អារ៉ាប៊ីសាអូឌីត និង UAE ប្រកាសថា OPEC+ មិនជ្រៀតជ្រែកទៅក្នុងកិច្ចការនយោបាយឡើយ
(VOVWORLD) - រដ្ឋមន្ត្រីថាមពល UAE លោក Suhail Al-Mazrouei បានប្រកាសថា ប្រទេសជាសមាជិក OPEC+ មិនប្រកាន់ខាងទេ ហើយក៏មិនបានវាយតម្លៃបញ្ហានយោបាយនោះទេ។
ទីស្នាក់ការ OPEC នៅទីក្រុងវីយែន ប្រទេសអូទ្រីស។ (រូបថត៖ AFP/TTXVN) |
នៅក្នុងសម័យពិភាក្សាជាក្រុមក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍មួយដែលបានប្រព្រឹត្តទៅនៅទីក្រុងឌូបៃ (UAE) នាថ្ងៃទី ២៩ ខែមីនា រដ្ឋមន្ត្រីថាមពលនៃប្រទេសអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាត់អារ៉ាប់រួម (UAE) បានសង្កត់ធ្ងន់ថា អង្គការបណ្ដាប្រទេសនាំចេញប្រេងរ៉ែ (OPEC) និងដៃគូ ឬបានហៅថា OPEC+ មិនជ្រៀតជ្រែកទៅក្នុងកិច្ចការនយោបាយទេ ហើយបានបដិសេធគំនិតដែលថា សម្ព័ន្ធភាពនេះអាចដំណើរការដោយគ្មានប្រទេសរុស្ស៊ី។
រដ្ឋមន្ត្រីថាមពល UAE លោក Suhail Al-Mazrouei បានប្រកាសថា ប្រទេសជាសមាជិក OPEC+ មិនប្រកាន់ខាងទេ ហើយក៏មិនបានវាយតម្លៃបញ្ហានយោបាយនោះទេ។ យោងតាមលោករូបនេះ OPEC+ មិនអាចជាប់បង្ខំឱ្យបណ្ដេញដៃគូមួយណារបស់ខ្លួនបានទេ ពីព្រោះប្រការនេះនឹងនាំមកនូវការឡើងជណ្តើរនៃតម្លៃប្រេងនៅទីផ្សារអន្តរជាតិ។
ក្នុងពេលជាមួយគ្នានោះ ធ្វើអត្ថាធិប្បាយអំពីជម្លោះរវាងរុស្ស៊ី-អ៊ុយក្រែន រដ្ឋមន្ត្រីថាមពលអារ៉ាប៊ីសាអូឌីត លោក Abdulaziz bin Salman បានឲ្យដឹងថា OPEC តែងតែទុកការខ្វែងគំនិតផ្នែកនយោបាយនៅមួយអន្លើ ហើយនៅពេលដែលរដ្ឋមន្ត្រីបណ្តាប្លុកជួបប្រជុំគ្នា រដ្ឋមន្ត្រី OPEC+ ផ្តោតតែលើផលប្រយោជន៍រួម និងមិនជ្រៀតជ្រែកទៅក្នុងបញ្ហានយោបាយឡើយ៕