ប្រទេសថៃបង្កើនសន្តិសុខសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៥
(VOVWORLD) - ប៉ូលីសថៃនឹងដាក់ពង្រាយកងកម្លាំងចំនួន ១ ម៉ឺននាក់ ដើម្បីធានាសន្តិសុខនិងគ្រប់គ្រងចរាចរណ៍ឲ្យបានរលូនសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៥ និងកិច្ចប្រជុំជាន់ខ្ពស់ពាក់ព័ន្ធមួយចំនួនទៀតដែលនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកាខាងមុខ។
ប៉ូលីសថៃនៅទីក្រុងបាងកក (រូបថត៖ AFP/TTXVN) |
នាថ្ងៃទី ១៦ ខែតុលា ថ្លែងទៅកាន់មជ្ឈដ្ឋានអ្នកសារព័ត៌មាន មេបញ្ជាការរង ប៉ូលីសជាតិថៃ លោក Suwat Chaengyodsuk បានឲ្យដឹងថា ប៉ូលីសបានត្រៀមខ្លួនរៀនចំវិធានការគ្រប់បែបយ៉ាង ដើម្បីរក្សាសណ្តាប់ធ្នាប់។ ប្រទេសថៃនឹងធ្វើសមយុទ្ធនានាដើម្បីទប់ទល់នឹងករណីជាគ្រាអាសន្ន ព្រមទាំងអនុវត្តការហាត់សម ដើម្បីធានាសន្តិសុខដល់ក្បួនរថយន្តដែលដឹកថ្នាក់ដឹកនាំផងដែរ។
គួរបញ្ជាក់ថាកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៥ មានការចូលរួមរបស់ថ្នាក់ដឹកនាំនៃប្រទេសសមាជិកអាស៊ានទាំង ១០ រួមទាំងប្រទេសចិន កូរ៉េខាងត្បូង ជប៉ុនសហរដ្ឋអាមេរិក អូស្ត្រាលី ញូវហ្សេឡែន ឥណ្ឌា និងអង្គការសហប្រជាជាតិ៕