វត្ត Ong Met - កេរ្តិ៍ដំណែលជាតិនៅខេត្តត្រាវិញ
(VOVWORLD) - វត្ត Ong Met គឺជាវត្តមួយក្នុងចំណោម វត្តអារាម ចំណាស់បំផុតនៅខេត្តត្រាវិញ របស់ជនជាតិខ្មែរ ដែលកាន់ព្រះពុទ្ធសាសនាថេរវាទគឺនៅតែរក្សាបានរចនាស្ថាបត្យកម្មខ្មែរស្ទើរតែទាំងស្រុង។ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាមបានទទួលស្គាល់វត្តនេះជាកេរ្កិ៍ដំណែលជាតិនាថ្ងៃទី ៣ ខែមិនា ឆ្នាំ ២០០៩។
វត្ត Ong Met - កេរ្តិ៍ដំណែលជាតិនៅខេត្តត្រាវិញ |
ដូចទៅនឹងវត្តខ្មែរដទៃទៀតដែរ វត្ត Ong Met រួមមានសំណង់ស្ថាបត្យកម្មជាច្រើនដូចជា៖ ខ្លោងទ្វារ វិហារធំ សាលា បង្គោលទង់ ប្រាង្គឧទ្ទិសកុសល់។ បើទោះបីបានសាងសង់ក្នុងដំណាក់កាលខុសពីគ្នា ជាមួយនឹងសម្ភារៈផ្សេងគ្នា ហើយបានប្រើប្រាស់ក្នុងគោលបំណងផ្សេងគ្នាក៏ដោយ ប៉ុន្តែស្ថាបត្យកម្មឯករាជ្យទាំងនេះបានស្ថិតស្ថិរយ៉ាងសុខុមរមនាក្នុងស្ថាបត្យកម្មរួម ពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ខ្មែរណាបូ។ ព្រះតេជគុណ Thach Oai អនុប្រធានអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាព្រះសង្ឃស្នេហាជាតិខេត្តត្រាវិញ និងជាព្រះចៅអធិការវត្ត Ong Met មានពុទ្ធដីកាថា៖ វត្តនេះបានសាងសង់ឡើងក្នុងឆ្នាំ ៦៤២។ ពីមុនវត្តមានឈ្មោះថាវត្តកំពង់ ព្រោះថាកាលពីមុនមានកំពង់ មានទន្លេ និងប្រឡាយទឹកសម្រាប់ទូកមកចត។ ក្រោយមក វត្តនេះមានឈ្មោះថា Bodhisàlaraja ដែលមានន័យថាដើមពោធិ៍តំណាងឱ្យការត្រាស់ដឹង ហើយដើមពោធិ៍ត្រូវបានប្រៀបប្រដូចជាស្ដេចនៃដើមឈើ។ ផ្អែកតាមរឿងព្រេងថា មានព្រះពុទ្ធបដិមានៅលើដើមពោធិ៍ក្នុងព្រែក ។ ដោយដឹងថាមានព្រះពុទ្ធបដិមាអណ្តែតនៅក្នុងស្រះនោះ ប្រជាពលរដ្ឋបានយកទៅវត្ត ប៉ុន្តែមិនអាចលី និងស្រង់ព្រះពុទ្ធបដិមាចេញពីផ្ទៃទឹកបានឡើយ។ ស្រាប់តែនៅពេលយប់ ព្រះសង្ឃមួយអង្គបានរំលឹកក្នុងសុបិនថា ត្រូវធ្វើពិធីសែនព្រេន។ រួចយកអំបោះមកចងនឹងព្រះពុទ្ធបដិមា។ នៅពេលដែលប្រជាជនធ្វើតាមសុបិននោះ ព្រះពុទ្ធបដិមាត្រូវបានទាញឡើងទៅកាន់វិហារធំបច្ចុប្បន្ន។ វត្តនេះមានទំហំ ១២ ៧០០ ម៉ែត្រការ៉េ។ វត្តកំពុងត្រូវបានជួសជុលកែលម្អឡើងវិញ ហើយគ្រងនឹងសម្រេចនៅឆ្នាំ ២០២៣ខាងមុខផងដែរ។
ខ្លោងទ្វារវត្ត Ong Met ត្រូវបានសាងសង់យ៉ាងរឹងមាំ និងអង់អាច ដោយមានសសរចំនួន៨ទ្រទ្រង់ដំបូលខ្លោងទ្វារ។ នៅខាងលើសសរនីមួយៗត្រូវបានឆ្លាក់រូបសត្វ Keyno ហាក់ដូចជាចង់ផ្ញើសេចក្ដីស្វាគមន៍ដ៏ស្និទ្ធស្នាលដល់ភ្ញៀវទេសចរមកទស្សនា។ សង្ខាងខ្លោងទ្វារ ជាជញ្ជាំងយ៉ាងស្រស់ស្អាត តុបតែងដោយពស់ក្បាល ៧ ដែលជានិមិត្តសញ្ញាដ៏សក្តិសិដ្ឋចំពោះជនជាតិខ្មែរ។ វិហារធំត្រូវបានសាងសង់ដោយសសរឈើដ៏ប្រណិតចំនួន ៣២ ដែលបែងចែកជា ៤ ជួរ។ នៅចុងជួរឈរនីមួយៗ និងបន្ទះក្តារផ្ដេកត្រូវបានឆ្លាក់យ៉ាងស្រស់ស្ដាត។ នៅលើអាសនៈសក្ការបូជាខាងក្នុងវិហារធំមានព្រះពុទ្ធបដិមាព្រះពុទ្ធ Thích Ca គង់លើបល្ល័ង្កឈូកមានកម្ពស់ ៤,៤ ម៉ែត្រ បណ្តោយ ៥ ម៉ែត្រ និងទទឹង ៤,៣ ម៉ែត្រ។ នេះគឺជាព្រះពុទ្ធបដិមាមួយអង្គ ក្នុងចំណោមព្រះពុទ្ធ បដិមាធំបំផុតក្នុងវត្តអារាមខ្មែរនៅខេត្តត្រាវិញ។ បើក្រឡេកមើលពីលើចុះក្រោម លោកអ្នកនឹងមើលឃើញដំបូលវិហារធំរបស់វត្ត Ong Met ដែលប្រៀបប្រដូចជាហ្វូងនាគ មើលចុះពីលើមេឃចុះទិសទាំងបួននៃពិភពមនុស្ស។
វត្ត Ong Met ជាកន្លែងសិក្សា និងបណ្តុះបណ្តាលព្រះសង្ឃជាច្រើនជំនាន់ សម្រាប់វត្តអារាមខ្មែរនានានៅខេត្តត្រាវិញ ក្នុងនោះមានអ្នកមុខអ្នកការជាច្រើនអង្គដែលបានរួមចំណែកជាច្រើនដល់ផ្លូវលោក និងផ្លូវធម៌ដូចជា៖ ព្រះសង្ឃ Son Vong អនុប្រធានរណសិរ្សជនជាតិរំដោះវៀតណាមខាងត្បូង; មហា Son Thong សមាជិកគណៈអធិបតីនៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម; ព្រះតេជគុណ មហា Thạch Sa rây អនុប្រធានគណៈកម្មាធិការមជ្ឈិមនៃសមាគមពុទ្ធសាសនាវៀតណាមជាដើម។ ព្រះតេជគុណ Son Kenne នៅវត្ត Ong Met មានពុទ្ធដីកាថា៖ “ចំពោះព្រះពុទ្ធសាសនាថេរវាទគឺ វត្តទាំងអស់សុទ្ធតែបានបើកថ្នាក់បឋម និងថ្នាក់មធ្យម។ មានវត្តមួយចំនួនបានបើកថ្នាក់បឋមសម្រាប់ឆ្នាំ ទី ១ ឆ្នាំទី ២ និងឆ្នាំ ទី ៣។ វត្តនេះកំពុងបើកថ្នាក់មធ្យមពុទ្ធិសម្រាប់ឆ្នាំទី ៣ និងថ្នាក់បឋមសម្រាប់ឆ្នាំ ទី ១ ឆ្នាំទី ២ ឆ្នាំ ទី៣ និងឆ្នាំទី ៤។ ថ្នាក់បឋមត្រូវសិក្សាក្នុងរយៈពេល ៣ ឆ្នាំ និងថ្នាក់មធ្យមសិក្សាក្នុងរយៈពេល ៤ ឆ្នាំ ហើយវគ្គសិក្សាសរុបគឺមានរយៈពេល ៧ ឆ្នាំផងដែរ”។
វត្ត Ong Met ជាកន្លែងសិក្សា និងបណ្តុះបណ្តាលព្រះសង្ឃជាច្រើនជំនាន់ |
ខេត្តត្រាវិញមានវត្តចំនួន ១៤៣ ហើយវត្តទាំងអស់សុទ្ធតែបានបើកថ្នាក់រៀន។ សិក្ខាកាមមានគ្រប់វ័យ ចាប់ពីសិស្សានុសិស្ស មនុស្សពេញវ័យ រហូតដល់ពុទ្ធបរិស័ទ និង ព្រះសង្ឃ។ ព្រះសង្ឃ Kim Hoang Trung មកពីស្រុក Tra Cu ខេត្ត Tra Vinh មានពុទ្ធដីកាថា៖ “ក្នុងមួយឆ្នាំសិក្ខាកាមបានសិក្សារៀនសូត្រក្នុងរយៈពេល ៩ ខែ ហើយក្នុងមួយខែបានសម្រាក ៤ ថ្ងៃ។ សិក្ខាកាមបានសិក្សាមុខវិទ្យាចំនួន ១០ មុខ ដួចជា៖ ភាសាខ្មែរ សរសេរតាមអាន គណិតវិទ្យា អក្សរសាស្ត្រ និងបាលីជាដើម។ លោកគ្រូបង្រៀនភាសាបាលីមកពីនៅស្រុក Tieu Can ខេត្តត្រាវិញ។ លោកបានស្ម័គ្រចិត្តបង្រៀន ដោយមិនគិតថ្លៃ។ លោកបានទៅសិក្សាថ្នាក់បណ្ឌិតនៅឥណ្ឌា”។
វត្ត Ong Met បានប្រមូលផ្ដុំលក្ខណៈដ៏វិសេសវិសាលនៃវប្បធម៌ខ្មែរ ហើយជានិមិត្តរូបនៃនិកាយថេរវាទខ្មែរណាមបូ។ វត្តនេះមិនត្រឹមតែជាកន្លែងធ្វើពិធីសាសនាប៉ុណ្ណោះទេ ថែមទាំងជាមជ្ឈមណ្ឌលនៃសកម្មភាពវប្បធម៌សហគមន៍ទៀតផង។ ជាមួយនឹងតម្លៃប្រវត្តិសាស្ត្រ វប្បធម៌ និងសិល្បៈដ៏វិសេសវិសាល វត្ត Ong Met បានក្លាយជាអាស័យដ្ឋានទេសចរណ៍ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរមកពីទាំងជិត និងឆ្ងាយ នៅពេលមកទស្សនាខេត្តត្រាវិញម្ដងៗផងដែរ៕