ជម្លោះក្នុងប្រទេសស៊ូដង់៖ ការប្រយុទ្ធគ្នាយ៉ាងសាហាវនៅទីក្រុង Al-Fasher
(VOVWORLD) - ការប្រយុទ្ធគ្នាយ៉ាងសាហាវបានកើតឡើងកាលពីថ្ងៃទី ១៤ ខែកញ្ញានៅក្នុងទីក្រុង Al-Fashir រវាងកងទ័ពស៊ូដង់ (SAF) និងកងកម្លាំង RSF។
RSF បានឡោមព័ទ្ធទីក្រុង Al-Fasher តាំងពីខែឧសភាមក ប៉ុន្តែការប្រយុទ្ធគ្នាក្នុងរយៈពេល ១០ ថ្ងៃកន្លងទៅ គឺមិនធ្លាប់មានតាំងពីមុនមកទេ។ RSF បានវាយប្រហារទីក្រុងពីភាគខាងជើង ខាងកើត និងខាងត្បូង។ កងទ័ពស៊ូដង់បានអះអាងថា បានរុញថយក្រោយការវាយលុករួចហើយ ប៉ុន្តែ RSF បាននិយាយថា ពួកគេបានទន្ទ្រានកាន់កាប់ទីតាំងយោធានៅ Al-Fasher។ Al-Fasher គឺជាទីក្រុងចុងក្រោយនៅក្នុងតំបន់ Darfur នៅភាគខាងលិចប្រទេសស៊ូដង់ ដែលមិនទាន់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ RSF ឡើយ។
ផ្សារមួយនៅ Al-Fasher បានឆេះបន្ទាប់ពីការវាយប្រហាររបស់ RSF ។ រូបថត៖ AFP |
ចំនួនអ្នកស្លាប់ដោយសារការប្រយុទ្ធគ្នានៅទីក្រុង Al-Fasher នាប៉ុន្មានថ្ងៃថ្មីៗនេះ មិនទាន់ត្រូវបានបញ្ជាក់នៅឡើយ។ ខណៈដែលចំនួនប្រជាជនស៊ូដង់ដែលបានស្លាប់ដោយសារតែជម្លោះតាំងពីខែមេសាឆ្នាំមុន ត្រូវបានប៉ាន់ស្មានឡើងរហូតដល់ ១៥ ម៉ឺននាក់។ យោងតាមអង្គការសហប្រជាជាតិ ជម្លោះនៅស៊ូដង់បានបណ្តាលឱ្យមនុស្សប្រហែល ៨ លាននាក់ត្រូវភៀសខ្លួននៅក្នុងប្រទេស ខណៈដែលប្រជាជន ២ លាននាក់ផ្សេងទៀតបានភៀសខ្លួនទៅកាន់ប្រទេសជិតខាង ហើយមនុស្សជាង ២៥ លាននាក់កំពុងប្រឈមមុខនឹងការខ្វះខាតស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ៕