វៀតណាមបញ្ជាក់ឡើងវិញនូវកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយ WFP
(VOVWORLD) - នាថ្ងៃទី ៧ ខែធ្នូ នៅទីស្នាក់ការរបស់កម្មវិធីស្បៀងអាហារពិភពលោក (WFP) នៃអង្គការសហប្រជាជាតិនៅទីក្រុងរ៉ូម (អ៊ីតាលី) ឯកអគ្គរដ្ឋទូត និងជាតំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំ WFP លោក Duong Hai Hung បានប្រគល់លិខិតប្រគល់សិទ្ធិ ជូននាយកប្រតិបត្តិនៃ WFP លោក David Beasley។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ីតាលី លោក Duong Hai Hung (រូបថត៖ Truong Duy/TTXVN) |
ក្នុងជំនួប បន្ទាប់ពីពិធីប្រគល់លិខិតប្រគល់សិទ្ធិ លោក David Beasley បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងដំណើរការផ្លាស់ប្តូរថ្មី ជាពិសេសក្នុងការកាត់បន្ថយភាពក្រីក្រ សន្តិសុខស្បៀង និងការប្រែក្លាយពីប្រទេសទទួលជំនួយឱ្យក្លាយជាប្រទេសនាំចេញអង្ករ និងផលិតផលកសិកម្មដ៏សំខាន់នៅក្នុងពិភពលោក។ លោក David Beasley ជឿជាក់ថា វៀតណាមនឹងបន្តរួមចំណែកបន្ថែមទៀតតាមរយៈទម្រង់នៃការគាំទ្រផ្សេងៗ ជាពិសេសលើវិស័យដែលវៀតណាមមានប្រៀបខ្លាំងជាច្រើន ដូចជាការចែករំលែកបទពិសោធន៍ និងការផ្តល់ជំនួយបច្ចេកទេសដល់ប្រទេសដែលមានការអភិវឌ្ឍអនខ្សោយ។
រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Duong Hai Hung សង្ឃឹមថា WFP នឹងបន្តជួយឧបត្ថម្ភវៀតណាម លើកកំពស់សមត្ថភាពជាតិ ធានាសន្តិសុខស្បៀង និងអភិវឌ្ឍន៍ជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ជនបទ។ លោកឯកអគ្គរដ្ឋទូត Duong Hai Hung បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយ WFP និងទីភ្នាក់ងារផ្សេងទៀតរបស់អង្គការសហប្រជាជាតិក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ឆ្នាំ ២០៣០ របស់អង្គការសហប្រជាជាតិ ជាពិសេសក្នុងការលុបបំបាត់ភាពក្រីក្រនៅជុំវិញពិភពលោក៕