អាមេរិក​រិះគន់​ការ​វាយ​ប្រហារ​លើ​បុគ្គលិក​មនុស្សធម៌​នៅ​តំបន់ហ្គាហ្សា

(VOVWORLD) - កាលពីថ្ងៃទី ៤ ខែមេសា ប្រធានាធិបតីអាមេរិកលោក Joe Biden បានជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ដើម្បីពិភាក្សាអំពីស្ថានភាពនៅតំបន់ហ្គាហ្សា។

នៅក្នុងកិច្ចសន្ទនានេះ លោកប្រធានាធិបតី Joe Biden បានសង្កត់ធ្ងន់ថា ការវាយប្រហារទៅលើបុគ្គលិកមនុស្សធម៌ និងស្ថានភាពមនុស្សធម៌ទូទៅនៅក្នុងតំបន់ហ្គាហ្សាគឺមិនអាចទទួលយកបានឡើយ។ លោកបានដាស់តឿនឱ្យអ៊ីស្រាអែលប្រកាសនិងអនុវត្តជំហានជាក់ស្តែងជាបន្តបន្ទាប់ ដើម្បីធានាសុវត្ថិភាពរបស់ជនស៊ីវិលនិងបុគ្គលិកមនុស្សធម៌។ លោក Biden បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងឈប់បាញ់ជាបន្ទាន់គឺចាំបាច់ដើម្បីរក្សាស្ថិរភាពនិងកែលម្អស្ថានភាពមនុស្សធម៌និងការពារជនស៊ីវិល ហើយបានអំពាវនាវឱ្យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលផ្តល់សិទ្ធិដល់មន្ត្រីចរចា ដើម្បីឈានដល់កិច្ចព្រមព្រៀងនាំយកចំណាប់ខ្មាំងមកផ្ទះវិញ។

អាមេរិក​រិះគន់​ការ​វាយ​ប្រហារ​លើ​បុគ្គលិក​មនុស្សធម៌​នៅ​តំបន់ហ្គាហ្សា - ảnh 1ផ្សែងនៃសង្គ្រាមកំពុងគ្របដណ្តប់លើតំបន់ហ្គាហ្សា។ រូបថត៖ PressTV

នាថ្ងៃដដែល ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងប្រទេសបែលហ្ស៊ិក ក្នុងពេលចូលរួមសន្និសីទរដ្ឋមន្ត្រីការបរទេសរបស់អង្គការ NATO រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ក៏បានសង្កត់ធ្ងន់ថា អាទិភាពខ្ពស់បំផុតនាពេលបច្ចុប្បន្ននៅតំបន់ហ្គាហ្សា គឺជាការការពារជនស៊ីវិល បង្កើនជំនួយមនុស្សធម៌ និងធានាសុវត្ថិភាពរបស់បុគ្គលិកមនុស្សធម៌ ហើយអ៊ីស្រាអែលត្រូវទទួលខុសត្រូវលើបញ្ហាទាំងនេះ។ ជាមួយគ្នានេះ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus នាថ្ងៃទី ៤ ខែមេសា បានឲ្យដឹងថា បច្ចុប្បន្ននេះមានមន្ទីរពេទ្យចំនួន ១០ ប៉ុណ្ណោះដែលនៅតែដំណើរការនៅក្នុងតំបន់ហ្គាហ្សា ខណៈដែលមកទល់ពេលនេះមនុស្សជាង ៣៣.០០០ នាក់បានស្លាប់ និងជិត ៨០.០០០ នាក់ផ្សេងទៀតបានរងរបួសនៅតំបន់ហ្គាហ្សា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ