អាមេរិកជំរុញដំណោះស្រាយការទូតសម្រាប់ភាពតានតឹងអ៊ីស្រាអែល-ហេសបូឡា
(VOVWORLD) - រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin កាលពីថ្ងៃទី ២៥ ខែមិថុនា បានឲ្យដឹងថា ប្រទេសនេះកំពុងធ្វើការជាបន្ទាន់ឆ្ពោះទៅរកកិច្ចព្រមព្រៀងការទូត ដែលនឹងអនុញ្ញាតឱ្យជនស៊ីវិលអ៊ីស្រាអែល និងលីបង់ដែលរស់នៅតាមព្រំដែន វិលត្រឡប់ទៅស្រុកកំណើតវិញ។
សេចក្តីប្រកាសខាងលើត្រូវបានធ្វើឡើងដោយលោក Lloyd Austin ក្នុងជំនួបជាមួយសមភាគីអ៊ីស្រាអែល លោក Yoav Gallant កាលពីថ្ងៃទី ២៥ ខែមិថុនា នៅមន្ទីរបញ្ចកោណ ក្នុងទីក្រុងវ៉ាស៊ីនតោន។ យោងតាមរដ្ឋមន្ត្រីការពារជាតិអាមេរិក ការទូតគឺជាមធ្យោបាយដ៏ល្អបំផុត ដើម្បីទប់ស្កាត់ស្ថានភាពនាបច្ចុប្បន្ន។
ផ្សែងហុយឡើងបន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលទៅលើទីក្រុង Khiam ប្រទេសលីបង់ ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៤។ រូបថត៖ THX/TTXVN |
រីឯខ្លួនវិញ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល បានបញ្ជាក់ថា លោកកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ ប៉ុន្តែលោកក៏នឹងពិភាក្សាជាមួយសមភាគីគឺលោក Austin អំពីសមត្ថភាពត្រៀមខ្លួនរបស់កងទ័ពអ៊ីស្រាអែល ចំពោះគ្រប់កាលៈទេសៈដែលអាចកើតមានឡើង។ នៅថ្ងៃដដែលកាលពីថ្ងៃទី ២៥ ខែមិថុនា ដោយសំដៅទៅលើខ្សែបន្ទាត់បៃតង - បន្ទាត់កំណត់ព្រំដែនរវាងអ៊ីស្រាអែលនិងលីបង់ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី Annalena Baerbock បានព្រមានថា រាល់គ្រាប់មីស៊ីលដែលឆ្លងកាត់ខ្សែនេះ មានហានិភ័យនៃ "ការគណនាខុស" ដែលបង្កឲ្យមានសង្គ្រាមគ្រប់ជ្រុងជ្រោយរវាងអ៊ីស្រាអែល និងហេសបូឡានឹងកើនឡើង។ ដូច្នេះហើយលោកស្រីបានអំពាវនាវដល់គ្រប់ភាគីទាំងអស់ឲ្យមានការអត់ធ្មត់ជាអតិបរមា។
ភាពតានតឹងរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅក្នុងប្រទេសលីបង់ បានកើនឡើងចាប់តាំងពីការផ្ទុះឡើងនៃជម្លោះនៅតំបន់ហ្គាហ្សា កាលពីខែតុលាឆ្នាំមុន។ ថ្មីៗនេះ ភាគីទាំងពីរបានបង្កើនការវាយប្រហារលើគ្នាទៅវិញទៅមក ដោយបង្កើនការព្រួយបារម្ភអំពីសង្គ្រាមទ្រង់ទ្រាយធំ។ ក្នុងបរិបទនាបច្ចុប្បន្ន ប្រទេសជាច្រើនកំពុងពិចារណាជម្លៀសពលរដ្ឋរបស់ខ្លួនចេញពីប្រទេសលីបង់៕