បង់ក្លាដែស៖ នាយករដ្ឋមន្ត្រី​ថ្មី ​លោក M. Yunus អំពាវនាវ​ឲ្យ​មានការ​កសាង​ប្រទេស​ជាតិ​

(VOVWORLD) - នាថ្ងៃទី ៧ ខែសីហា លោក Muhammad Yunus ដែលត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីថ្មី ដើម្បីដឹកនាំរដ្ឋាភិបាលបណ្តោះអាសន្ននៃប្រទេសបង់ក្លាដែស បានអំពាវនាវឱ្យប្រជាជនរួបរួមគ្នា "កសាងប្រទេសជាតិ" ។ 

លោក Yunus ដែលបច្ចុប្បន្ននៅប្រទេសបារាំង បានអំពាវនាវឲ្យប្រជាជនរក្សាភាពស្ងប់ស្ងាត់ និងត្រៀមខ្លួនដើម្បីកសាងប្រទេសជាតិ; ដោយសង្កត់ធ្ងន់ថា ប្រសិនបើជ្រើសរើសអំពើហឹង្សា អ្វីៗទាំងអស់នឹងត្រូវបំផ្លិចបំផ្លាញ។ លោក Yunus ក៏បានឲ្យដឹងថា ការបោះឆ្នោតនឹងត្រូវបានធ្វើឡើងក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។ លោក Yunus បានធ្វើការអំពាវនាវខាងលើក្នុងបរិបទនៃបាតុកម្មហិង្សាក្នុងប្រទេសបង់ក្លាដែសនាប៉ុន្មានសប្តាហ៍កន្លងទៅ  បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៤៥៥ នាក់បានស្លាប់។ ប្រធានាធិបតីបានរំលាយរដ្ឋសភាកាលពីថ្ងៃទី៦ សីហា តាមសំណើរបស់មេដឹកនាំនិស្សិត និងគណបក្សជាតិនិយមបង់ក្លាដែស (BNP)។

បង់ក្លាដែស៖ នាយករដ្ឋមន្ត្រី​ថ្មី ​លោក M. Yunus អំពាវនាវ​ឲ្យ​មានការ​កសាង​ប្រទេស​ជាតិ​ - ảnh 1លោក Muhammad Yunus ត្រូវបានតែងតាំងជាប្រមុខរដ្ឋាភិបាលបណ្តោះអាសន្ននៃប្រទេសបង់ក្លាដែស នៅថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២៤។ រូបថត៖ The Print/TTXVN

លោក Yunus អាយុ ៨៤ ឆ្នាំគឺជាអ្នកត្រួសត្រាយផ្នែកមីក្រូហិរញ្ញវត្ថុ ដែលបានទទួលរង្វាន់សន្តិភាពក្នុងឆ្នាំ ២០០៦។ លោកបានទៅកាន់ប្រទេសបារាំងកាលពីដើមឆ្នាំនេះ ខណៈពេលដែលរង់ចាំការប្ដឹងជំទាស់លើការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៦ខែដោយតុលាការជាន់ទាប ទាក់ទងនឹងបញ្ហាការងារ។ កាលពីថ្ងៃទី ៧ សីហា តុលាការជាន់ខ្ពស់បានសម្រេចឲ្យលោករួចពីទោស។

ព្រួយបារម្ភចំពោះស្ថានភាពនៅបង់ក្លាដែស ក្រសួងការបរទេសបារាំងកាលពីថ្ងៃទី ៧ សីហា បានណែនាំឲ្យពលរដ្ឋរបស់ខ្លួន មិនធ្វើដំណើរទៅកាន់ប្រទេសអាស៊ីខាងត្បូងមួយនេះ។ ប្រទេសឥណ្ឌាបានជម្លៀសបុគ្គលិកមិនសំខាន់ទាំងអស់ និងក្រុមគ្រួសាររបស់ពួកគេចេញពីស្ថានទូត និងស្ថានកុងស៊ុលឥណ្ឌានៅក្នុងប្រទេសបង់ក្លាដែស។ នៅថ្ងៃដដែល ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា រួមទាំង Air India, Vistara និង IndiGo បានបន្តជើងហោះហើរទៅកាន់ទីក្រុង Dhaka បន្ទាប់ពីមានការរំខានរយៈពេលមួយថ្ងៃ។ ក្រុមហ៊ុនអាកាសចរណ៍នានាក៏កំពុងបង្កើតលក្ខខណ្ឌសម្រាប់អ្នកដំណើរក្នុងការរៀបចំកាលវិភាគឡើងវិញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ