សាលាភូមិ Thuong Cung - កេរ្តិ៍ដំណែលថ្នាក់ជាតិ
(VOVWORLD) - សាលាភូមិ Thuong Cung ជាសាលាភូមិមួយក្នុងចំណោមសាលាភូមិ បុរាណតិចតួចបំផុតដែលនៅតែសេសសល់រហូតដល់សព្វថ្ងៃនេះ។ សាលាភូមិ Thuong Cung ស្ថិតនៅភូមិ Thuong Cung ឃុំ Tien Phong ស្រុក Thuong Tin រដ្ឋធានីហាណូយ។ សាលាភូមិនេះត្រូវបានកសាងឡើងមុននេះប្រមាណ៤០០ឆ្នាំ ដែលបង្កប់នូវតម្លៃវប្បធម៌ប្រវត្តិសាស្ត្រជាច្រើន ហើយត្រូវបានក្រសួងវប្បធម៌វៀត ណាមទទួលស្គាល់ជាកេរ្តិ៍ដំណែលថ្នាក់ជាតិកាលពីថ្ងៃទី៣ ខែសីហាឆ្នាំ១៩៩១។
ក្លោងទ្វារសាលាភូមិ Thuong Cung |
ភូមិ Thuong Cung ស្ថិតនៅចម្ងាយចំនួន១៥គីឡូម៉ែត្រពីប៉ែកខាងត្បូង រដ្ឋធានីហាណូយ។ សាលាភូមិ Thuong Cung ត្រូវបានកសាងឡើងនាដើម សតវត្សទី១៧ នៅលើតំបន់ដីធំទូលាយនៅភូមិ Thuong Cung និងនៅខាងឆ្វេង មាត់ទន្លេ Nhue។ សាលាភូមិនេះបែរមុខទៅរកទន្លេតាមទិសខាងជើង ដែលជាទិស កម្រមានក្នុងស្ថាបត្យកម្មសាលាភូមិ។ សាលាភូមិ Thuong Cung ជាសំណង់ដ៏ ពោរពេញទៅដោយលក្ខណៈស្ថាបត្យកម្មចម្លាក់សិល្បៈនៃរាជកាលស្ដេច Le។ សសរទាំងអស់សុទ្ធតែត្រូវបានធ្វើពីឈើក្រញូង ហើយដាក់នៅលើជើងថ្ម ខៀវ។ នៅលើសសរនីមួយៗមានឆ្លាក់គំនូរក្បូរក្បាច់យ៉ាងល្អប្រណិតជារូបនាគ ហង្ស ផ្កា ពពក ហើយពិសេសគឺរូបមនុស្ស។ លោក Pham Van Nhang អ្នកមើល ថែសាលាភូមិ Thuong Cung បានអោយដឹងថា៖
“សាលាភូមិ Thuong Cung ត្រូវបានកសាងឡើងនាឆ្នាំ១៦៣៧ ហើយបាន ជួសជុលឡើងវិញនាឆ្នាំ១៦៨៧ ឆ្នាំ១៨៦៤និងឆ្នាំ២០០៤ ប៉ុន្តែនៅតែរក្សាស្ថាបត្យ កម្មបុរាណដដែល។ នាបច្ចុប្បន្ន ក្នុងសាលាភូមិកំពុងអភិរក្សវត្ថុបុរាណជាច្រើនណាស់”។
យោងតាមរឿងព្រេងប្រជាប្រិយក៏ដូចជាឯកសារប្រវត្តិសាស្ត្រនៅក្នុងសាលាភូមិ Thuong Cung បានអោយដឹងថា សាលាភូមិនេះជាទីកន្លែងធ្វើសក្ការៈបូជា អ្នកតាភូមិចំនួន៣អង្គ។ តាមរឿងព្រេងបានដំណាលថា កាលពីយូរណាស់មក ហើយ មានឧត្តមសេនីយ៍ចំនួន៣រូបបាននាំទ័ពទៅប្រយុទ្ធនឹងខ្មាំងសត្រូវ។ ក្រោយពី វាយឈ្នះលើពួកសត្រូវទាំងនោះ ក្នុងដំណើរវិលត្រឡប់មករាជធានី Thang Long វិញ ឧត្តមសេនីយ៍ទាំង៣រូបបានបង្អង់ដំណើរនៅស្រុកកំណើតដើម្បីចូល ថ្វាយបង្គុំដូនតា។ នៅទីនេះ ឧត្តមសេនីយ៍ទាំង៣រូបនេះបានក្លាយទៅជាព្រះ អាទិទេព។ ហើយត្រូវបានអ្នកភូមិធ្វើសក្ការៈបូជា។ លោកស្រី Duong Thi Huy ជនចាស់ជរាម្នាក់នៅភូមិ Thuong Cung បានអោយដឹងថា៖
“តាមរឿងព្រេងនៃភូមិបានដំណាលថា ឧត្តមសេនីយ៍ទាំង៣រូបនេះទទួល បានព្រះរាជ្យបញ្ជាអោយទៅប្រយុទ្ធនឹងសត្រូវ Chiem Thanh។ គេទៅពីភូមិ នេះរហូតដល់តំបន់ភាគកណ្ដាលប្រទេសជាតិ ហើយទៅដល់ទីណាក៏ដណ្ដើម បានជ័យជំនះដែរ។ ហេតុនេះហើយ ប្រជាជាននៅតាមតំបន់នីមួយៗសុទ្ធតែ កសាងទីសក្ការៈបូជាដើម្បីរំលឹកគុណបំណាច់របស់គេ។ គិតតាំងពីភូមិនេះដល់ បណ្ដាខេត្តក្រុងភាគកណ្ដាល មានទីសក្ការៈបូជាសរុបឡើងទៅ៧២កន្លែង”។
សាលាភូមិ Thuong Cung |
ពិធីបុណ្យសាលាភូមិ Thuong Cung ត្រូវបានរៀបចំឡើងនាខែ៨តាមច័ន្ទគតិ ជារៀងរាល់ឆ្នាំ។ នេះក៏ជាឱកាសដើម្បីអ្នកភូមិរំលឹកគុណបំណាច់របស់ឧត្តមសេនីយ៍ទាំង៣រូបនេះ។ លោកស្រី Duong Thi Huy អ្នកភូមិ Thuong Cung បានអោយដឹងថា៖
“ពិធីបុណ្យប្រព្រឹត្តទៅនាថ្ងៃទី១១ ខែ៨ តាមច័ន្ទគតិ។ មានគ្រូសែន ក្រុម សែនអ្នកតាភូមិនិងក្រុមអុជធូប។ ពេលល្ងាច អ្នកភូមិគ្រប់រូបក៏យកគ្រឿងសំណែន ទៅសែនអ្នកតាភូមិផងដែរ។ នាថ្ងៃទី១២ ភូមិរៀបចំពិធីជប់លៀង សម្ដែង សិល្បៈ និងច្រៀងរាំយ៉ាងសប្បាយរីករាយណាស់”។
រាល់ឯកសារដែលត្រូវបានអភិរក្សក្នុងសាលាភូមិ Thuong Cung ជាប្រភព ឯកសារថ្លៃថ្លាសម្រាប់ការស្រាវជ្រាវស្ថាបត្យកម្មនិងវិចិត្រសិល្បៈនៃសាលាភូមិ បុរមបុរាណ។ ទេសភាពនិងបរិស្ថានធម្មជាតិនៅភូមិ Thuong Cung ក៏រួមចំណែក បង្កើនតម្លៃនៃសាលាភូមិនេះផងដែរ។ ចាប់តាំងពីពេលបានកសាងឡើងមក សាលាភូមិ Thuong Cung ជានិច្ចកាលត្រូវបានអ្នកភូមិថែរក្សា អភិរក្ស សំដៅរួម ចំណែកអភិវឌ្ឍវប្បធម៌ជនបទវៀតណាម៕