កិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីលើកកំពស់សមត្ថភាពនៃការកំណត់អត្តសញ្ញាណអដ្ឋិធាតុក្នុងសង្គ្រាម
(VOVWORLD) - ផែនការនេះបានដាក់មូលដ្ឋានគ្រឹះសម្រាប់ការអនុវត្តបច្ចេសទេសពិនិត្យ DNA ជំនាន់ថ្មី ដើម្បីកំណត់អត្តសញ្ញាណជនបាត់ខ្លួនក្នុងសង្គ្រាមក្នុងទ្រង់ទ្រាយធំ។
នាព្រឹកថ្ងៃទី ៣១ តុលា នៅទីក្រុងហាណូយ បណ្ឌិត្យសភាវិទ្យាសាស្ត្រ និងបច្ចេក វិទ្យាវៀតណាម សហការជាមួយគណៈកម្មាធិការអន្តរជាតិទទួលបន្ទុកជនបាត់ខ្លួន (ICMP) បានចុះហត្ថលេខាលើផែនការលើកកំពស់សមត្ថភាពកំណត់អត្តសញ្ញាណអដ្ឋិធាតុក្នុងសម័យសង្គ្រាម។ ចូលរួមក្នុងពិធីនេះ មានតំណាងស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាលវៀតណាម ការិយាល័យស្រាវជ្រាវជនបាត់ខ្លួនវៀតណាម (MIA) នាយកដ្ឋានទទួលបន្ទុកជនមានគុណូបការៈ (ក្រសួងការងារ-យុទ្ធជនពិការ និងសង្គមកិច្ច) វិទ្យាស្ថានកោសល្យវិច្ច័យយោធា (ក្រសួងការពារជាតិ) និងវិទ្យាស្ថានកោសល្យវិច្ច័យជាតិ (ក្រសួងសុខាភិបាល)។
ថ្លែងមតិក្នុងពិធីនេះ សាស្ត្រាចារ្យបណ្ឌិត Chu Hoang Ha អនុប្រធានបណ្ឌិត្យសភាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាមបានឲ្យដឹងថា មជ្ឈមណ្ឌលពិនិត្យ DNA នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម ត្រូវបានទទួលស្គាល់ដោយស្ថាប័នអាជ្ញាធរវៀតណាមកំណត់ជាអង្គភាពទទួលបន្ទុក ការអនុវត្តសកម្មភាព សហប្រតិបត្តិការអន្តរជាតិ ក្នុងវិស័យកំណត់អត្តសញ្ញាណអដ្ឋិធាតុក្នុងសម័យសង្គ្រាម។ ផែនការអនុវត្តដែលបានចុះហត្ថលេខារវាងបណ្ឌិត្យសភាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម និងគណៈកម្មាធិការអន្តរជាតិស្តីពីជនបាត់ខ្លួន (ICMP) ក្នុងទិសដៅ បង្កើនប្រសិទ្ធភាពបច្ចេកវិទ្យាដើម្បីបំបែក DNA ពីគំរូឆ្អឹងបុរាណ ដោយអភិវឌ្ឍន៍បច្ចេកទេសវិភាគ បច្ចេកទេសជំនាន់ថ្មី (NGS) ដើម្បីកំណត់អត្តសញ្ញាណជនបាត់ខ្លួនក្នុងសង្គ្រាមក្នុងទ្រង់ទ្រាយធំ គឺសមស្របនឹងលក្ខខណ្ឌនៃអង្គភាពពិនិត្យ DNA នៅវៀតណាមក្នុងដំណាក់កាលបច្ចុប្បន្ន។
សាស្ត្រាចារ្យរង បណ្ឌិត Phi Quyet Tien នាយករងវិទ្យាស្ថានជីវបច្ចេកវិទ្យា តំណាងបណ្ឌិតសភាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម រួមជាមួយលោក Patrick White នាយកប្រតិបត្តិនៃកម្មវិធី ICMP តំណាងឲ្យ ICMP បានចុះហត្ថលេខាលើផែនការអនុវត្តន៍ ដែលមានសុពលភាពដល់ឆ្នាំ ២០២៤ នៅមជ្ឈមណ្ឌលធ្វើតេស្ត DNA នៅសង្កាត់ Co Nhue នៃទីក្រុងហាណូយ។
សូមគូសបញ្ជាក់ថា ផែនការនេះបានដាក់មូលដ្ឋានគ្រឹះសម្រាប់ការអនុវត្តបច្ចេសទេសពិនិត្យ DNA ជំនាន់ថ្មី ដើម្បីកំណត់អត្តសញ្ញាណជនបាត់ខ្លួនក្នុងសង្គ្រាមក្នុងទ្រង់ទ្រាយធំ។ តាមរយៈផែនការអនុវត្តនេះ គណៈកម្មាធិការអន្តរជាតិទទទួលបន្ទុកជនបាត់ខ្លួន (ICMP) សង្ឃឹមថា នឹងរួមចំណែកជួយដល់ទីភ្នាក់ងារពាក់ព័ន្ធរបស់វៀតណាមក្នុងការស្វែងរកអ្នកដែលបាត់ខ្លួនក្នុងសង្គ្រាម៕