ប្រធានរដ្ឋលោក Vo Van Thuong អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូត និងប្រធានស្ថាប័នតំណាងវៀតណាមប្រចាំនៅបរទេស
(VOVWORLD) - ចាប់តាំងពីខែតុលាឆ្នាំមុន ជាពេលវេលានៃដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់អគ្គលេខាបក្សលោក Nguyen Phu Trong ទៅកាន់ប្រទេសចិន វៀតណាមបានអនុវត្តន៍កម្មវិធីកិច្ចការបរទេសដ៏មានអត្ថន័យជាច្រើន ទាំងលើកម្រិតទ្វេភាគី និងពហុភាគី។
ប្រធានរដ្ឋលោក Vo Van Thuong អញ្ជើញថ្លែងមតិ (រូបថត៖ vna) |
នារសៀលថ្ងៃទី២០ ខែធ្នូ នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូត និងប្រធានស្ថាប័នតំណាងវៀតណាមប្រចាំនៅបរទេស ក្នុងឱកាសដែលឯកអគ្គរដ្ឋទូត និងប្រធានស្ថាប័នតំណាងវៀតណាមប្រចាំនៅបរទេសវិលត្រឡប់មកមាតុប្រទេសវិញ ដើម្បីចូលរួមសន្និសីទការទូតលើកទី៣២។
ក្នុងជំនួបនោះ លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា ចាប់តាំងពីខែតុលាឆ្នាំមុន ជាពេលវេលានៃដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់អគ្គលេខាបក្សលោក Nguyen Phu Trong ទៅកាន់ប្រទេសចិន វៀតណាមបានអនុវត្តន៍កម្មវិធីកិច្ចការបរទេសដ៏មានអត្ថន័យជាច្រើន ទាំងលើកម្រិតទ្វេភាគី និងពហុភាគី។ លើសពីនេះ វៀតណាមក៏បានតម្លើងកម្រិតទំនាក់ទំនងជាមួយដៃគូសំខាន់ៗមួយចំនួន រួមមានសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង (ក្នុងឆ្នាំ ២០២២)។ ប្រការទាំងអស់នេះបានបង្ហាញពីចក្ខុវិស័យ អាកប្បកិរិយា ទឹកចិត្តស្មោះស្ម័គ្រ និងស្មារតីនៃការរួមចំណែកជាវិជ្ជមានរបស់វៀតណាមចំពោះពិភពលោក។
ដោយមើលឃើញពីបរិបទនៃពិភពលោក និងស្ថានការណ៍ក្នុងស្រុក លោកប្រធានរដ្ឋបានស្នើឱ្យកម្មាភិបាលការទូតប្រកាន់យ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយការបរទេសរបស់ប្រទេសជាតិ ជាពិសេសគឺការបញ្ជាណែនាំដ៏ទូលំទូលាយរបស់អគ្គលេខាបក្សលោក Nguyen Phu Trong នៅក្នុងសន្និសីទការទូតលើកទី ៣២។ ទន្ទឹមនឹងនោះ កម្មាភិបាលការទូតត្រូវពង្រឹងទំនាក់ទំនងនយោបាយការបរទេសជាមួយប្រទេសផ្សេងទៀត ដោយចាត់ទុកការទូតសេដ្ឋកិច្ចជាកិច្ចការស្នូលក្នុងការពង្រីកសក្ដានុពល។ លោកប្រធានរដ្ឋក៏បានស្នើឲ្យកម្មាភិបាលការទូតយកចិត្តទុកដាក់អំពីការងារប្រជាអាណិកជននិងការការពារពលរដ្ឋវៀតណាមនៅបរទេស។ ជាពិសេស លោកប្រធានរដ្ឋបានមានប្រសាសន៍ថា កម្មាភិបាលទូតត្រូវមានទំនុកចិត្តលើមាគ៌ាអភិវឌ្ឍន៍របស់ប្រទេស ដោយហេតុនេះត្រូវលើកកម្ពស់ការាត្រិះរិះ ឋានៈស្មើគ្នាជាមួយពិភពលោក៕