សញ្ញានៃការកាត់បន្ថយភាពតានតឹងក្នុងទំនាក់ទំនងអាមេរិក-អ៊ីស្រាអែល
(VOVWORLD) - កាលពីថ្ងៃទី ១៧ ខែកក្កដា ប្រធានាធិបតីអាមេរិក លោក Joe Biden បានប្រកាសយល់ព្រមជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅចុងឆ្នាំនេះនៅសហរដ្ឋអាមេរិក។
ប្រធានាធិបតីអាមេរិក លោក Joe Biden ។ រូបថត៖ AFP/ TTXVN |
សេចក្តីប្រកាសខាងលើត្រូវបាននាំចេញមួយថ្ងៃមុនដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអ៊ីស្រាអែលលោក Isaac Herzog ទៅកាន់អាមេរិក ដោយបង្ហាញថា លោកប្រធានាធិបតី Biden មានសញ្ញានៃការបន្ធូរបន្ថយភាពតានតឹងក្នុងទំនាក់ទំនងផ្ទាល់ខ្លួនរបស់លោកជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Netanyahu ដែលលោកតែងតែរិះគន់ថាមានជំហរតឹងរ៉ឹងពេក។
នៅក្នុងបទសម្ភាសន៍ដាច់ដោយឡែកមួយកាលពីថ្ងៃទី ១៧ កក្កដា អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby បានបញ្ជាក់ថា មេដឹកនាំអាមេរិក និងអ៊ីស្រាអែលបានយល់ព្រមជួបពិភាក្សាគ្នា។ លោក Kirby បានឲ្យដឹងថា ភាគីទាំងពីរនៅតែបន្តធ្វើការសម្របសម្រួលគ្នាដើម្បីឯកភាពគ្នាលើព័ត៌មានលម្អិត ពេលវេលា និងទីកន្លែងសម្រាប់កិច្ចប្រជុំ។
ទំនាក់ទំនងរវាងអាមេរិកនិងអ៊ីស្រាអែលមានភាពតានតឹងចាប់តាំងពីលោក Netanyahu វិលត្រឡប់មកឆាកយោបាយ និងបង្កើតរដ្ឋាភិបាលស្តាំនិយមកាលពីខែធ្នូឆ្នាំមុន។ ផែនការរបស់នាយករដ្ឋមន្ត្រី Netanyahu ធ្វើកំណែទម្រង់ប្រព័ន្ធតុលាការនិងបញ្ចូលតំបន់កាន់កាប់ខុសច្បាប់ក្នុងតំបន់ West Bank ទៅក្នុងទឹកដីអ៊ីស្រាអែល បានជួបប្រទះនឹងប្រតិកម្មចម្រុះពីសហរដ្ឋអាមេរិក និងប្រទេសជាច្រើនទៀត។ បន្ទាប់ពីឡើងកាន់អំណាចរយៈពេលជាងកន្លះឆ្នាំមក នាយករដ្ឋមន្ត្រី Netanyahu មិនទាន់ត្រូវបានអាមេរិកអញ្ជើញទៅសេតវិមាននៅឡើយទេ ដោយបង្ហាញពីភាពប្រេះឆាក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតនៅមជ្ឈិមបូព៌ា៕