ទំហំពាណិជ្ជកម្មរវាងវៀតណាម-ឡាវ មានការរីកចម្រើនក្នុងរយៈពេល៧ខែដើមឆ្នាំ
(VOVWORLD) - គិតត្រឹមដំណាច់ខែកក្កដា ឆ្នាំ២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងឡាវ សម្រេចបានចំនួនជិត ៩៤៩លានដុល្លារអាមេរិក កើនឡើងជាង ២៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
សកម្មភាពផ្លាស់ប្តូរសេដ្ឋកិច្ច ក៏ដូចជាការធ្វើដំណើរ ការនាំចូល និងនាំចេញទំនិញ និងកម្លាំងពលកម្ម រវាងវៀតណាម និងឡាវមានលក្ខណៈអំណោយផលជាច្រើន។ (រូបភាព៖ congthuong.vn) |
ការកើនឡើងនេះ គឺដោយសារតែកំណើននៃការនាំចេញទំនិញរបស់វៀតណាមទៅកាន់ទីផ្សារឡាវ (សម្រេចបានជិត ៥៨៦លានដុល្លារ កើនឡើងជាង ៤៨%)។ មុខទំនិញនាំចេញសំខាន់ៗរបស់វៀតណាមទៅកាន់ឡាវ រួមមានប្រេងសាំង បន្លែ និងផ្លែឈើ។ ដោយឡែកក្នុងខែកក្កដា ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរសម្រេចបានជិត ១២៥ លានដុល្លារអាមេរិក កើនឡើងជាង ៥៤% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលក្នុងនោះតម្លៃនៃការនាំចេញរបស់វៀតណាមទៅកាន់ឡាវ សម្រេចបានជាង ៥៣ លានដុល្លារ ដោយមានការនាំចេញបន្លែ និងប្រេងកើនឡើងយ៉ាងខ្លាំង។
តាមការព្យារករណ៍ ក្នុងខែសីហា តម្លៃនៃការនាំចេញរបស់វៀតណាមទៅកាន់ទីផ្សារឡាវនឹងបន្តកើនឡើង ដោយសារខឿនសេដ្ឋកិច្ចឡាវមានស្ថិរភាពឡើងវិញ តម្លៃប្រេងសាំងនៅលើទីផ្សារពិភពលោកកំពុងបន្ថយកំដៅជាបណ្តើរៗ ហើយសហគ្រាសវៀតណាមកាន់តែច្រើនបានមកតភ្ជាប់ពាណិជ្ជកម្មនៅឡាវ៕