មេដឹកនាំបណ្តាប្រទេសបន្តអបអរសាទរលោក Donald Trump
(VOVWORLD) - បន្ទាប់ពីលោក Donald Trump បានទទួលជ័យជម្នះយ៉ាងលើសលប់នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០២៤ មេដឹកនាំនៃប្រទេសជាច្រើនបានអបអរសាទរ និងបង្ហាញពីបំណងចង់បន្តកិច្ចសហប្រតិបត្តិការ។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអបអរសាទរប្រធានាធិបតីជាប់ឆ្នោត Donald Trump ហើយបានសង្កត់ធ្ងន់ថា លោកជឿជាក់ថាកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិកនិងអង្គការសហប្រជាជាតិគឺជាសសរស្តម្ភសំខាន់នៃទំនាក់ទំនងអន្តរជាតិ។ លោក Guterres បានបញ្ជាក់ថា អង្គការសហប្រជាជាតិបានត្រៀមខ្លួនជាស្រេចដើម្បីធ្វើកិច្ចសហប្រតិបត្តិការដោយលក្ខណៈស្ថាបនា ជាមួយរដ្ឋបាលអាមេរិកនាពេលខាងមុខ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាដែលពិភពលោកកំពុងជួបប្រទះ។
នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំ នារសៀលថ្ងៃទី ៦ វិច្ឆិកា នៅទីក្រុងប៉េកាំង អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានសង្កត់ធ្ងន់ថា ទីក្រុងប៉េកាំងនឹងបន្តដោះស្រាយទំនាក់ទំនងជាមួយទីក្រុងវ៉ាស៊ីនតោន ដោយឈរលើមូលដ្ឋាននៃការរួមរស់ប្រកបដោយសន្តិភាពនិងកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍ទៅវិញទៅមក។
លោក Donald Trump នៅក្នុងយុទ្ធនាការឃោសនាការបោះឆ្នោតនៅមជ្ឈមណ្ឌលសន្និបាត Palm Beach ក្នុងក្រុង West Palm Beach រដ្ឋ Florida។ រូបថត៖ រ៉យទ័រ |
នាយករដ្ឋមន្ត្រីសិង្ហបុរី Lawrence Wong បានអបអរសាទរប្រធានាធិបតីជាប់ឆ្នោត Donald Trump ដោយបញ្ជាក់ពីការត្រៀមខ្លួនជាស្រេច សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាបាលថ្មីនៃសហរដ្ឋអាមេរិក ដើម្បីនាំទំនាក់ទំនងសហប្រតិបត្តិការរវាងសិង្ហបុរីនិងអាមេរិកឡើងដល់កម្ពស់ថ្មី។
មេដឹកនាំនៃប្រទេសមជ្ឈិមបូព៌ាជាច្រើនក៏បានអបអរសាទរចំពោះលោក Donald Trump ដែលបានជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកផងដែរ។ នៅក្នុងសារអបអរសាទរជ័យជម្នះទៅកាន់លោក Donald Trump នៅលើបណ្តាញសង្គម X នៅថ្ងៃទី ៦ ខែវិច្ឆិកា ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan បានបង្ហាញក្តីសង្ឃឹមថា ទំនាក់ទំនងទួរគីនិងអាមេរិកនឹងត្រូវបានពង្រឹងថែមទៀត នៅពេលដែលវិបត្តិនិងជម្លោះក្នុងតំបន់និងលើពិភពលោក នឹងបញ្ឈប់នៅពេលដែលលោក Trump វិលត្រឡប់ទៅដឹកនាំសហរដ្ឋអាមេរិកម្តងទៀត។
ទន្ទឹមនឹងនេះ ព្រះមហាក្សត្រ ហ្ស៊កដានី Abdullah II សង្ឃឹមថានឹងចូលរួមជាមួយលោក Donald Trump ក្នុងការជំរុញទំនាក់ទំនងភាពជាដៃគូយូរអង្វែងរវាងហ្ស៊កដានីនិងសហរដ្ឋអាមេរិក ដែលនាំមកនូវសន្តិភាព និងស្ថិរភាពដល់តំបន់និងពិភពលោក៕