ភូមិទេសចរណ៍វប្បធម៌សហគមន៍ Pa Vi Ha - គោលដៅទេសចរណ៍ដ៏ទាក់ទាញនៅតំបន់ខ្ពង់រាបថ្ម
(VOVWORLD) - ភូមិវប្បធម៌ ទេសចរណ៍សហគមន៍ជនជាតិ Mong Pa Vi Ha (ឃុំ Pa Vi ស្រុក Meo Vac ខេត្ត Ha Giang) ស្ថិតនៅតាមដងទន្លេ Nho Que ដ៏រ៉ូមែនទិកនៅតំបន់ព្រំដែនមាតុភូមិ។ ភូមិនេះត្រូវបានគេប្រៀបប្រដូចជាផ្កាដ៏ស្រស់ស្អាត ដែលរីកបង្អួតសម្រស់នៅជើងភ្នំ Ma Pi Leng និងឧទ្យានភូគម្ភសាស្ត្រសកលខ្ពង់រាបថ្ម Dong Van។
ភូមិវប្បធម៌ទេសចរណ៍សហគមន៍ Pa Vi Ha គឺជាផ្ទះរួមរបស់ជនរួមជាតិ Mong ចំនួន ២៦ គ្រួសារ។ (រូបថត៖ Vinh Phong) |
មានចម្ងាយប្រហែល ៤ គីឡូម៉ែត្រពីមជ្ឈមណ្ឌលទីរួមស្រុក Meo Vac និង ១៦០ គីឡូម៉ែត្រពីមជ្ឈមណ្ឌលទីក្រុង Ha Giang ភូមិទេសចរណ៍វប្បធម៌សហគមន៍ Pa Vi Ha ជាការលាយបញ្ចូលគ្នារវាងភាពស្រស់ស្អាតដ៏រហោស្ថាននៃធម្មជាតិ ជាមួយនឹងសញ្ញាសម្គាល់វប្បធម៌របស់ជនជាតិ Mong និងមុខរបរប្រពៃណីរបស់ប្រជាជនប្រចាំតំបន់ ដែលនៅតែត្រូវបានគេថែរក្សា។ ភូមិនេះមានផ្ទះឈើផុតពីដីដែលត្រូវបានរចនាតាមរចនាប័ទ្មផ្សេងៗគ្នា ជាមួយនឹងសិល្បៈស្ថាបត្យកម្មតាមលំនាំផ្កាម៉ាកខៃ ដែលជាប្រភេទផ្កាប្រចាំតំបន់ខ្ពង់រាបថ្ម។ ដោយមានផ្ទៃដីសរុបជាង ៤៦ ពាន់ម៉ែត្រការ៉េ ភូមិមានផ្ទះវប្បធម៌ ផ្ទះតាំងបង្ហាញប្រពៃណីរបស់ជនជាតិ Mong និងទីលានរាងឆកោនដែលប្រើជាកន្លែងសំដែងវប្បធម៌សិល្បៈប្រពៃណីរបស់ជនជាតិ Mong។ លោក Tho Mi Po មេភូមិ Pa Vi Ha បានឲ្យដឹងថា៖
“ផ្ទះសំណាក់បែប ហូមស្ទេ បានចាប់ផ្តើមដំណើរការតាំងពីឆ្នាំ២០១៨មក។ ភូមិនេះមានប្រជាជនចំនួន២៨គ្រួសារ។ គំរូភូមិវប្បធម៌ទេសចរណ៍សហគមន៍ភូមិ Pa Vi Ha មានការផ្លាស់ប្តូរជាច្រើនចាប់តាំងពីចាប់ផ្ដើមធ្វើទេសចរណ៍មក ហើយជីវភាពរស់នៅកាន់តែប្រសើរឡើងៗ”។
មកដល់ភូមិ Pa Vi ខេត្ត Ha Giang ភ្ញៀវទេសចរបានសម្របខ្លួនទៅក្នុងលំហដែលសម្បូរទៅដោយអត្តសញ្ញាណរបស់ជនជាតិ Mong។ (រូបថត៖ Vinh Phong) |
ផ្ទះសំណាក់ហូមស្ទេ នៅក្នុងភូមិត្រូវបានរចនាតាមស្ថាបត្យកម្មផ្ទះប្រពៃណីរបស់ជនជាតិ Mong។ ហូមស្ទេនីមួយៗមានផ្ទៃដីប្រហែល ៣០០ ម៉ែត្រការ៉េ ដោយមានរបងថ្មព័ទ្ធជុំវិញ ដែលនាំមកនូវអារម្មណ៍ពិតៗ ជិតស្និទ្ធ និងកក់ក្ដៅសម្រាប់ភ្ញៀវទេសចរ។ មកដល់ភូមិ Pa Vi Ha ខេត្ត Ha Giang ភ្ញៀវទេសចរបានសម្របខ្លួនទៅក្នុងបរិយាកាសដ៏ពោរពេញទៅដោយអត្តសញ្ញាណរបស់ជនជាតិ Mong ទទួលបានបទពិសោធន៍សាមញ្ញៗពេញមួយថ្ងៃជាមួយប្រជាជននៅមូលដ្ឋាន ស្លៀកសំលៀកបំពាក់ចម្រុះពណ៌របស់ជនជាតិ Mong និងរួមគ្នាត្បាញក្រណាត់ ចម្អិនអាហារ... លោកស្រី Hoang Thi Hien ម្ចាស់ Pa Vi Homestay បានឲ្យដឹងថា៖
“ភ្ញៀវមកភូមិវប្បធម៌ទេសចរណ៍សហគមន៍ Pa Vi Ha ក្នុងរដូវក្ដៅគឺតិចជាងរដូវរងារ។ ក្នុងរដូវរងា ភូមិទទួលស្វាគមន៍ភ្ញៀវទេសចរច្រើនណាស់។ មកដល់ភូមិ ភ្ញៀវអាចទទួលទានម្ហូបអាហារពិសេសៗដូចជា៖ សាច់ឆ្អើផ្សែង សាច់ក្រក ស្រាពោត និងផលិតផលពីដើម buckwheat (បាក់វីត)។ យើងខ្ញុំក៏ទើបតែបើកដំណើរការឡើងវិញបានជាង ២ ឆ្នាំដែរ ក្រោយពីជំងឺរាតត្បាតកូវីដ-១៩... កាលពីឆ្នាំមុនៗ គ្រឿងបរិក្ខារមិនទាន់ឆ្លើយតបបានយ៉ាងល្អបំផុតសម្រាប់ភ្ញៀវទេសចរនៅឡើយ ប៉ុន្តែឥឡូវនេះយើងខ្ញុំបានជួសជុល និងធ្វើឲ្យភ្ញៀវពេញចិត្តជាងមុន”។
ប្រសិនបើមកដល់ភូមិវប្បធម៌ទេសចរណ៍សហគមន៍ Pa Vi Ha ចំឱកាសពិធីបុណ្យនានា ដូចជាពិធីបុណ្យ Gau Tao Ha Giang ពិធីសែនព្រះព្រៃនោះ ភ្ញៀវទេសចរអាចសម្របខ្លួនទៅក្នុងបរិយាកាសដ៏រីករាយនៃបទចម្រៀងនិងភ្លេងគែនរបស់យុវជន យុវនារីជនជាតិ Mong ដើម្បីយល់កាន់តែច្បាស់អំពីអត្តសញ្ញាណវប្បធម៌របស់ជនជាតិ Mong។
ដោយបង្កប់នូវអត្តសញ្ញាណវប្បធម៌របស់ជនជាតិ Mong ភូមិវប្បធម៌ទេសចរណ៍សហគមន៍ Pa Vi Ha ជួយភ្ញៀវទេសចរមានពេលសម្រាកលំហែកាយប្រកបដោយផាសុកភាព ជាមួយនឹងហាងកាហ្វេប្លែកៗ និងបន្ទប់ទទួលទានអាហារដែលរចនាតាមបែបសាមញ្ញ ស្តង់លក់វត្ថុអនុស្សាវរីយ៍ជាច្រើនមុខដូចជា៖ ក្រណាត់ចរបាប់ របស់របរប្រើប្រាស់ប្រចាំថ្ងៃរបស់ជនជាតិ Mong... ជាពិសេស ប្រសិនបើមកដល់ភូមិ Pa Vi Ha នៅដើមរដូវរងា នៅពេលដែលផ្កា buckwheat រីកស្គុះស្គាយនោះ ភ្ញៀវទេសចរនឹងចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកំរាលផ្កា buckwheat ដ៏ស្រស់ស្អាត រីករាយភាយក្លិនក្រអូបក្រោមពន្លឺថ្ងៃពេលព្រឹក។
“ខ្ញុំបានជ្រើសរើសទៅកាន់ Ha Giang ទៅកាន់ខ្ពង់រាបថ្ម និងភូមិ Pa Vi នៅដើមរដូវរងា ព្រោះខ្ញុំលឺថា កន្លែងនេះស្រស់ស្អាតណាស់។ ពិតជាគួរឱ្យចាប់អារម្មណ៍... ភូមិវប្បធម៌ទេសចរណ៍សហគមន៍នេះ ស្ថិតនៅចន្លោះចំណោទច្រាំងភ្នំចំនួនពីរ ដែលបង្កើតឡើងភាពអស្ចារ្យលើសលប់។ ខ្ញុំបានស្នាក់នៅទីនេះ ១យប់ហើយ ពិតជាសប្បាយណាស់ ហើយកូនៗខ្ញុំក៏ចូលចិត្តដែរ។ យើងខ្ញុំបានញ៉ាំអាហារប្រចាំតំបន់ជាច្រើន ច្រៀងនៅជុំវិញភ្នក់ភ្លើងជំរុំ ហើយស្វែងយល់បន្ថែមអំពីវប្បធម៌នៅទីនេះ”។
“មកដល់ទីនេះទើបខ្ញុំស្គាល់ផ្កា buckwheat...ស្អាតណាស់។ ភាពរហោស្ថាននៃព្រៃភ្នំ និងទេសភាពនៅទីនេះបានធ្វើឱ្យខ្ញុំពិតជាចាប់អារម្មណ៍ម៉ែនទែន។ ខ្ញុំនឹងវិលត្រឡប់មកទីនេះជាក់ជាពុំខាន ប្រហែលជាច្រើនដងទៀត”។
ភូមិវប្បធម៌ទេសចរណ៍សហគមន៍ Pa Vi Ha បានក្លាយជាទីបង្អង់ដំណើរដ៏គួរឲ្យចាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរក្នុងស្រុក និងបរទេស ជាពិសេសអ្នកដែលចង់ទទួលបានបទពិសោធន៍ពិតប្រាកដនិងស្និទ្ធស្នាលនៅពេលមកដល់ខ្ពង់រាបថ្ម Dong Van។ មកដល់ទីនេះ ភ្ញៀវទេសចរនឹងមានអនុស្សាវរីយ៍មិនអាចបំភ្លេចបានក្នុងការធ្វើដំណើរស្វែងយល់ពីទឹកដីនិងមនុស្ស Ha Giang៕