ស្ថានទូតវៀតណាមប្រចាំកម្ពុជា ប្រកៀកស្មាជាមួយបងប្អូនជនរួមជាតិជានិច្ចក្នុងការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត កូវីដ ១៩
(VOVWORLD) - កម្ពុជាកំពុងឆ្លងកាត់ដំណាក់កាលដ៏លំបាកលំបិនមួយដោយសារផលប៉ះពាល់ អវិជ្ជមានបង្កឡើងដោយការផ្ទុះរាលដាលជម្ងឺ កូវីដ ១៩ ក្នុងសហគមន៍ចាប់តាំងពីថ្ងៃ ទី២០ ខែកុម្ភៈ មក។ ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាសឹងតែទាំងអស់នៅតាមតំបន់ ដែលមានការផ្ទុះជម្ងឺ សុទ្ធតែរងផលប៉ះពាល់ ក្នុងនោះមានសហគមន៍ជនកម្ពុជា ដើមកំណើតវៀតណាមផងដែរ។
លោកឯកអគ្គរដ្ឋទូត Vu Quang Minh ជួបសំណេះសំណាលជាមួយបងប្អូនខ្មែរ-វៀតណាមក្នុងដំណើរទស្សនកិច្ចការងារនៅខេត្ត កំពង់ឆ្នាំង។ (រូបថត៖ VOV) |
ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត នាពេលកន្លងមក ស្ថានទូតវៀតណាមប្រចាំកម្ពុជាបាន បង្កើនការជួយឧបត្ថម្ភខាងសម្ភារៈ និងនីតិវិធីច្បាប់សម្រាប់ បងប្អូន ព្រមទាំងឃោសនា ដើម្បីបងប្អូននឹងនរចិត្តអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការបង្ការទប់ស្កាត់រោគរាតត្បាតតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជាបន្តទៅនេះ សូមផ្ញើរជូនលោកអ្នក នាងនិងប្រិយមិត្តនូវបទសម្ភាសន៍របស់អ្នកយកព័ត៌មាននៃវិទ្យុសម្លេង វៀតណាមជាមួយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា លោក Vu Quang Minh អំពីបញ្ហានេះ។
អ្នកយកព័ត៌មាន៖ សូមគោរពលោកឯកអគ្គរដ្ឋទូត តើលោកមានការវាយតម្លៃចំពោះស្ថានភាពជម្ងឺ កូវីដ ១៩ នៅកម្ពុជានិយាយរួម និងចំពោះសហគមន៍ខ្មែរ-វៀតណាមនិយាយដោយឡែកយ៉ាងដូចម្ដ៉េច?
"ដូចដែលសម្ដេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជាកំពុងស្ថិតនៅមាត់ជ្រោះនៃសោកនាដកម្ម ហើយប្រសិនបើប្រជាជននិងរាជរដ្ឋាភិបាលមិនរួបរួមគ្នាប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតនោះទេ គឺផលវិបាកនឹងមិនអាចទាយទុកជាមុនបានឡើយ។ កាលពីជាងមួយឆ្នាំមុននេះ ចាប់តាំងពី កូវីដ ១៩ ទើបតែកើតមានឡើងនាដើមឆ្នាំ២០២០ រហូតដល់ខែកុម្ភៈឆ្នាំនេះ កម្ពុជាបានបង្ការទប់ស្កាត់រោគរាតត្បាតប្រកបដោយជោគជ័យ ហើយជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនដែលមានចំនួនអ្នកជម្ងឺទាបបំផុតលើពិភពលោក ព្រមទាំងគ្មានករណីស្លាប់ផងដែរ។ ប៉ុន្តែ ចាប់តាំងពីការផ្ទុះរាលដាលកាលពីថ្ងៃទី២០ កុម្ភៈ កន្លងទៅ វីរុសបំប្លែងថ្មីដោយមានល្បឿនចម្លងយ៉ាងឆាប់រហ័សបានឆ្លងរាលដាលយ៉ាងខ្លាំងក្នុងសហគមន៍ ហើយបង្ខំឲ្យរាជរដ្ឋាភិបាលកម្ពុជាត្រូវតែអនុវត្តវិធានការដ៏តឹងរឹងបំផុតដូចជា បិទខ្ទប់រាជធានីភ្នំពេញនិងទីក្រុងតាខ្មៅជាលើកដំបូង ប្រកាសបំរាមគោចរ ហាមឃាត់ការធ្វើដំណើររវាងបណ្ដាមូលដ្ឋាន ហើយបង្កើត “តំបន់ក្រហម” ដែលជាតំបន់មានហានិភ័យឆ្លងជម្ងឺខ្ពស់ក្នុងរាជធានី សំដៅកាត់ផ្ដាច់ការឆ្លងរាលដាលក្នុងសហ គមន៍។ ក្នុងចំណោមអ្នកជម្ងឺ កូវីដ ១៩ នៅកម្ពុជា មានទាំងបងប្អូនដើមកំណើតវៀតណាម និងពលរដ្ឋវៀតណាមដែលត្រូវជាប់គាំងនៅទីនេះផងដែរ។ ខេត្តកណ្ដាល ស្វាយរៀង ព្រះសីហនុនិងរាជធានីភ្នំពេញ ជាតំបន់ដែលប្រមូលផ្ដុំ ប្រជាជនដើមកំណើតវៀតណាមយ៉ាងច្រើនបំផុត (ប្រមាណជាង៨ម៉ឺននាក់) ហើយក៏ជាតំបន់ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតផងដែរ"។
លោកឯកអគ្គរដ្ឋទូត Vu Quang Minh (អាវពណ៌ស) និងតំណាងសមាគមន៍ខ្មែរ-វៀតណាមនៅកម្ពុជាពិភាក្សាស្វែងរកដំណោះស្រាយជួយឧបត្ថម្ភបងប្អូនដើមកំណើតវៀតណាមក្នុងការទប់ទល់នឹងជម្ងឺ កូវីដ ១៩។ |
អ្នកយកព័ត៌មាន៖ សូមលោក ជម្រាបពីការងារគាំពារពលរដ្ឋរបស់ស្ថានទូតវៀតណាមចំពោះសហ គមន៍បងប្អូនជនរួមជាតិយើងនៅកម្ពុជា ជាពិសេសគឺនៅ “កន្លែងក្ដៅគគុកនៃជម្ងឺរាតត្បាត”?
"នាពេលកន្លងមក ស្ថានទូតនិងអគ្គស្ថានកុងស៊ុលវៀតណាមទាំងពីរប្រចាំនៅ ក្រុងព្រះសីហនុ និងបាត់ដំបងបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត សហការជាមួយសមាគមន៍ខ្មែរ-វៀតណាមនិងសាខាសមាគមន៍នៅតាមខេត្ត ក្រុងនានា ដើម្បីជួយសង្គ្រោះនិងផ្ដល់ជំនួយជូនបងប្អូនដើមកំណើតវៀតណាម ដែលកំពុងជួបការលំបាកយ៉ាងខ្លាំងដោយសារជម្ងឺរាតត្បាត តាមរយៈការអំពាវ នាវឲ្យផ្ដល់ជំនួយនិងឧបត្ថម្ភផលិតផលចាំបាច់ សម្ភារៈវេជ្ជសាស្ត្របង្ការប្រឆាំងរោគរាតត្បាត និងសាច់ប្រាក់ ពីបណ្ដាអង្គការ ស្ថាប័ន សហគ្រាស តំបន់ សមូហភាពនិងសប្បុរសជន នៅទាំងវៀត ណាមនិងកម្ពុជា ដើម្បីចែកចាយដល់ដៃបងប្អូនឲ្យទាន់ពេលវេលា។ សកម្មភាពជួយឧបត្ថម្ភមានទិសដៅស្នូលចំនួន៣។ ទីមួយគឺការឃោសនា ណែនាំឲ្យបងប្អូនលើកកំពស់មនសិការស្វាយការពារខ្លួនឯង គោរពបទបញ្ញត្តិរបស់អាជ្ញាធរដែនដី ព្រមទាំងតាមដានយ៉ាងដិតដល់ស្ថានភាពនៅតាមកន្លែងក្ដៅគគុក ដើម្បីមានការជួយឧបត្ថម្ភឲ្យទាន់ពេលវេលា ជាក់ស្ដែង មិនទុកឲ្យបងប្អូនត្រូវខ្វះខាតស្បៀងអាហារបរិភោគទេ ហើយចលនាបងប្អូនមិនធ្វើចំណាកស្រុកតាមចិត្តឯង ឬក៏ស្វែងរកវិធីចូលមកវៀតណាមដោយខុសច្បាប់តាមរយៈសេវាកម្មជូនមនុស្សឆ្លងដែនដោយខុសច្បាប់។ ទីពីរគឺ ចលនាសប្បុរសជន ធុរជនវៀតណាមនិងដើមកំណើតវៀតណាមផ្ដល់ជំនួយឧបត្ថម្ភនៅហ្នឹងកន្លែង ក្នុងនោះ មានក្លឹបធុរកិច្ចវៀតណាម VBCC និងធុរជនជោគជ័យផ្សេងៗទៀតនៅកម្ពុជា។ ទីបីគឺចលនាការផ្ដល់ជំនួយឧបត្ថម្ភពីវៀតណាម"។
ស្ថានទូតជួយឧបត្ថម្ភនិស្សិតវៀតណាមនៅកម្ពុជានូវម៉ាស់និងស្បៀងអាហារក្នុងបរិបទនៃកូវីដ ១៩។ |
អ្នកយកព័ត៌មាន៖ តើលោកមានអនុសាសន៍យ៉ាងណាចំពោះបងប្អូនក្នុងការងារបង្ការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត នៅចំពោះមុខការប្រែប្រួលយ៉ាងស្មុគស្មាញនាបច្ចុប្បន្នទេ?
"ប្រការសំខាន់បំផុតនោះគឺបងប្អូនចាំបាច់ត្រូវស្ងប់អារម្មណ៍ នឹងនរចិត្ត អនុវត្តន៍យ៉ាងត្រឹមត្រូវតាម គោលនយោបាយ បទបញ្ញត្តិនិងវិធានការបង្ការប្រឆាំងជម្ងឺរាតត្បាតរបស់អាជ្ញាធរតំបន់។ លុះត្រាតែយើងរួមកម្លាំងកាយចិត្ត សាមគ្គីគ្នានិងអត់ធ្មត់ យើងនឹងជំនះលើជំងឺឆ្លងហើយវិលត្រឡប់ទៅរកជីវភាពប្រក្រតីវិញ។ ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងប្រមូលកម្លាំង និងការប្តេជ្ញាចិត្តទាំងអស់ទៅលើការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត ដោយបាន ចាក់វ៉ាក់សាំងជាងមួយលានដូស ដែលជាល្បឿននិងអត្រាចាក់វ៉ាក់សាំងឈានមុខគេនៅទាំងអាស៊ីអាគ្នេយ៍ផងនិងលើ ពិភពលោក ដោយសារ កម្ពុជាមានចំនួនប្រជាជនតែ ១៦ លាននាក់ប៉ុណ្ណោះ។ ដំណឹងល្អមួយគឺ អាជ្ញាធរប្រទេសសាមីបានអនុញ្ញាឲ្យ បងប្អូនដើមកំណើតវៀតណាមនៅតាមខេត្ត ក្រុងជាង ១០ ចុះឈ្មោះទទួលការចាក់វ៉ាក់សាំងដូចនឹងពលរដ្ឋកម្ពុជាដែរ ហើយថ្មីៗនេះខេត្តកណ្តាលជាប់ព្រំប្រទល់ជាមួយវៀតណាម និងជាមួយរាជធានីភ្នំពេញបានរៀបចំការចាក់វ៉ាក់សាំងវគ្គដំបូងជូនបងប្អូនដើមកំណើតវៀតណាមជិត ២០០ នាក់ នៅឃុំសំពៅពូន នៅទល់មុខច្រកទ្វារអន្តរជាតិ Long Binh។ បច្ចុប្បន្ននេះ អាជ្ញាធរដែនដីក៏មានកម្មវិធីផ្តល់ជំនួយសង្គ្រោះបន្ទាន់ជាស្បៀងអាហារជូនចំពោះប្រជាជនក្រីក្រនិងខ្វះខាតតាមប្រព័ន្ធ telegram សូមបងប្អូន យកចិត្តទុកដាក់ប្រើប្រាស់នៅពេលចាំបាច់។ជាពិសេស បងប្អូនត្រូវតែគោរពយ៉ាងម៉ឺងម៉ាត់នូវបទបញ្ញត្តិអំពីការបិទខ្ទប់ គួរតែស្នាក់នៅផ្ទះប្រសិនបើមិនមានការងារចាំបាច់ចេញទៅក្រៅ។ បងប្អូនក៏មិនគួរតែព្យាយាមបំលាស់ទីទៅវៀតណាមដែរ ដោយសារក្នុងបរិបទនៃជម្ងឺរាតត្បាតនេះ ច្រកទ្វារនិងខ្សែព្រំដែនត្រូវបានគ្រប់គ្រងយ៉ាងតឹងរឹង ហើយមានការផាកពិន័យយ៉ាងធ្ងន់ធ្ងរទៅលើអ្នកដែលឆ្លងដែនដោយខុសច្បាប់។ រួមកម្លាំងកាយចិត្តជាមួយគ្នា យើងនឹងជំនះលើគ្រាដ៏លំបាកនេះយ៉ាងឆាប់ៗ ហើយស្ថានទូតវៀតណាម សមាគមខ្មែរ-វៀតណាម តែងតែប្រកៀកស្មាជាមួយបងប្អូនជានិច្ច។
អ្នកយកព័ត៌មាន៖ សូមអរគុណលោកឯកអគ្គរដ្ឋទូត៕