កងកម្លាំងរក្សាសន្តិភាពនៃ CSTO ចាប់ផ្តើមដកខ្លួនចេញពីកាហ្សាក់ស្ថាន
(VOVWORLD) - នៅថ្ងៃទី ១៣ ខែមករា ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា កម្លាំងរក្សាសន្តិភាពប្រហែល ២.០០០ នាក់នៃអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO) បានចាប់ផ្តើម ដកខ្លួនចេញពីកាហ្សាក់ស្ថាន។
ទាហានរុស្ស៊ី ឡើងយន្តហោះទៅកាន់ប្រទេសកាហ្សាក់ស្ថាន កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២២។ (រូបថត៖ THX/TTXVN) |
កងកម្លាំងនេះត្រូវបានដាក់ពង្រាយ ទៅកាន់ប្រទេសកាហ្សាក់ស្ថានក្នុងក្របខណ្ឌនៃ CSTO ដើម្បីជួយឲ្យប្រទេសសមាជិកមួយនេះ ស្តារសណ្តាប់ ធ្នាប់ឡើងវិញ បន្ទាប់ពីការធ្វើបាតុកម្មហិង្សា។
លោក ឧត្តមសេនីយ Andrei Serdyukov របស់ប្រទេសរុស្ស៊ី និងជាមេបញ្ជាការកងកម្លាំងរក្សាសន្តិភាពរបស់ CSTO ដែលបានដាក់ពង្រាយនៅប្រទេសកាហ្សាក់ស្ថានចាប់តាំងពីថ្ងៃទី៦ ខែមករា បានប្រកាសថា ប្រតិបត្តិការរក្សាសន្តិភាពបានបញ្ចប់ហើយ ភារកិច្ចក៏ត្រូវបានបំពេញរួចរាល់ដែរ។ ក្នុងពេលជាមួយគ្នានោះ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា កងកម្លាំងរក្សាសន្តិភាពសមូហភាព CSTO កំពុងចាប់ផ្តើមរៀបចំសម្ភារនិងឧបករណ៍ ដើម្បីផ្ទេរឡើងយន្តហោះដឹកជញ្ជូនយោធានៃកងកម្លាំងអាកាសយានិករុស្ស៊ី និងវិលត្រឡប់ទៅមូលដ្ឋានទ័ពវិញ៕