កូរ៉េខាងត្បូងនិងចិនប្រឆាំងជំទាស់នាយករដ្ឋមន្ត្រីជប៉ុនប្រគល់គ្រឿងដង្វាយទៅកាន់ទីសក្ការៈបូជា Yasukuni
(VOVWORLD) - ចិនបានចេញសេចក្ដីប្រកាស ហើយបានបង្ហាញពីជំហររបស់ខ្លួនយ៉ាងច្បាស់លាស់ ចំពោះសកម្មភាពរបស់អ្នកនយោបាយជប៉ុន ពាក់ព័ន្ធនឹងទីសក្ការៈបូជា Yasukuni។
ទីសក្ការៈបូជា Yasukuni ។ រូបថត៖ ក្យូដូ/VNA |
កាលពីម្សិលមិញ ក្រសួងការបរទេសកូរ៉េខាងត្បូងបានចេញសេចក្តីថ្លែងការណ៍មួយដោយសម្តែងការសោកស្តាយ បន្ទាប់ពីអ្នកនយោបាយជប៉ុនបានបញ្ជូនគ្រឿងដង្វាយ ឬ ធ្វើទស្សនកិច្ចទៅកាន់ទីសក្ការៈបូជា Yasukuni ។ ក្នុងសន្និសីទសារព័ត៌មាននាថ្ងៃដដែលក្នុងទីក្រុងប៉េកាំង អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានឲ្យដឹងថា ចិនបានចេញសេចក្ដីប្រកាស ហើយបានបង្ហាញពីជំហររបស់ខ្លួនយ៉ាងច្បាស់លាស់ ចំពោះសកម្មភាពរបស់អ្នកនយោបាយជប៉ុន ពាក់ព័ន្ធនឹងទីសក្ការៈបូជា Yasukuni។ លោកបាននិយាយថា ចិនបានផ្ញើកំណត់ទូតប្រឆាំងជំទាស់ទៅកាន់ជប៉ុន។
មុននោះ នាថ្ងៃដដែល នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានបញ្ជូនគ្រឿងតង្វាយទៅកាន់ទីសក្ការៈបូជា Yasukuni ខណៈពេលដែលរដ្ឋមន្ត្រីសន្តិសុខសេដ្ឋកិច្ច លោក Sanae Takaichi និងអ្នកនយោបាយជប៉ុនមួយចំនួនទៀតបានទៅទស្សនាទីសក្ការៈបូជានេះ។
ទីសក្ការៈបូជា Yasukuni ស្ថិតនៅកណ្តាលទីក្រុងតូក្យូ ជាទីសក្ការៈបូជាប្រជាជនជប៉ុនចំនួន ២,៥ លាននាក់ ដែលបានស្លាប់ក្នុងសង្គ្រាមលោកលើកទី ២ ក្នុងនោះមានឧក្រិដ្ឋជនសង្រ្គាមចំនួន ១៤ នាក់។ កូរ៉េខាងត្បូង និងប្រទេសជិតខាងផ្សេងទៀតរបស់ជប៉ុន តែងតែចាត់ទុកទីសក្ការៈបូជានេះជានិមិត្តរូបនៃលទ្ធិយោធានិយមជប៉ុនក្នុងសតវត្សរិ៍ទី ២០ ផងដែរ៕