ទិសដៅច្បាស់លាស់ពីសារសហព័ន្ធ របស់ប្រធានាធីបតីរុស្ស៊ី លោក V.Putin
(VOVWORLD) - នាថ្ងៃទី ២០ ខែកុម្ភៈ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានថ្លែងសារសហព័ន្ធលើកទី ១៥ នៅពេលដែល អាណត្តិទី៤របស់លោកនឹងជិតបញ្ចប់ឆ្នាំដំបូង។
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin |
ឆ្នាំនេះ សារប្រចាំឆ្នាំរបស់លោក Putin ត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែនេះគឺជាការវាយតម្លៃនិងបូកសរុប ចំពោះឆ្នាំដំបូងនៃអាណត្តិទី៤ កាន់តំណែងជាប្រធានាធិបតីរបស់លោកដោយមានការប្តេជ្ញាបង្កើតជំហាន អភិវឌ្ឍដ៏លោតផ្លោះ ដើម្បីនាំប្រទេសរុស្ស៊ីមានអំណាចខ្លាំងក្លាឡើងវិញ។
ចំណុចសំខាន់ៗដំបូងនៃសារសហព័ន្ធឆ្នាំ ២០១៩ នេះ លោក V.Putin បានអះអាងថាបញ្ហាក្នុងប្រទេសគឺជាខ្លឹមសារសំខាន់បំផុត។ គោលដៅគឺនាំប្រទេសរុស្ស៊ីឆ្ពោះទៅមុខ និងកែលម្អជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងនោះផ្តោតសំខាន់លើការធានាលំនៅដ្ឋាន ការជួយឧបត្ថម្ភសម្រាលកូន និងការធានាថែទាំសុខភាពនៅតំបន់ឆ្ងាយដាច់ស្រយាល និងអភិវឌ្ឍន៍តម្លៃវប្បធម៌ជាដើម។
អំពីវិស័យសេដ្ឋកិច្ច ថ្នាក់ដឹកនាំរុស្ស៊ីបានកំណត់ភារកិច្ចដែលសម្រេចឲ្យបានកំណើនសេដ្ឋកិច្ច ៣% នៅឆ្នាំ ២០២១។ រីឯ វិទ្យាសាស្រ្តនិងបច្ចេកវិទ្យាក៏ជាវិស័យត្រៀមលក្ខណៈសំរាប់ជំហាននាពេលខាងមុខផងដែរ។ ទន្ទឹមនឹងនេះការ វិនិយោគសម្រេចបាន ៦-៧% នាឆ្នាំ២០២០ ។ រហូតមកដល់ឆ្នាំ២០២៥ រុស្ស៊ីនឹងត្រូវស្ថិតនៅក្នុងបញ្ជីនៃបណ្តាប្រទេសជួរមុខនៅលើពិភពលោកស្តីអំពីបច្ចេកវិទ្យា ហ្សែន និងព័ត៌មានផងដែរ ។
ទាក់ទងនឹងវិស័យកិច្ចការបរទេស លោក Putin ក៏បានផ្តោតសំខាន់លើទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសជិតខាង ដូចជា ប្រទេសបេឡារុស្ស និងអ៊ុយក្រែន។ ទន្ទឹមនឹងនេះ លោកក៏បានសង្កត់ធ្ងន់ថា រុស្ស៊ីនឹងបន្តប្រកាន់ខ្ជាប់តាមគោលនយោបាយបើកចំហរយ៉ាងទំលំទូលាយ ព្រមទាំងធានាអធិបតេយ្យភាពនិងឯករាជ្យភាពរបស់ប្រទេសជាតិផងដែរ។ ទំនាក់ទំនងជាមួយចិន ឥណ្ឌា និង ជប៉ុន គឺជាទិសដៅសំខាន់ៗ។ លោក Putin បានអះអាងថាកំពុងបន្តស្វែងវិធី ចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពជាមួយទីក្រុងតូក្យូ។ ម្យ៉ាងវិញទៀត លោកPutin ក៏សង្ឃឹមថា សហភាពអឺរ៉ុបនឹងអនុវត្តរាល់ជំហានជាក់ស្តែង ដើម្បីស្ដារឡើងវិញនូវទំនាក់ទំនងសេដ្ឋកិច្ចនិងនយោបាយធម្មតាជាមួយរុស្ស៊ីផងដែរ។ ខ្លឹមសារនៃគោលនយោបាយកិច្ចការរបរទេសរបស់រុស្ស៊ីបានផ្សាយសារមួយ ដែលបញ្ជាក់ថាប្រទេសរុស្ស៊ីត្រៀមខ្លួនជាស្រេចក្នុងការធ្វើសន្ទនា និងសហប្រតិបត្តិការដោយឈរលើមូលដ្ឋានសមភាព និងការគោរពគ្នាទៅវិញទៅមក។
ក្នុងសារដោយឡែករបស់សហភព័ន្ធឆ្នាំ ២០១៩នោះ ប្រធានាធិបតីរុស្ស៊ី លោក Putin បានប្រសាសន៍អំពីបញ្ហាប្រឈមដ៏ធំបំផុតចំពោះប្រទេសរុស្ស៊ី គឺជាទំនាក់ទំនងជាមួយអាមេរិក និងធានាសមត្ថភាពការពារក្នុងបរិបទនៃសន្ធិសញ្ញាស្តីពីកម្លាំងនុយក្លេអ៊ែររយៈចម្ងាយធម្យម (INF) ពិតជាបានឈប់ធ្វើសកម្មភាពរួចហើយ។ រុស្ស៊ីតែង តែងតែមានគោលបំណងចង់កសាងទំនាក់ទំនងសមភាព រួសរាយរាក់ទាក់ និងពេញលេញជាមួយអាមេរិកព្រមទាំងត្រៀមខ្លួនរួចជាស្រេចខណៈដែលដៃគូនេះ ក៏បង្ហាញពីការត្រៀមខ្លួនជា ស្រេចដូចគ្នាផងដែរ។
លោក Putin បានបញ្ចប់សារលិខិតសហព័ន្ធឆ្នាំនេះ ដោយមានការផ្តល់ព័ត៌មានថ្មីៗបំផុត អំពីអាវុធទំនើបៗរបស់រុស្ស៊ី។ ក៏ប៉ុន្តែ ប្រធានាធិបតីរូបនេះក៏បានសង្កត់ធ្ងន់ជាថ្មីម្តងទៀតថា អាវុធរបស់រុស្ស៊ីគឺដើម្បីធានាអធិបតេយ្យភាព និងបូរណភាពទឹកដី ព្រមទាំងឆ្លើយតបទៅនឹងរាល់ការគំរាមកំហែងណាមួយដល់សន្តិសុខរបស់ប្រទេសជាតិ ពោលគឺមានន័យថាការពារប្រជាជនរុស្ស៊ីផងដែរ៕