Pao Dung - ទំនុកចម្រៀងប្រពៃណីរបស់ជនជាតិយ៉ាវ
(VOVWORLD) - Pao Dung គឺជាការសម្តែងបែបប្រពៃណីជាមួយនឹងបទចម្រៀងមិនព្រាងទុកជាមុនដែលនិពន្ធដោយអ្នកចម្រៀងផ្ទាល់ ដើម្បីបង្ហាញពីអារម្មណ៍និងសេចក្តីប្រាថ្នា របស់ប្រជា ជន ជនជាតិយ៉ាវ (Dao)។ ទំនុកចម្រៀងបទភ្លេង Pao Dung ឆ្លុះបញ្ចាំងពីការងារពលកម្ម ទំនៀមទម្លាប់ អារម្មណ៍ និងសេចក្តីប្រាថ្នារបស់ជនជាតិ Dao ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
ឈុតឆាកច្រៀង Pao Dung នៅផ្ទះសហគមន៍ជនជាតិយ៉ាវក្រហម (រូបថតផ្តល់ដោយអាជ្ញាធរមូលដ្ឋានក្នុងខេត្ត Cao Bang) |
Pao Dung ជាភាសាជនជាតិយ៉ាវមានន័យថា ច្រៀង។ Pao Dung ត្រូវបានបង្កើតឡើង និងវិវឌ្ឍន៍ពីការងារបង្កបង្កើនផល តម្រូវការខាងវិញ្ញាណនិងជំនឿសាសនា ហើយត្រូវបានផ្សាយតៗគ្នាជាច្រើនជំនាន់ រហូតមកដល់សព្វថ្ងៃនេះ បានក្លាយជាលក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់ជនជាតិ Dao។ Pao Dung របស់ជនជាតិយ៉ាវមាន ៣ ប្រភេទក្នុងនោះមាន៖ Pao Dung ពិធី ជាបទចម្រៀងដែលប្រើក្នុងពិធីមង្គលការ, ពិធីពេញវ័យសម្រាប់កំលោះ ពិធី Ban Vuong, ពិធីបុណ្យសព ឬពិធីសែនពេញខែរបស់ទារក..។ Pao Dung ក្នុងជីវភាពប្រចាំថ្ងៃគឺបទចម្រៀងបំពេរកូន, ចម្រៀងរីករាយ, ចម្រៀងឆ្លើយឆ្លងរវាងបុរស និងនារី...។ ចំណែកឯ Pao Dung ក្នុងពេលធ្វើពលកម្ម និងផលិតកម្ម គឺជាបទចម្រៀងដែលលើកសរសើរពីការងារបង្កបង្កើនផល សម្រស់ធម្មជាតិ ឆ្លុះបញ្ចាំងពីជីវិតពនេចរ ការធ្វើស្រែចំការ ឬបទពិសោធន៍អំពីអាកាសធាតុ និងដំណាំត្រូវបានដូនតាចងក្រងច្រើនជំនាន់ហើយមរតកឲ្យកូនចៅជំនាន់ក្រោយ។ លោក Ban Duc Thang លេខារង ប្រធានគណៈកម្មាធិការប្រជាជនឃុំ Phan Thanh ស្រុក Nguyen Binh ខេត្ត Cao Bang បានឲ្យដឹងថា៖ “ការច្រៀងមិនមានកាលបរិច្ឆេទកំណត់ទេ។ នោះជាថ្ងៃឈប់សម្រាកពីការងារ ថ្ងៃតមរបស់ជនជាតិយ៉ាវក្រហមដូចជាថ្ងៃតមខ្យល់ ថ្ងៃតមពីសត្វ បក្សាបក្សីបំផ្លាញដំណាំ... គឺប្រជាជនមិនទៅធ្វើការនៅស្រែទេ គឺជួបជុំគ្នាជាក្រុម ហើយច្រៀងលេងសប្បាយ។ បទចម្រៀងទាំងនោះហាក់ដូចជាជំនួសពាក្យសម្តីរបស់ខ្លួនដើម្បីរៀបរាប់ពីជីវភាពប្រចាំថ្ងៃ ចែករំលែកភាពរីករាយ ទុក្ខព្រួយ សេចក្តីស្រឡាញ់រវាងបុរសនិងនារី រួមទាំងមនោសញ្ចេតនារបស់បងប្អូនសាច់ញាត្តិជិតឆ្ងាយដែលបានជួបជុំគ្នា។ តាមនោះ ផ្សាភ្ជាប់សហគមន៍ បង្កើតទីលានលេងវប្បធម៌ និងសិល្បៈសម្រាប់ប្រជាជន បន្ទាប់ពីថ្ងៃហត់នឿយពីការងារស្រែចំការនិងធ្វើឱ្យស្មារតីរបស់អ្នករាល់គ្នាស្រស់ស្រាយ”។
ការច្រៀង Pao Dung នៅកណ្តាលវាលរបស់ក្រុមជនជាតិយ៉ាវក្រហម (រូបថតផ្តល់ដោយអាជ្ញាធរមូលដ្ឋានក្នុងខេត្ត Cao Bang) |
ជនជាតិយ៉ាវចូលចិត្តច្រៀង។ រាល់ជំហាន រាល់ថ្ងៃទៅស្រែចំការ រាល់ភាពរីករាយ និងទុក្ខសោក តែងបង្ហើររជាចម្រៀងបំពេរកូនរបស់អ្នកម្តាយ ជាវាចាររបស់កូនកូនប្រុស ឬកូនស្រី សេចក្តីប្រៀនប្រដៅរបស់ជីដូនជីតា ឪពុកម្តាយ...។ ទំនុកច្រៀងត្រូវបានច្រៀង ដើម្បីរំសាយភាពនឿយហត់ ទុក្ខសោកទាំងឡាយ ដើម្បីឲ្យជីវិតកាន់តែមានអត្ថន័យ។ ពោលគឺ Pao Dung បានជួយឲ្យគេមានជីវិតប្រកបដោយសុទិដ្ឋិនិយម ការស្រឡាញ់ជីវិត ស្រឡាញ់មាតុភូមិប្រទេស ស្រឡាញ់ការងារ យល់អំពីក្រមសីលធម៌...។
លក្ខណៈពិសេសនៃការច្រៀង Pao Dung ឆ្លើយឆ្លងស្នេហារគឺ ទំនុកច្រៀងកើតចេញពីការមិនព្រៀងទុកមុន នៅនឹងកន្លែង ដែលបង្ហាញពីទេពកោសល្យនិពន្ធរបស់អ្នកចម្រៀង។ លោក Ban Dao Pu អនុប្រធានសហគមន៍ជនជាតិយ៉ាវក្រហម ឃុំ Phan Thanh ស្រុក Nguyen Binh ខេត្ត Cao Bang បានឲ្យដឹងថា៖ “និយាយពីការច្រៀងរបស់ក្រុមជនជាតិយ៉ាវក្រហម មានបទជាច្រើនដែលមានអត្ថន័យខុសៗគ្នា។ ចម្រៀងសាសងស្នេហ៍ គឺតាមទំនៀមទម្លាប់បុរាណនៃការឆ្លើយតប ដូចជាសំណួរ និងចម្លើយ។ ឧទាហរណ៍ មនុស្សជួបគ្នានៅតាមផ្លូវ ហើយសួរថាអ្នកទៅណា រួចច្រៀងឡើងវិញ ហើយសួរម្តងទៀតថា តើអ្នកនឹងទៅណា ហើយកំពុងធ្វើអ្វី ក៏ទៅជាចម្រៀងដែរ”។
ប្រការពិសេសរបស់ចម្រៀង Pao Dung គឺអាចមានប្រភេទ និងខ្លឹមសារដូចគ្នា ប៉ុន្តែអំបូយ៉ាវនីមួយៗមានទឹកដមសំឡេង និងទម្រង់នៃការបញ្ចេញមតិរៀងៗខ្លួន ដែលធ្វើឲ្យសម្បូរបែបដល់ឃ្លាំងបទចម្រៀងប្រជា ប្រិយរបស់ជនជាតិយ៉ាវ។ ឃ្លាពាក្យពេចចម្រៀងសម្បូរទៅដោយរូបភាព ហើយប្រើពាក្យប្រៀបធៀបនិងពាក្យប្រដូចជាច្រើន។
រជាជនឈរនៅមុខផ្ទះសហគមន៍ជនជាតិយ៉ាវក្រហម (រូបថតផ្តល់ដោយអាជ្ញាធរមូលដ្ឋានក្នុងខេត្ត Cao Bang) |
អ្នកស្រីPhung Mui Vien ជនជាតិយ៉ាវក្រហម នៅឃុំ Phan Thanh ស្រុក Nguyen Binh ខេត្ត Cao Bang បានឲ្យដឹងថា៖ “ពេលទំនេរពីការងារ ប្រជាជនមានពេលសម្រាក គេនៅតែច្រៀងបាន។ ជាឧទាហរណ៍ ការច្រៀងសាសងគ្នាទៅវិញទៅមករវាងបុរស និងនារី។ ពួកគេបានច្រៀងឆ្លើយឆ្លងគ្នាអំពីជីវភាពប្រចំាថ្ងៃនិងវប្បធម៌របស់ជនជាតិយ៉ាវក្រហម។ គេចែកជាក្រុមដើម្បីច្រៀង ដូចជា បុរសជាមួយបុរស ស្ត្រីជាមួយស្ត្រី ឬទាំងបុរស និងស្ត្រី។ ពួកគេបានស្លៀកឈុតសម្លៀកបំពាក់ប្រពៃណីជនជាតិទៅច្រៀង”។
ជាមួយនឹងតម្លៃពិសេស នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៤ ចម្រៀង Pao Dung របស់ប្រជាជនជនជាតិយ៉ាវនៅខេត្ត Ha Giang ត្រូវបានក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ដាក់បញ្ចូលក្នុងបញ្ជីរាយនាមបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ។ សម្រាប់ជនជាតិយ៉ាវ Pao Dungតែងតែត្រូវបានរក្សាទុកដូចជាកំណប់។ ឆ្លងកាត់រយៈពេលដ៏យូរមកហើយ រហូតមកដល់ពេលនេះ បណ្តាទំនុកចម្រៀង Pao Dung នៅតែត្រូវបានរក្សាទុកនិងអភិវឌ្ឍតាមរយៈច្រើនជំនាន់នៃក្រុមជនជាតិភាគតិចយ៉ាវផងដែរ៕