ពិធីអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងអាហ្សង់ទីន និងវៀតណាម៖ បច្ចុប្បន្ននិងអនាគត
(VOVWORLD) - បន្តសកម្មភាពក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅអាហ្សង់ទីន នាថ្ងៃទី ២៥ មេសា តាមម៉ោងតំបន់ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញចូលរួមពិធីអបអរសាទរខួបលើកទី “៥០ឆ្នាំនៃទំនាក់ទំនងអាហ្សង់ទីន-វៀតណាម៖ បច្ចុប្បន្ន និងអនាគត” ដែលបានប្រារព្ធនៅវិមាន San Martin នៅទីក្រុង Buenos Aires។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញចូលរួមនិងថ្លែងមតិក្នុងពិធីអបអរសាទរខួបលើកទី “៥០ឆ្នាំនៃទំនាក់ទំនងអាហ្សង់ទីន-វៀតណាម៖ បច្ចុប្បន្ន និងអនាគត” (រូបថត៖ VOV) |
ក្នុងសុន្ទរកថារយៈពេល ៣០ នាទីនៅព្រឹត្តិការណ៍នេះ ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានលើកឡើងនូវបញ្ហាសំខាន់ៗចំនួនបី រួមមានៈ ស្ថានភាពពិភពលោក; ស្ថានភាពនិងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម; ចក្ខុវិស័យក្នុងទំនាក់ទំនងរវាងវៀតណាម និងអាមេរិកឡាទីនក្នុងរយៈពេល ១០ ឆ្នាំខាងមុខ។ លោកប្រធានរដ្ឋសភាបានលើកឡើងថា ក្នុងបរិបទដែលពិភពលោកត្រូវប្រឈមមុខនឹងបញ្ហាសាកល្បងជាច្រើននោះ វៀតណាមនៅតែប្រកាន់ខ្ជាប់ទស្សនៈមិនរើសភាគី ទេ គឺត្រូវជ្រើសរើសភាពត្រឹមត្រូវ ដោយផ្អែកលើច្បាប់អន្តរជាតិ។ ម្យ៉ាងវិញទៀត វៀតណាមតែងតែចូលរួមយ៉ាងសកម្មនិងលើកកំពស់តួនាទីរបស់ខ្លួនក្នុងយន្តការពហុភាគីក្នុងតំបន់ និងអន្តរជាតិ រួមចំណែកកសាងសណ្តាប់ធ្នាប់អន្តរជាតិប្រកបដោយសន្តិភាព និងស្ថិរភាព ដែលជាផលប្រយោជន៍ស្របច្បាប់របស់ប្រជាជនត្រូវបានធានា ឈរលើមូលដ្ឋានគោរពច្បាប់អន្តរជាតិនិងធម្មនុញអង្គការសហប្រជាជាតិ។
ជាមួយគ្នានោះ វៀតណាមតែងតែយកចិត្តទុកដាក់ និងមានបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមកជាមួយតំបន់អាមេរិកឡាទីន ដែលក្នុងនោះ យកចិត្តទុកដាក់យ៉ាងខ្លាំង និងមានបំណងចង់ពង្រឹងបន្ថែមទៀតនូវភាពជាដៃគូលើគ្រប់ជ្រុងជ្រោយជាមួយអាហ្សង់ទីន។ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អប្រសើររវាងប្រទេសទាំងពីរក្នុងរយៈពេល ៥០ ឆ្នាំកន្លងមក គឺជាមូលដ្ឋានគ្រឹះនាំទំនាក់ទំនងទ្វេភាគីទៅកាន់ដំណាក់កាលថ្មីនៃការអភិវឌ្ឍ ដោយមានទិដ្ឋភាពជាមូលដ្ឋានចំនួនបីគឺ នយោបាយ - ការទូត; សេដ្ឋកិច្ចនិងពាណិជ្ជកម្ម; វប្បធម៌ អប់រំ និងទេសចរណ៍។ ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា៖ “វិធីល្អបំផុតដើម្បីទស្សន៍ទាយអនាគតគឺយើងត្រូវបង្កើតវាជារូបរាង។ យើងសាកស្រមៃមើល កន្លះសតវត្សក្រោយ តើទំនាក់ទំនងរវាងវៀតណាម និងអាហ្សង់ទីន ទៅជាយ៉ាងណា? យើងត្រូវតែរួមគ្នាដើម្បីបង្កើតអនាគតនេះ។ នៅពេលដែលយើងសាមគ្គីគ្នា ឆន្ទៈរបស់យើងបានតាំងចិត្តដើម្បីជម្រះរាល់ឧបសគ្គសម្រាប់ឈានទៅដល់អនាគត។ យើងមានហេតុផលគ្រប់បែបយ៉ាងដើម្បីជឿជាក់ថា ប្រទេសទាំងពីរ និងតំបន់ទាំងពីរនឹងធ្វើកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ ជាក់ស្តែង យ៉ាងជិតស្និទ្ធ និងប្រកបដោយប្រសិទ្ធភាព លើមូលដ្ឋានគ្រឹះប្រវត្តិសាស្ត្រដែលមិនអាចកាត់ថ្លៃបាន រួមគ្នាដើម្បីបន្តសរសេរឡើងទំព័រប្រវត្តិសាស្ត្រថ្មីកាន់តែស្រស់បំព្រងរវាងប្រទេសទាំងពីរវៀតណាម-អាហ្សង់ទីនក្នុងសៀវភៅអំពីពិភពលោកក្នុងរយៈពេល ១០ ឆ្នាំ ឬក្នុងរយៈពេល ៥០ ឆ្នាំខាងមុខ”។
នាថ្ងៃដដែល ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការមួយចំនួន។ ក៏នាថ្ងៃទី ២៥ មេសា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូត និងសហគមន៍ជនវៀតណាមនៅអាហ្សង់ទីន នៅទីក្រុង Buenos Aires ផងដែរ៕