កសាងដំណោះស្រាយលោតផ្លោះដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនិងធានាសុវត្ថិភាពចរាចរណ៍
(VOVWORLD) - បន្តរបៀបវារៈសម័យប្រជុំលើកទី៥ រដ្ឋសភាវៀតណាមនីតិកាលទី១៤ នាថ្ងៃទី៤ មិថុនា រដ្ឋសភាបានបើកសម័យប្រជុំសួរដេញដោលនិងឆ្លើយការសួរដេញដោលចំពោះរដ្ឋមន្រ្តីក្រសួងគមនាគមន៍ដឹកជញ្ជូនលោក Nguyen Van The និងរដ្ឋមន្រ្តីក្រសួងធនធាននិងបរិស្ថានលោក Tran Hong Ha។ សម័យប្រជុំនេះត្រូវបានផ្សាយដោយផ្ទាល់តាមរយៈរលកធាតុអាកាសទូរទស្សន៍និងវិទ្យុសម្លេង ដើម្បីអ្នកបោះឆ្នោតនិងប្រជាជនតាមដាន។
រដ្ឋមន្រ្តីក្រសួងគមនាគមន៍ដឹកជញ្ជូនលោក Nguyen Van The (រូបថត៖ tuoitre.vn) |
នាពេលព្រឹក រដ្ឋមន្រ្តីក្រសួងគមនាគមន៍ដឹកជញ្ជូនលោក Nguyen Van The បានឆ្លើយសំណួររបស់សមាជិកសភាស្ដីពីដំណោះស្រាយកែលំអហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ កិច្ចការធានាសណ្ដាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ ពិសេសគឺនៅទីក្រុងធំៗ ក៏ដូចជាដំណោះស្រាយចំពោះបញ្ហានៅសេសសល់ក្នុងគម្រោងការណ៍គមនាគមន៍ដែលបានវិនិយោគតាមរូបសណ្ឋាន BOT។ រដ្ឋមន្រ្តីលោក Nguyen Van The ឲ្យដឹងថា នាពេលកន្លងទៅ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ត្រូវបានយកចិត្តទុកដាក់វិនិយោគឲ្យទទួលបានស្ដង់ដារតំបន់និងអន្តរជាតិ រួមចំណែកបង្កើតឡើងមុខមាត់ថ្មីសំរាប់ប្រទេសជាតិ ក៏ដូចជាតភ្ជាប់តំបន់នានាក្នុងប្រទេសជាមួយអន្តរជាតិផងដែរ។
“វិស័យគមនាគមន៍ដឹកជញ្ជូនបានខិតខំប្រឹងប្រែងកសាងហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ដោយព្រមៗគ្នាតាមការបញ្ជាណែនាំរបស់បក្ស រដ្ឋាភិបាល ប៉ុន្តែរហូតមកដល់ពេលនេះ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍របស់វៀតណាមនៅមានកំហិតនិងភាពអន់ខ្សោយជាច្រើន។ យើងខ្ញុំគិតថា ត្រូវមានដំណោះស្រាយដ៏លោតផ្លោះដើម្បីជំនះពុះពារលើបញ្ហានេះ។ ក្រៅពីប្រភពទុនរបស់រដ្ឋ និងទុនកម្ចី យើងខ្ញុំកំពុងជំរុញខ្លាំងការធ្វើសង្គមភាវូបនីយកម្មនូវការវិនិយោគតាមរូបសណ្ឋាន BOT។ គោលជំហរអភិវឌ្ឍតាមរូបសណ្ឋាន BOT ជាគោលជំហរត្រឹមត្រូវមួយ ហើយសមស្របនឹងស្ថានភាពជាក់ស្ដែង ឆ្លើយតបនឹងតម្រូវការនាបច្ចុប្បន្ន”៕