ប្រធានាធិបតីនៃសាធារណរដ្ឋហ្គីណេ-ប៊ីស្សាមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម
(VOVWORLD) - នាយប់ថ្ងៃទី៥ ខែកញ្ញា ប្រធានាធិបតីនៃសាធារណរដ្ឋហ្គីណេ-ប៊ីស្សា លោក Umaro Sissoco Embaló និងភរិយាបានមកដល់ទីក្រុងហាណូយ ចាប់ផ្តើមបំពេញ ទស្សនកិច្ចផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៨ ខែកញ្ញា តបតាមការ អញ្ជើញរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋនៃ សាធារណរដ្ឋសង្គមនិយមវៀតណាមលោក តូ ឡឹម និងភរិយា។
ប្រធានាធិបតីនៃសាធារណរដ្ឋហ្គីណេ-ប៊ីស្សា លោក Umaro Sissoco Embaló និងភរិយានៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai ទីក្រុងហាណូយ។ (រូបថត៖ VNA) |
យោងតាមអ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានឲ្យដឹងថា នេះជាដំណើរទស្សនកិច្ចលើកដំបូងមកកាន់ប្រទេសវៀតណាម របស់ប្រធានាធិបតីហ្គីណេ-ប៊ីស្សា ចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនង ការទូតក្នុងឆ្នាំ ១៩៧៣។ ដំណើរទស្សនកិច្ចនេះគឺសំដៅបញ្ជាក់ពីការយកចិត្តទុកដាក់ របស់វៀតណាម ក្នុងការអភិវឌ្ឍទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយបណ្តាប្រទេស និងមិត្តភក្តិនៅទ្វីបអាហ្រ្វិក ក្នុងនោះមានហ្គីណេ-ប៊ីស្សាផងដែរ។ ដំណើរទស្សនកិច្ច នេះក៏សំដៅបង្កើតមូលដ្ឋានគ្រឹះដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យជាច្រើន រួមទាំងវិស័យសហប្រតិបត្តិការប្រពៃណីដូចជា នយោបាយ សេដ្ឋ កិច្ច ពាណិជ្ជកម្ម កសិកម្ម នេសាទ និងឧស្សាហកម្មកែច្នៃ; ទន្ទឹមនឹងនោះ ពង្រីកទៅវិស័យសហប្រតិបត្តិការថ្មីៗ ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធកំពង់ផែសមុទ្រ និងការរុករករ៉ែផងដែរ។
ក្នុងដំណើរទស្សនកិច្ចលើកនេះ ប្រធានាធិបតីហ្គីណេ-ប៊ីស្សា លោក Umaro Sissoco Embaló គ្រោងនឹងជួបពិភាក្សាការងារជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋវៀត ណាមលោក តូ ឡឹម; ជួបសវនាការជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ផ្សេងទៀតរបស់ វៀតណាម និងចូលរួមសកម្មភាពកិច្ចការបរទេសមួយចំនួនទៀត៕