ផ្សារត្រី Hoa My ក្នុងរដូវទឹកឡើង
(VOVWORLD) - នៅឃុំ Hoa My ស្រុក Phung Hiep ខេត្ត Hau Giang មានផ្សារត្រីមួយកន្លែង ដែលមានអាយុកាលរាប់ទសវត្សរ៍មកហើយ។ ប្រជាជននៅទីនេះតែងតែហៅថា "ផ្សារខ្មោច" Hoa My ព្រោះផ្សារនេះបានប្រជុំផ្សារនៅពាក់កណ្តាលអធ្រាត្រប៉ុណ្ណោះ។ ក្នុងរដូវទឹកឡើង ក៏ជារដូវដែលផ្សារត្រីនេះមមាញឹកបំផុតផងដែរ។
ខេត្ត Hau Giang គឺជាតំបន់វាលទំនាបក្នុងតំបន់ដីសណ្តទន្លេ Cuu Long ដែលក្នុងនោះ Phung Hiep ជាកន្លែងដែលទាបបំផុត ហើយក៏ជាកន្លែងដែលមានត្រីច្រើនជាងគេផងដែរ។ រដូវទឹកឡើងក៏ជាពេលវេលាដែលអ្នកស្រុកជីះទូកទៅស្វែងរកភោគផលដែលធម្មជាតិប្រគល់ជូន នៅកណ្តាលតំបន់ទឹកដ៏ធំល្វឹងល្វើយ ជាពិសេសការធ្វើនេសាទជលផលគ្រប់ប្រភេទ ដើម្បីយកមកលក់នៅ "ផ្សារខ្មោច" Hoa My ។
ទិដ្ឋភាពនៃការទិញ លក់ ត្រីនៅផ្សារ Hoa My។ រូបថត៖ Tan Phong/VOV |
នៅវេលាម៉ោង ១២យប់ ជានៅពេលដែលភូមិឃុំនានាមានភាពស្ងប់ស្ងាត់ មនុស្សគ្រប់គ្នានៅតែលង់លក់ស្រួល ក៏ជាពេលចាប់ផ្តើមប្រជុំផ្សារ ជាមួយនឹងវត្តមានរបស់អាជីវករនៅមាត់ច្រាំងនិងលើទូករបស់ប្រជាជនក្នុងតំបន់ជុំវិញ ឆ្លងកាត់ទន្លេ ព្រែក និងអូរជាច្រើន ដើម្បីនាំយកជលផលដែលខ្លួននេសាទបានមកលក់នៅទីនេះ។ នៅពេលនោះ កំពង់ផែពោរពេញដោយទូក កាណូត និងទូកនេសាទដែលដឹកមនុស្សមកពីគ្រប់ទិសទី ខណៈដែលនៅមាត់ច្រាំងមានសំលេងសើចសប្បាយនិងការជជែកដេញដោលគ្នាពីអ្នកលក់និងអ្នកទិញ។ ជាមធ្យម ផ្សារត្រី Hoa My មានអាជីវករពី ១៥ ទៅ ២០ នាក់ ជួនកាលមានររហូតដល់ ៣០-៤០នាក់។ ចំនួនអ្នកលក់មានរាប់សិបនាក់ ជួនកាលមានជាង ២០០នាក់។ លោក Dang Van Giang នៅឃុំ Hoa An ស្រុក Phung Hiep ខេត្ត Hau Giang បានឲ្យខដឹងថា៖ “ឆ្នាំនេះទឹកឡើងច្រើនជាងធម្មតា។ យប់ខ្លះរកត្រីបានច្រើន ហើយយប់ខ្លះទៀតរកត្រីបានពីរបីក្បាលតែប៉ុណ្ណោះ។ មានត្រីរ៉ស់និងត្រីផ្ទក់តិចណាស់ ប៉ុន្តែមានត្រីក្រាញ់និងត្រីកំភ្លាញច្រើន ថ្ងៃខ្លះខ្ញុំប្រមូលបានប្រហែល ៣-៤ គីឡូក្រាម។ បើចាប់បានច្រើនដូចថ្ងៃនេះ មានត្រីរ៉ស់ចំនួន ៦-៧ គីឡូក្រាម។ ថ្ងៃនេះខ្ញុំលក់បានជាង ៨០០ ពាន់ដុង (ជាង ៣០ ដុល្លារ)”។
នៅលើចំឡេកដីមានបណ្តោយ ៣០០ម៉ែត្រ ម្ខាងជាផ្លូវថ្នល់ ម្ខាងទៀតជាទន្លេ គ្មានហាង គ្មានភ្លើងអគ្គិសនីភ្លឺទេ ... អាជីវករជ្រើសរើសកន្លែងដោយខ្លួនឯង រៀបចំកៅអីតូចៗសម្រាប់អង្គុយ ហើយទិញលក់ទំនិញជាមួយអ្នកដទៃ។ នៅទីនេះ ជលផលគ្រប់ប្រភេទដូចជា៖ ត្រីរ៉ស់ ត្រីអណ្តែង ត្រីត្រាញ់ បង្គារ... រួមជាមួយនឹងបន្លែរដូវទឹកឡើង ដូចជា៖ ផ្កាស្នោ ព្រលិត... ត្រូវបានអាជីវករស្វែងរកច្រើនបំផុត។ ពេលទិញរួចហើយ អាជីវករនឹងដឹកទំនិញដោយម៉ូតូទៅលក់នៅតាមផ្សារនានាក្នុងខេត្ត Can Tho, Vinh Long, Soc Trang។ អ្នកស្រី Le Thi Loan អាជីវករម្នាក់នៅផ្សារ Hoa My បានឲ្យដឹងថា៖ “ ម៉ោង ១២ យប់ ខ្ញុំភ្ញាក់ពីដេក ហើយទៅផ្សារ។ ខ្ញុំប្រមូលទិញទំនិញគ្រប់យ៉ាង ដូចជាត្រីរ៉ស់ កង្កែប បង្គា...។ ឥឡូវជាពាក់កណ្តាលរដូវទឹកឡើង ដូច្នេះតម្លៃក៏ថោកណាស់។ ដល់ម៉ោង ៣ទៀបភ្លឺ ខ្ញុំបានយកទំនិញទៅ Can Tho ហើយពេលណាលក់អស់ហើយ ទើបខ្ញុំត្រឡប់មកផ្ទះវិញ”។
ត្រីដែលប្រជានាសាទរកបាន ។ រូបថត៖ Tan Phong/VOV |
ជាធម្មតា ផ្សារត្រី Hoa My បានប្រមូលទិញ ត្រីបាន៣-៤តោនក្នុងមួយយប់ ហើយពេលខ្លះបានប្រមូលទិញរហូតដល់ ៦-៧តោន។ អ្នកស្រី Lam Thi Chien នៅភូមិទី៥ ឃុំ Hoa My បានប្រមូលទិញត្រីនៅផ្សារនេះរយៈពេលជិត៣០ឆ្នាំមកហើយ បានឲ្យដឹងថា៖ “ថ្ងៃនេះមានត្រីតិចណាស់ ខ្ញុំទិញបានប្រហែល ៥០-៦០ គីឡូក្រាមប៉ុណ្ណោះ។ កាលពីមុន ខ្ញុំទិញត្រីធំៗក្នុងតម្លៃ ១១ ម៉ឺនដុង/គីឡូក្រាម ប៉ុន្តែឥឡូវនៅសល់តែ ១០ ម៉ឺនដុង / គីឡូក្រាម”។
បន្ទាប់ពីលក់ទំនិញទៅឲ្យអាជីវកររួចហើយ ប្រជានាសាទក្នុងតំបន់បានប្រមូលផ្តុំគ្នានៅភោជនីយដ្ឋាន និងហាងកាហ្វេតាមមាត់ទន្លេ។ ផឹកកាហ្វេមួយពែង ឬតែក្តៅមួយពែង... មនុស្សម្នាបានសើចក្អាក់ក្អាយនិងជជែកជាមួយគ្នាអំពីរដូវកាល ដំណាំ ការដាក់សំណាញ់ និងការនេសាទ។ បន្ទាប់ពីសម្រាកមួយរយៈហើយ ប្រជានេសាទនៅទីនេះប្រញាប់ប្រញាល់ដាក់ម៉ាស៊ីនទូក ដើម្បីចាប់ផ្តើមថ្ងៃថ្មីនៃការនេសាទ ដោយក្តីសង្ឃឹមថា រដូវទឹកឡើងនឹងនាំមកនូវជលផលកាន់តែច្រើន...ដើម្បីធ្វើឱ្យជីវភាពរបស់ពួកគេកាន់តែប្រសើរឡើង៕