ក្រុមជួយសង្គ្រោះនគរបាលវៀតណាមរួមជាមួយកម្លាំងប្រទេសសាមីបញ្ជូនសាកសពចំនួន ៤នាក់ចេញពីគំនរបាក់បែក

(VOVWORLD) - រីឯភាគីទួរគីវិញ ការងារជួយសង្គ្រោះកំពុងប្រព្រឹត្តទៅជាបន្ទាន់។ បុគ្គលិកជួយសង្គ្រោះជាង ៣២ ០០០នាក់ របស់ទួរគីកំពុងធ្វើការជីកគាស់កកាយតាមគំនរបាក់បែកយ៉ាងសកម្ម ដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិត។
ក្រុមជួយសង្គ្រោះនគរបាលវៀតណាមរួមជាមួយកម្លាំងប្រទេសសាមីបញ្ជូនសាកសពចំនួន ៤នាក់ចេញពីគំនរបាក់បែក - ảnh 1សកម្មភាពជួយសង្គ្រោះ

គិតត្រឹមម៉ោង ១៤ (ម៉ោង UTC) កាលពីថ្ងៃទី ១៣ ខែកុម្ភៈ ចំនួនមនុស្សស្លាប់សរុបដោយការរញ្ជួយដីនៅទួរគី និងស៊ីរីបានកើនឡើងជាង ៣៧ ០០០ នាក់។ នៅទួរគី សម្ព័ន្ធសហគ្រាស និងអាជីវកម្មនៃប្រទេសនេះបានប៉ាន់ប្រមាណថាការខូចខាតដែលបណ្តាលមកពីការរញ្ជួយដីអាចឡើងជាង ៨៤ ពាន់លានដុល្លារអាមេរិក។

កាលពីថ្ងៃទី ១៣ ខែកុម្ភៈ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានឲ្យដឹងថា ប្រធានាធិបតីស៊ីរីលោក Bashar al-Assad បានយល់ព្រមអនុញ្ញាតឱ្យអង្គការសហប្រជាជាតិបញ្ជូនទំនិញឧត្ថម្ភទៅកាន់ស៊ីរីភាគពាយ័ព្យ ដែលគ្រប់គ្រងដោយភាគីប្រឆាំង តាមរយៈច្រកទ្វារព្រំដែនបំពេញបន្ថែមចំនួន ២ ពីទួរគីក្នុងរយៈពេល ៣ ខែ។

រីឯភាគីទួរគីវិញ ការងារជួយសង្គ្រោះកំពុងប្រព្រឹត្តទៅជាបន្ទាន់។ បុគ្គលិកជួយសង្គ្រោះជាង ៣២ ០០០នាក់ របស់ទួរគីកំពុងធ្វើការជីកគាស់កកាយតាមគំនរបាក់បែកយ៉ាងសកម្ម ដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិត។ ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះក៏មានការចូលរួមរបស់បុគ្គលិកជួយសង្គ្រោះអន្តរជាតិប្រមាណ ៨ ៣០០ នាក់។

កាលពីម្សិលមិញ ស្ថានទូតវៀតណាមប្រចាំនៅទួរគីបានទទួលស្វាគមន៍កម្មាភិបាល យុទ្ធជន និងកងទ័ពវៀតណាមចំនួន ៧៦ នាក់មកចូលរួមការងារជួយសង្គ្រោះ ហើយទាក់ទងជាមួយស្ថាប័នសន្តិសុខនៅប្រទេសសាមី ដើម្បីចាត់វិធានការធានាសុវត្ថិភាពជូនក្រុមការងារវៀតណាម។

សូមបញ្ជាក់ដែរថា នាបច្ចុប្បន្ននេះ មិនទាន់មានព័ត៌មានអំពីពលរដ្ឋវៀតណាមត្រូវស្លាប់ ឬរងរបួសក្នុងគ្រោះរញ្ជួយដីឡើយ។

នាថ្ងៃទី ១៣ កុម្ភៈ នៅទីតាំងជួយសង្គ្រោះលេខ ២៨០១ ផ្លូវ Yeni Sanayi ទីក្រុង Adiyaman (ទួរគី) កងកម្លាំងជួយសង្គ្រោះនៃក្រសួងនគរបាលវៀតណាមបាន ដាក់ពង្រាយឧបករណ៍រាវរកដោយប្រើរ៉ាដាដើម្បីស្វែងរកជនរងគ្រោះ ហើយបានរកឃើញសាកសពជនរងគ្រោះចំនួន ៤នាក់ ដែលត្រូវកប់ក្រោមគំនរបាក់បែក។ ក្រុមជួយសង្គ្រោះនៃក្រសួងនគរបាលវៀតណាមបានសម្របសម្រួលជាមួយអង្គភាពនៃប្រទេសសាមីពន្លឿនល្បឿនស្វែងរកជនរងគ្រោះ។

មុននេះ នៅផ្លូវលេខ ៥៣១ Adiyaman Merkez ទីក្រុង Adiyaman កងកម្លាំងជួយសង្គ្រោះនៃក្រសួងនគរបាលវៀតណាមបានសម្របសម្រួលជាមួយក្រុមជួយសង្គ្រោះនៃកងទ័ពប៉ាគីស្ថានជួយសង្គ្រោះអាយុជីវិតយុវជនអាយុ ១៤ ឆ្នាំ ម្នាក់ ហើយបានបញ្ជូនសាកសពចំនួន ២ នាក់ ចេញពីគំនរបាក់បែក។ ទន្ទឹងនឹងនេះ តំណាងក្រុមនគរបាលវៀតណាមបានប្រគល់ឧបករណ៍សុខាភិបាលចំនួន ២ តោនដល់ភាគីទួរគីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ