមចំណែកបញ្ជាក់ពីម៉ាកយីហោកាហ្វេវៀតណាមនៅលើផែនទីកាហ្វេពិភពលោក។ ដើម្បីបន្តដណ្ដើមបានគោលដៅអភិវឌ្ឍន៍ថ្មី Son La បាននឹងកំពុងជម្នះការលំបាក ខិតខំបំពេញតាមបទប្បញ្ញត្តិ និងស្តង់ដារអន្តរជាតិដ៏តឹងរឹង បង្កើតផលិតផលកាហ្វេដែលមានគុណភាព។ លោក Nguyen Thanh Cong អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Son La បានឲ្យដឹងថា៖ “ដំណោះស្រាយទីមួយគឺដើម្បីអភិវឌ្ឍកាហ្វេប្រកបដោយនិរន្តរភាព កសាងដំណើរការផលិតកាហ្វេស្អាត ស្របតាមស្តង់ដារ RA, 4C, UTZ និងបទប្បញ្ញត្តិប្រឆាំងការកាប់បំផ្លាញព្រៃឈើរបស់សហភាពអឺរ៉ុប។ ទន្ទឹមនឹងនោះគឺជាបញ្ហាពូជកាហ្វេ ត្រូវបន្តស្រាវជ្រាវពូជកាហ្វេដ៏ល្អបំផុត សមស្របនឹងលក្ខខណ្ឌនៃតំបន់ដាំដុះ Son La។ ដាំដុះឡើងវិញ នូវតំបន់ដាំកាហ្វេចាស់ គុណភាពអន់ខ្សោយ មិនធន់នឹងជំងឺនិងការប្រែប្រួលអាកាសធាតុ... ដើម្បីកសាងតំបន់ដាំដុះកាហ្វេលូតលាស់ល្អ មានសុខភាពល្អ ដើម្បីផលិតផលិតផលកាហ្វេល្អបំផុត”។
ក្នុងបរិបទនៃការប្រកួតប្រជែងកាន់តែខ្លាំងឡើងនៅក្នុងទីផ្សារកាហ្វេពិភពលោក ការរក្សាម៉ាកយីហោកាហ្វេ Son La មិនត្រឹមតែអាស្រ័យលើទិន្នផលកាហ្វេប៉ុណ្ណោះទេ ថែមទាំងសំខាន់ជាងនេះទៅទៀតគឺការរក្សាបាននូវគុណភាពស្ថិរភាពនិងធានានិរន្តរភាព។ Son La កំពុងដើរលើមាគ៌ាត្រឹមត្រូវ ដោយផ្តោតលើដំណោះស្រាយសមកាលកម្មពីការរៀបចំផែនការតំបន់វត្ថុធាតុដើម កែលម្អគុណភាពគ្រាប់ពូជ អនុវត្តស្តង់ដារអន្តរជាតិក្នុងផលិតកម្ម ភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយកសិករ - អាជីវកម្ម - ភ្នាក់ងារគ្រប់គ្រង ការវិនិយោគលើដំណើរការស៊ីជម្រៅ និងការកសាងម៉ាកសម្គាល់ភូមិសាស្ត្រ។ សាស្ត្រាចារ្យរង លោកបណ្ឌិត Nguyen Van Bo មានប្រសាសន៍ថា៖ “គោលការណ៍របស់យើងគឺតភ្ជាប់ ដូច្នេះ កសិករត្រូវភ្ជាប់ទំនាក់ទំនងជាមួយគ្នាជាមុនសិន ដើម្បីផលិតតាមដំណើរការដូចគ្នា និងតភ្ជាប់ជាមួយសហគ្រាស ដើម្បីត្រូវបានគាំទ្រក្នុងការបំពេញបែបបទ បំពេញតម្រូវការលើគុណភាព ប្រភពដើម និងទទួលបានវិញ្ញាបនបត្រកាហ្វេ។ កសិករត្រូវតែចូលរួមក្នុងសកម្មភាពតភ្ជាប់បែបនេះ។ នោះគឺជាតម្រូវការដំបូង និងសំខាន់ខ្លាំងណាស់”។
ផលិតផលកាហ្វេត្រូវបានវិនិយោគលើការផលិត និងកែច្នៃ រួមចំណែកបង្កើនតម្លៃរបស់ផលិតផល។ រូបថត៖ Le Hanh/VOV-ភូមិភាគពាយ័ព្យ |
ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ដើមកាហ្វេ ខេត្ត Son La បានខិតខំរហូតដល់ឆ្នាំ ២០៣០ សម្រេចបានផ្ទៃដីដាំកាហ្វេចំនួន ២៥.០០០ ហិកតា ដោយទិន្នផល ៤០.០០០ តោន អភិវឌ្ឍកាហ្វេពិសេសលើផ្ទៃដី ៥.៩៥០ ហិកតា ដាំកាហ្វេបំពេញតាមស្តង់ដារនិរន្តរភាពចំនួន ១៨.០០០ហិកតា និងផ្ទៃដីចំនួន៨០-៩០% ដាំពូជកាហ្វេបំពេញតាមស្តង់ដារ។ ចក្ខុវិស័យដល់ឆ្នាំ ២០៣៥ តំបន់ដាំកាហ្វេនឹងកើនដល់ ២៧.០០០ ហិកតា ដោយទិន្នផល ៤៧.០០០ តោន កាហ្វេពិសេសចំនួន ៦.៥០០ ហិកតា ទិន្នផលកែច្នៃស៊ីជម្រៅដល់ ២០-២៥% ការនាំចេញស្រូបយក ៨០-៨៥% នៃទិន្នផលកាហ្វេសរុបរបស់ខេត្ត បង្កើតនិងអភិវឌ្ឍន៍តំបន់ចំនួន៥ឬច្រើនជាង ដាំដុះកាហ្វេអនុវត្តន៍បច្ចេកវិទ្យាខ្ពស់។ កិច្ចខិតខំប្រឹងប្រែងនេះ បានបង្ហាញថា ខេត្ត Son La កំពុងព្យាយាមដើម្បីក្លាយជាមជ្ឈមណ្ឌលផលិតកាហ្វេអារ៉ាប៊ីកាដែលមានគុណភាពខ្ពស់របស់វៀតណាម តាមនោះ បង្កើតសន្ទុះសម្រាប់ផលិតផលកាហ្វេក្នុងស្រុក ដណ្តើមបានទីផ្សារដែលមានតម្រូវការតឹងរឹងរបស់ពិភពលោក៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ


