វៀតណាមនិងសហរដ្ឋអាមេរិកសម្រេចបានជំហានលោតផ្លោះក្នុងកិច្ចសហប្រតិបត្តិការដើម្បីជំនះផលវិបាកនៃសង្គ្រាម
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសហរដ្ឋអាមេរិក តបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ Lloyd Austin នារសៀលថ្ងៃទី ៨ ខែកញ្ញា នៅស្ថានទូត វៀតណាមប្រចាំនៅទីក្រុង Washington DC នាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសជួបសន្ទនាតាមទូរស័ព្ទ ជាមួយលោក Patrick Leahy អតីតសមាជិកព្រឹទ្ធសភា អតីតប្រធានអចិន្ត្រៃយ៍ ប្រធានគណៈកម្មាធិការព្រឹទ្ធសភាសហរដ្ឋអាមេរិក។
ទិដ្ឋភាពនៃជំនួបសន្ទនាតាមទូរស័ព្ទ (រូបថត៖ Thu Trang/qdnd.vn) |
នាយឧត្តមសេនីយ៍ Phan Van Giang បានឲ្យដឹងថា នៅឆ្នាំ២០២៣ ក្រសួងការពារជាតិវៀតណាមនឹងផលិតភាពយន្តឯកសារដែលមានចំណងជើងថា “រឿងអច្ឆរិយៈ” ដើម្បីតបស្នងសង់គុណដល់ការរួមចំណែករបស់លោក Patrick Leahy ក្នុងទំនាក់ទំនងទ្វេភាគី រួមទាំងសកម្មភាពជំនះពុះពារ លើផលវិបាកនៃសង្គ្រាមនៅវៀតណាម។ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសង្កត់ធ្ងន់ថា វៀតណាមនិងអាមេរិកសម្រេចបានជំហានលោតផ្លោះគួរឲ្យកត់សម្គាល់ក្នុងវិស័យសហប្រតិបត្តិការ ដើម្បីជំនះ ពុះពារលើផលវិបាកនៃសង្គ្រាម។ លោកនាយឧត្តមសេនីយ៍ មានបំណងចង់បន្តទទួលបានការគាំទ្រពីសហរដ្ឋអាមេរិក ដោយផ្តល់អាទិភាពដល់ការពន្លឿនវឌ្ឍនភាពនៃគម្រោងព្យាបាលការបំពុលដោយឌីអុកស៊ីននៅតំបន់អាកាសយានដ្ឋាន Bien Hoa និងការកៀងគរធនធានដើម្បីជួយព្យាបាលរាល់ការបំពុលឌីអុកស៊ីតនៅទីនេះ គាំទ្រវៀតណាមក្នុងការជួសជុលដីដែលមានជាតិពុលឌីអុកស៊ីតនៅអាកាសយានដ្ឋាន Phu Cat; ជំនះពុះពារលើ ផលវិបាកនៃគ្រាប់បែកមិនទាន់ផ្ទុះ និងមីន។ ផ្តល់ព័ត៌មាន ឯកសារ និងឧបករណ៍គាំទ្រ និងបច្ចេកវិទ្យាធ្វើតេស្ត DNA ដើម្បីបម្រើដល់ការស្វែងរក និងការប្រមូលអដ្ឋិធាតុរបស់យុទ្ធជនវៀតណាម ដែលបានបាត់បង់ព័ត៌ មាន ឬបាត់ខ្លួនក្នុងសម័យសង្គ្រាម។
លោកនាយឧត្តមសេនីយ៍ Phan Van Giang ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទអនឡាញជាមួយលោក Patrick Leahy (រូបថត៖ Thu Trang/qdnd.vn) |
រីឯខ្លួនវិញ លោក Patrick Leahy បានឲ្យដឹងថា លោកនិងសមាជិកសភាអាមេរិកដទៃ តែងតែប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីរួមចំណែកដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសការរក្សា និងលើកកម្ពស់សកម្មភាពទាក់ទងនឹងការជំនះពុះពារលើផលវិបាកនៃសង្គ្រាម។ លោក Patrick Leahy សង្ឃឹមថា នាពេលខាងមុខ កិច្ចសហប្រតិបត្តិការក្នុងការជំនះពុះពារលើផលវិបាកនៃសង្គ្រាមនឹងបន្តជាមូលដ្ឋានគ្រឹះ ដើម្បីជំរុញការអភិវឌ្ឍកាន់តែរឹងមាំនៃទំនាក់ទំនងវៀតណាម-អាមេរិក រួមចំណែកជួយប្រទេសទាំងពីរសម្រេចបាននូវគោលដៅរួមស្តីពីសន្តិភាព និងវិបុលភាព។
ក្រោយការសន្ទនាតាមទូរស័ព្ទ នាយឧត្តមសេនីយ៍ លោកPhan Van Giang អញ្ជើញជួបសំណេះសំណាលជាមួយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក លោក Nguyen Quoc Dung និងកម្មាភិបាល និងបុគ្គលិកនៃស្ថានទូតផងដែរ៕