លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ កុំបណ្ដោយឲ្យប្រជាជនណាខ្វះអាហារ ទឹកស្អាត សម្លៀកបំពាក់ ឬទីជម្រកឡើយ

(VOVWORLD) - ថ្លែងមតិនៅកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអំពាវនាវឱ្យប្រទេសទាំងមូលរួមកម្លាំងកាយចិត្ត ដើម្បីជំនះពុះពារលើផលវិបាកនៃព្យុះទីហ្វុង Yagi។ 
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ កុំបណ្ដោយឲ្យប្រជាជនណាខ្វះអាហារ ទឹកស្អាត សម្លៀកបំពាក់ ឬទីជម្រកឡើយ - ảnh 1ទិដ្ឋភាពកិច្ចប្រជុំ។ (រូបថត៖ VOV)

នាព្រឹកថ្ងៃទី១៥ ខែកញ្ញា នៅទីស្នាក់ការរដ្ឋាភិបាលនៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំរវាងគណៈអចិន្រ្តៃយ៍រដ្ឋាភិបាលជាមួយបណ្តាមូលដ្ឋានដែលរងផលប៉ះពាល់ដោយព្យុះទីហ្វុង Yagi អំពីដំណោះស្រាយជំនះពុះពារលើផលវិបាក ជួយឧបត្ថម្ភប្រជាជននិងសហគ្រាសស្ដារស្ថិរភាពជីវភាពរស់នៅ ផលិតកម្ម និងអាជីវកម្មឡើងវិញ។ កិច្ចប្រជុំនេះត្រូវបានតភ្ជាប់តាមអ៊ីនធឺណិតទៅខេត្តក្រុងចំនួន ២៦ ដែលរងគ្រោះដោយព្យុះទីហ្វុង Yagi។ មុនពេលចាប់ផ្តើម អង្គប្រជុំបានចំណាយពេលមួយនាទីធ្វើស្មឹងស្មាធដើម្បីរំលឹកដល់ជនរងគ្រោះដែលបានស្លាប់ដោយសារខ្យល់ព្យុះ និងទឹកជំនន់។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ កុំបណ្ដោយឲ្យប្រជាជនណាខ្វះអាហារ ទឹកស្អាត សម្លៀកបំពាក់ ឬទីជម្រកឡើយ - ảnh 2លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ដឹកនាំកិច្ចប្រជុំ។ (រូបថត៖ VOV)

ថ្លែងមតិនៅកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអំពាវនាវឱ្យប្រទេសទាំងមូលរួមកម្លាំងកាយចិត្ត ដើម្បីជំនះពុះពារលើផលវិបាកនៃព្យុះទីហ្វុង Yagi។ លោកនាយករដ្ឋមន្ត្រីស្នើឲ្យប្រមូលកម្លាំងតាមរកអ្នកបាត់ខ្លួន; ព្យាបាលអ្នករងរបួស អ្នកជំងឺ និងរៀបចំបុណ្យសពសម្រាប់អ្នកស្លាប់; មានគោលនយោបាយសម្រាប់គ្រួសារដែលមានអ្នកស្លាប់ ឬអ្នករងរបួស; ពិនិត្យ ជួយឧបត្ថម្ភ និងផ្គត់ផ្គង់ស្បៀងអាហារ ទឹកស្អាត ធានាប្រភពរបស់របរប្រើប្រាស់ចាំបាច់ ដើម្បីរក្សាលំនឹងជីវភាពរបស់ប្រជាជន; ប្រមូលផ្តុំកម្លាំង ដើម្បីសម្អាត និងធានាអនាម័យបរិស្ថាន ការពារជំងឺរាតត្បាត; ជួសជុលគ្រឹះស្ថានសុខាភិបាលនិងអប់រំជាបន្ទាន់ ដើម្បីទទួលសិស្សានុសិស្សចូលសាលា; ធានាសុខុមាលភាពសង្គម មិនទុកនរណាម្នាក់នៅពីក្រោយឡើយ។

ពាក់ព័ន្ធនឹងការងារស្តារផលិតកម្ម និងអាជីវកម្មឡើងវិញ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យពិនិត្យ និងធ្វើស្ថិតិការខូចខាតរបស់បណ្ដាគ្រឹះស្ថានផលិតកម្ម និងអាជីវកម្ម ស្តារការដាំដុះ និងចិញ្ចឹមសត្វ ជួយទ្រទ្រង់ការស្តារប្រភេទសេវាកម្មនានា ក៏ដូចជាការស្តារផលិតកម្ម និងអាជីវកម្មឡើងវិញផងដែរ។

គិតត្រឹមម៉ោង ៦ ព្រឹកថ្ងៃទី ១៥ កញ្ញា មានមនុស្សស្លាប់ចំនួន ២៨១ នាក់ បាត់ខ្លួន ៦៧ នាក់ ក្នុងនោះធ្ងន់ធ្ងរបំផុតគឺ ខេត្ត Lao Cai ដែលមានមនុស្ស ១១៨ នាក់ស្លាប់ និង ៥០ នាក់បាត់ខ្លួន។ យោងតាមការប៉ាន់ប្រមាណរបស់ក្រសួងផែនការ និងវិនិយោគ ព្យុះទីហ្វុង Yagi ជំនន់ទឹកភ្លៀង ការបាក់ស្រុតដី និងការលិចលង់បានបង្កឡើងការខូចខាតខាងសម្ភារៈប្រហែល ៤០ ទ្រីលានដុង (ប្រហែល ១,៧ ពាន់លានដុល្លារអាមេរិក)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ