វៀតណាមតែងតែយកចិត្តទុកដាក់និងមានបំណងចង់លើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រជាមួយហ្វីលីពីន

(VOVWORLD) - វៀតណាមតែងតែយកចិត្តទុកដាក់ និងមានបំណងចង់ជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយហ្វីលីពីនឱ្យកាន់តែមានប្រសិទ្ធភាព និងជាក់ស្តែង។ 
វៀតណាមតែងតែយកចិត្តទុកដាក់និងមានបំណងចង់លើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រជាមួយហ្វីលីពីន - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលស្វាគមន៍រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Enrique Manalo (រូបថត៖ កាសែតប្រជាជន)

នេះជាការបញ្ជាក់អះអាងរបស់នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Enrique A. Manalo នារសៀលថ្ងៃទី២ ខែសីហា នៅទីស្នាក់ការរដ្ឋាភិបាល ក្នុងឱកាសដែលលោករដ្ឋមន្ត្រី Manalo មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម និងធ្វើជាសហប្រធាននៃសម័យប្រជុំលើកទី១០ គណៈកម្មាធិការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាម និងហ្វីលីពីន (JCBC-១០) បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ២ ខែសីហា។

ថ្លែងមតិក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានស្នើថា នាពេលខាងមុខ ភាគីទាំងពីររក្សាការសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីធានាវឌ្ឍនភាពនៃការអនុវត្តគោលដៅដែលបានដាក់ចេញនៅកិច្ចប្រជុំ JCBC-១០; ក្នុងនោះ ផ្តោតសំខាន់លើការបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់ ជំរុញសេដ្ឋកិច្ច-ពាណិជ្ជកម្ម បង្កើតបរិយាកាសធុរកិច្ច និងវិនិយោគប្រកបដោយអំណោយផលសម្រាប់អាជីវកម្មរបស់គ្នាទៅវិញទៅមក។ លើសពីនេះ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ-សន្តិសុខ ជាពិសេសកិច្ចសហប្រតិបត្តិការលើដែនសមុទ្រ និងបានគាំទ្រដល់ការបង្កើតក្របខ័ណ្ឌច្បាប់បន្ថែមទៀតសម្រាប់កិច្ចសហប្រតិបត្តិការសន្តិសុខរវាងប្រទេសទាំងពីរ។

ពិភាក្សាអំពីបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ទៅវិញទៅមក លោករដ្ឋមន្ត្រី Manalo បានយល់ស្របនឹងសំណើរបស់នាយករដ្ឋមន្ត្រី Pham Minh Chinh ដែលថា ប្រទេសទាំងពីរគួរតែបន្តពង្រឹងការពិគ្រោះយោបល់ និងគាំទ្រ គ្នាទៅវិញទៅមកនៅអង្គការអន្តរជាតិ វេទិកាអន្តរជាតិ និងតំបន់ ព្រមទាំងកិច្ចសហប្រតិបត្តិការដើម្បីលើកកម្ពស់ការដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។ ភាគីទាំងពីរក៏បានឯកភាពបន្តគាំទ្រគ្នាទៅវិញទៅមក រក្សាសាមគ្គីភាព និងតួនាទីស្នូលរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងការអនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅក្នុងតំបន់សមុទ្រខាងកើត (DOC) ក៏ដូចជាពន្លឿនការចរចាប្រកបដោយប្រសិទ្ធភាព និងខ្លឹមសារនៃក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ