ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ជួបសន្ទនាជាមួយប្រធានាធិបតីអាល្លឺម៉ង់លោក Frank-Walter Steinmeier

(VOVWORLD) - នារសៀលថ្ងៃទី ២៣ មករា នៅវិមានរដ្ឋសភា ទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានជួបសន្ទនាជាមួយប្រធានាធិបតីសាធារណៈរដ្ឋសហព័ន្ធអាល្លឺម៉ង់ លោក Frank-Walter Steinmeier ដែលកំពុងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម។

ក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអះអាងថា វៀតណាមមានបំណងចង់ជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយអាល្លឺម៉ង់ឱ្យកាន់តែស៊ីជម្រៅលើទាំងកម្រិតបក្ស រដ្ឋសភា រដ្ឋាភិបាល និងការផ្លាស់ប្តូរប្រជាជននិងប្រជាជន;សង្ឃឹមថាលោកប្រធានាធិបតី Frank-Walter Steinmeier នឹងបន្តគាំទ្រ និងលើកទឹកចិត្តសហគ្រាសអាល្លឺម៉ង់មកបណ្តាក់ទុន និងធ្វើអាជីវកម្មនៅវៀតណាម; ជួយឧបត្ថម្ភវៀតណាមក្នុងវិស័យបរិវត្តកម្មឌីជីថល ឬវិស័យដែលអាល្លឺម៉ង់មានប្រៀបខ្លាំងដូចជា ឧស្សាហកម្មធុនធ្ងន់ ថាមពល បរិក្ខាពេទ្យ ឱសថ និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។

លោកប្រធានរដ្ឋសភាសង្ឃឹមថា ប្រធានាធិបតី Frank-Walter Steinmeier នឹងគាំទ្ររដ្ឋសភាអាល្លឺម៉ង់ អនុម័តក្នុងពេលឆាប់ៗនេះលើកិច្ចព្រមព្រៀងការពារការវិនិយោគសហភាពអឺរ៉ុប-វៀតណាម (EVIPA) បើកឱកាសថ្មីសម្រាប់សហគ្រាសអាល្លឺម៉ង់បន្តពង្រីកការវិនិយោគ និងអាជីវកម្មនៅវៀតណាមប្រកបដោយជោគជ័យ។ វៀតណាមស្នើឲ្យ អាល្លឺម៉ង់ជួយឧបត្ថម្ភដើម្បីទទួលបានធនធានហិរញ្ញវត្ថុបៃតងពីក្រុមប្រទេសឧស្សាហកម្មឈានមុខគេទាំង ៧ (G7) និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ សម្ព័ន្ធក្រុមហ៊ុនឯកជនធំៗ ដើម្បីជួយវៀតណាមទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍសេដ្ឋកិច្ចបៃតងនិងប្រកបដោយចីរភាព ព្រមទាំងមានបំណងចង់ឲ្យ អាល្លឺម៉ង់នឹងចែករំលែកបទពិសោធន៍របស់ខ្លួនក្នុងការកសាងស្ថាប័ន ការបណ្តុះបណ្តាលធនធានមនុស្ស និងការផ្ទេរបច្ចេកវិទ្យាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ