ក្រសួងនគរបាលវៀតណាមសកម្មចូលរួមដោះស្រាយរាល់បញ្ហាសកល
(VOVWORLD) - លោករដ្ឋមន្ត្រី Luong Tam Quang បានសង្កត់ធ្ងន់លើគោលនយោបាយឥតងាករេរបស់វៀតណាមក្នុងការគាំទ្រមជ្ឈភាពរបស់អង្គការសហប្រជាជាតិក្នុងប្រព័ន្ធអភិបាលកិច្ចសកល ជាពិសេសក្នុងការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ។
រដ្ឋមន្ត្រីនគរបាលវៀតណាមលោក Luong Tam Quang បានអះអាងដូច្នេះ ក្នុងជំនួបជាមួយលោកស្រី Pauline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម (រូបថត៖ bocongan.gov.vn) |
កងកម្លាំងនគរបាលវៀតណាមជានិច្ចកាល ហើយ ត្រៀមខ្លួនជាស្រេចចូលរួមដោះស្រាយបញ្ហាសកល។ រដ្ឋមន្ត្រីនគរបាលវៀតណាមលោក Luong Tam Quang បានអះអាងដូច្នេះ ក្នុងជំនួបជាមួយលោកស្រី Pauline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម កាលពីរសៀលថ្ងៃទី ១៨ កក្កដានៅទីក្រុងហាណូយ។
នៅក្នុងជំនួបនេះ លោករដ្ឋមន្ត្រី Luong Tam Quang បានសង្កត់ធ្ងន់លើគោលនយោបាយឥតងាករេរបស់វៀតណាមក្នុងការគាំទ្រមជ្ឈភាពរបស់អង្គការសហប្រជាជាតិក្នុងប្រព័ន្ធអភិបាលកិច្ចសកល ជាពិសេសក្នុងការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ។ លោករដ្ឋមន្ត្រី Luong Tam Quang បានឲ្យដឹងថា ចាប់ពីឆ្នាំ២០២២ មក ក្រសួងនគរបាលវៀតណាមបានបញ្ជូនក្រុមការងារចំនួន ៤ រួមមាននាយទាហានចំនួន ១១ នាក់ទៅបំពេញបេសកកម្មថែរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិនៅស្ថានបេសកកម្ម UNMISS នៅស៊ូដង់ខាងត្បូង និងស្ថានបេសកកម្ម UNISFA (តំបន់ Abyei ); បញ្ជូននាយទាហានម្នាក់បម្រើការនៅការិយាល័យប៉ូលីស នាយកដ្ឋានប្រតិបត្តិការសន្តិភាពនៃអង្គការសហប្រជាជាតិ។ លើសពីនេះ នាខែមករាឆ្នាំនេះ ក្រសួងនគរបាលបានបង្កើត និងដាក់ឱ្យដំណើរការអង្គភាព ប៉ូលីស រក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ លេខ១។ លើសពីនេះ ក្រសួងនគរបាលក៏បានសម្របសម្រួលជាប្រចាំ និងជិតស្និទ្ធជាមួយទីភ្នាក់ងារផ្សេងទៀតនៃអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម ក្នុងការជំរុញសមភាពយេនឌ័រ។
អំពីកិច្ចសហប្រតិបត្តិការនាពេលខាងមុខ លោករដ្ឋមន្ត្រី Luong Tam Quang បានស្នើឱ្យលោកស្រី Pauline Tamesis បន្តបង្កលក្ខណៈងាយស្រួលដល់កិច្ចសហប្រតិបត្តិការរវាងទីភ្នាក់ងារអង្គការសហប្រជាជាតិ និងក្រសួងនគរបាលវៀតណាម ក្នុងនោះផ្ដោតសំខាន់លើការជួយឧបត្ថម្ភសម្ភារៈ និងលើកកំពស់សមត្ថភាពទប់ស្កាត់ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន សម្រាប់ក្រសួងនគរបាល។
ជាការឆ្លើយតប លោកស្រី Pauline Tamesis បានសន្យាថានឹងបន្តជួយឧបត្ថម្ភក្រសួងក្នុងការអនុវត្តន៍សកម្មភាពបណ្តុះបណ្តាល ហ្វឹកហ្វឺននាយទាហាននគរបាលដែលចូលរួមកម្លាំងរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ ក៏ដូចជាជំរុញកម្មវិធីសហប្រតិបត្តិការរវាងក្រសួងនគរបាលវៀតណាម និងទីភ្នាក់ងារនានានៃអង្គការសហប្រជាជាតិផងដែរ៕