អង្គការសហប្រជាជាតិ និងប្រទេសជាច្រើនសម្តែងការព្រួយបារម្ភអំពីភាពតានតឹងរវាងអ៊ីរ៉ង់និងអ៊ីស្រាអែល
(VOVWORLD) - អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នៅថ្ងៃទី ១៤ មេសា បានសម្តែងការព្រួយបារម្ភ បន្ទាប់ពីអ៊ីរ៉ង់បានបើកការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីស្រាអែល។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres។ (រូបថត៖ Xinhua/VNA) |
នៅក្នុងសេចក្តីថ្លែងការណ៍មួយ អគ្គលេខាធិការអង្គការសហប្រជាជាតិ "បានអំពាវនាវឱ្យគ្រប់ភាគីទាំងអស់ អនុវត្តការអត់ធ្មត់ជាអតិបរមា ដើម្បីចៀសវាងសកម្មភាពដែលនាំឱ្យមានការប្រឈមមុខដាក់គ្នាផ្នែកយោធាទ្រង់ទ្រាយធំ នៅលើសមរភូមិជាច្រើននៅមជ្ឈិមបូព៌ា"។
សេចក្តីប្រកាសពីបេសកកម្មអចិន្រ្តៃយ៍ម៉ាល់តា ដែលជាប្រទេសកាន់តំណែងជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានឲ្យដឹងថា ក្រុមប្រឹក្សានេះនឹងកោះហៅកិច្ចប្រជុំបន្ទាន់មួយនៅថ្ងៃទី ១៤ ខែមេសា (ម៉ោងនៅសហរដ្ឋអាមេរិក) ដើម្បីពិភាក្សាអំពីសកម្មភាពយោធានាពេលថ្មីៗនេះរបស់អ៊ីរ៉ង់ប្រឆាំងនឹងអ៊ីស្រាអែល។
មុននោះ ប្រធានាធិបតីអាមេរិក លោក Joe Biden កាលពីយប់ថ្ងៃទី ១៣ មេសា បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសការវាយប្រហាររបស់អ៊ីរ៉ង់លើអ៊ីស្រាអែល។ លោកប្រធានាធិបតី Biden បាននិយាយថា លោកបានពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ដើម្បីបញ្ជាក់ជាថ្មីនូវការសន្យាដ៏ខ្ជាប់ខ្ជួនរបស់អាមេរិកចំពោះសន្តិសុខរបស់អ៊ីស្រាអែល។ លោកប្រធានាធិបតី Biden ក៏បានប្រកាសថា នាថ្ងៃទី ១៤ ខែមេសា (ម៉ោងនៅសហរដ្ឋអាមេរិក) លោកនឹងកោះហៅប្រជុំជាមួយមេដឹកនាំនៃក្រុមប្រទេសមហាអំណាចឧស្សាហកម្ម (G៧) ដើម្បីពិចារណាលើការឆ្លើយតបផ្នែកការទូតទៅនឹងការវាយប្រហាររបស់អ៊ីរ៉ង់។
សេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើគេហទំព័ររបស់ក្រសួងការបរទេសចិននៅថ្ងៃទី ១៤ ខែមេសា បានសម្តែងការព្រួយបារម្ភយ៉ាងជ្រាលជ្រៅអំពីភាពតានតឹងកាន់តែកើនឡើង បន្ទាប់ពីសកម្មភាពយោធារបស់អ៊ីរ៉ង់ប្រឆាំងនឹងអ៊ីស្រាអែល ដោយអំពាវនាវឱ្យភាគីពាក់ព័ន្ធ អនុវត្តន៍ការអត់ធ្មត់ដើម្បីជៀសវាងការកើនឡើងនៃភាពតានតឹង។ ទីក្រុងប៉េកាំងក៏ចាត់ទុកដែរថា ភាពតានតឹងនេះគឺជា «ការកំពប់ប្រេង» នៃជម្លោះរវាងចលនាអ៊ីស្លាមហាម៉ាស និងអ៊ីស្រាអែល។ ដូច្នេះការបញ្ចប់ជម្លោះនោះគឺជា "អាទិភាពកំពូល"។
តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុប (EU) ទទួលបន្ទុកគោលនយោបាយសន្តិសុខ និងកិច្ចការបរទេស លោក Josep Borrell បាននិយាយថា ការវាយប្រហាររបស់អ៊ីរ៉ង់លើអ៊ីស្រាអែល គឺជា "ការកើនឡើងនៃភាពតានតឹងដែលមិនធ្លាប់មានពីមុនមក" ហើយ "គំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខក្នុងតំបន់" ។
បច្ចុប្បន្ននេះ ប្រទេសជិតខាងជាច្រើនរបស់អ៊ីស្រាអែល បានបិទដែនអាកាសរបស់ពួកគេ ដោយសារតែការព្រួយបារម្ភអំពីសុវត្ថិភាព រួមមានអ៊ីរ៉ាក់ ហ្ស៊កដានី និងអេហ្ស៊ីប។ បណ្តាប្រទេសក្នុងតំបន់ក៏បានសម្តែងការព្រួយបារម្ភអំពីហានិភ័យដែលជម្លោះអ៊ីរ៉ង់-អ៊ីស្រាអែល កើនឡើងទៅជាសង្រ្គាមពេញទំហឹងនៅមជ្ឈិមបូព៌ា ព្រមទាំងអំពាវនាវឱ្យភាគីទាំងអស់អនុវត្តការអត់ធ្មត់ កុំឱ្យស្ថានការណ៍កាន់តែតានតឹងឡើងផងដែរ៕