រុស្ស៊ីបានប្រកាសថា មីស៊ីល ATACMS របស់អ៊ុយក្រែនចំនួន ៦ គ្រាប់បានវាយប្រហារលើខេត្ត Bryansk
(VOVWORLD) - យោងតាមទីភ្នាក់ងារសារព័ត៌មាន RIA Novosti ក្រសួងការពារជាតិរុស្ស៊ីកាលពីថ្ងៃទី ១៩ ខែវិច្ឆិកា បានឲ្យដឹងថា កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានបាញ់មីស៊ីលផ្លោង ATACMS ចំនួន ៦គ្រាប់ ដើម្បីវាយប្រហារលើតំបន់ Bryansk ។
ព័ត៌មានបង្ហាញថា នៅវេលាម៉ោង ០៣ និង ២៥ នាទី ថ្ងៃទី ១៩ ខែវិច្ឆិកា (តាមម៉ោងក្នុងស្រុក) អ៊ុយក្រែនបានវាយប្រហារដោយមីស៊ីលផ្លោងចំនួន ៦ គ្រាប់ សំដៅទៅលើទីតាំងមួយកន្លែងនៅក្នុងខេត្ត Bryansk ។ ទិន្នន័យបញ្ជាក់ថា មីស៊ីលយុទ្ធសាស្ត្រ ATACMS ដែលផលិតដោយអាមេរិកត្រូវបានប្រើប្រាស់ក្នុងការវាយប្រហារតាមអាកាសនេះ។
ប្រព័ន្ធមីស៊ីលយុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយរបស់សហរដ្ឋអាមេរិក - ATACMS ។ រូបថត៖ AFP/TTXVN |
ក្រសួងការពារជាតិរុស្ស៊ីក៏បានឲ្យដឹងថា ប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសនេះ បានបាញ់ទម្លាក់មីស៊ីលចំនួន ៥ គ្រាប់ និងធ្វើឱ្យខូចខាតដល់មីស៊ីលមួយគ្រាប់។ បំណែកមីស៊ីលបានធ្លាក់នៅលើតំបន់យោធាមួយក្នុងខេត្ត Bryansk បណ្តាលឱ្យមានភ្លើងឆេះ ប៉ុន្តែត្រូវបានពន្លត់ទាន់ពេលវេលា។ ការវាយប្រហារនេះ មិនបណ្តាលឲ្យមានអ្នករងរបួស ឬខូចខាតណាមួយឡើយ។ ទន្ទឹមនឹងនេះ សារព័ត៌មាន AP បានដកស្រង់សេចក្តីប្រកាសរបស់អ៊ុយក្រែនដែលនិយាយថា ខ្លួនបានវាយប្រហារលើឃ្លាំងអាវុធយោធានៅទីក្រុង Bryansk នាពេលយប់ ប៉ុន្តែមិនបានបញ្ជាក់ពីប្រភេទអាវុធដែលប្រើប្រាស់នេះទេ។
ការវាយប្រហារដោយមីស៊ីល ATACMS របស់កងទ័ពអ៊ុយក្រែន បានកើតឡើងត្រឹមតែ ២ ថ្ងៃ បន្ទាប់ពីមានដំណឹងថា រដ្ឋាភិបាលអាមេរិកបានដកបម្រាម ដែលអនុញ្ញាតឱ្យកងទ័ពអ៊ុយក្រែន ប្រើប្រាស់អាវុធវាយប្រហាររយៈចម្ងាយឆ្ងាយ ក្នុងកញ្ចប់ជំនួយរបស់អាមេរិក ដើម្បីវាយប្រហារយ៉ាងជ្រៅទៅក្នុងទឹកដីរុស្ស៊ី ហើយបានប្រព្រឹត្តិទៅនៅថ្ងៃតែមួយ ដែលប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានអនុម័តលើគោលលទ្ធិនុយក្លេអ៊ែរថ្មី៕