អ៊ីរ៉ង់​បញ្ជាក់​ថា ​មីស៊ីលចំនួន ៩០% ​បាន​បាញ់ចំ​គោលដៅ​នៅ​អ៊ីស្រាអែល ខណៈដែលអ៊ីស្រាអែលបានព្រមាន​តបត​វិញ

(VOVWORLD) - កងឆ្មាំបដិវត្តន៍ឥស្លាមរបស់អ៊ីរ៉ង់ បានបញ្ជាក់ថា ការវាយប្រហារដោយមីស៊ីលទ្រង់ទ្រាយធំសំដៅទៅលើអ៊ីស្រាអែល កាលពីយប់ថ្ងៃទី១ ខែតុលា គឺជាជោគជ័យដ៏ត្រចះត្រចង់។ សេចក្តីប្រកាសមួយរបស់កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) បានបញ្ជាក់ថា ប្រហែល ៩០% នៃមីស៊ីលជាង ២០០ គ្រាប់ដែលបានបាញ់ មកលើអ៊ីស្រាអែល បានវាយប្រហារគោលដៅដែលបានគ្រោងទុក រួមទាំងមូលដ្ឋានយោធាចំនួនបីនៅជិតទីក្រុង Tel Aviv ផងដែរ។

ក្រសួងការបរទេសអ៊ីរ៉ង់បានចេញសេចក្តីប្រកាសមួយដោយសង្កត់ធ្ងន់ថា ការវាយឆ្មក់នេះ គ្រាន់តែវាយប្រហារទៅលើទីតាំងសន្តិសុខ និងយោធាក្នុងប្រទេសអ៊ីស្រាអែលប៉ុណ្ណោះ មិនមែនសំដៅទៅលើតំបន់លំនៅដ្ឋាននោះទេ។ នៅលើបណ្តាញសង្គម X ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានអះអាងថា ការវាយប្រហារនេះ គឺសំដៅឆ្លើយតបទៅនឹងការបង្ករឿងហេតុរបស់អ៊ីស្រាអែល ហើយសមស្របទៅនឹងសិទ្ធិស្របច្បាប់ និងគោលដៅបង្កើតសន្តិភាព សន្តិសុខក្នុងប្រទេសអ៊ីរ៉ង់ និងតំបន់ទាំងមូល។

អ៊ីរ៉ង់​បញ្ជាក់​ថា ​មីស៊ីលចំនួន ៩០% ​បាន​បាញ់ចំ​គោលដៅ​នៅ​អ៊ីស្រាអែល ខណៈដែលអ៊ីស្រាអែលបានព្រមាន​តបត​វិញ - ảnh 1មីស៊ីលរបស់អ៊ីរ៉ង់ បានឆ្លងផុតពីបណ្តាញ់ការពារដែនអាកាសរបស់អ៊ីស្រាអែល ។ រូបថត៖ AFP

ប្រតិកម្មចំពោះកាយវិការរបស់អ៊ីរ៉ង់ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រកាសថា អ៊ីស្រាអែលនឹងវាយប្រហារជាការឆ្លើយតប។ បើតាមនាយករដ្ឋមន្ត្រីអ៊ីស្រាអែលផងដែរ ការវាយប្រហាររបស់អ៊ីរ៉ង់មកលើប្រទេសនេះបានបរាជ័យទាំងស្រុង។ ក្នុងពេលនោះ វីដេអូឃ្លីបជាច្រើននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញថា មីស៊ីលរាប់សិបគ្រាប់របស់អ៊ីរ៉ង់ បានឆ្លងផុតពីបណ្តាញ់ការពារដែនអាកាសរបស់អ៊ីស្រាអែល ដោយបានធ្លាក់មកលើគោលដៅ និងបង្កឱ្យមានការផ្ទុះយ៉ាងខ្លាំង។ អ៊ីស្រាអែលមិនទាន់បានប្រកាសពីការវាយតម្លៃចុងក្រោយអំពីការខូចខាតដែលបណ្តាលមកពីការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់នៅយប់ថ្ងៃទី ១ ខែតុលានោះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ